ព័ត៌មានទាន់ហេតុការណ៍៖

ស្រវឹងស្រាខឹងគេមើលមុខយកដំបងឫស្សីវាយ និងយកដុំដ្មគុបគេឯង ត្រូវនគរបាលចាប់ខ្លួន

ចែករំលែក៖

ខេត្តកណ្ដាល៖ ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចចាប់ខ្លួន បន្ទាប់ពីផឹកស្រាស្រវឹង ខឹងគេមើលមុខយកដំបងឫស្សីវាយយុវជនម្នាក់ រួចក៏យកដុំថ្មទៅគុបគេឯងផ្សេងទៀត កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង១៥ និង១៥នាទី នៅចំណុចលើផ្លូវបេតុង ស្ថិតនៅភូមិឈើខ្មៅ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល ។

មន្រ្តីនគរបាលស្រុកកោះធំបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ធុយ សុភា ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ ។ ចំណែកជនរងគ្រោះចំនួន២នាក់ ទី១ ឈ្មោះ ហា សេងហ៊ឺ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ និងទី២-ឈ្មោះ សុក ជា ភេទប្រុស អាយុ ៦២ឆ្នាំ ជនជាតិខ្មែរ ។ ជនសង្ស័យ និងជនរងគ្រោះមានទីលំនៅភូមិឈើខ្មៅ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល ។

ប្រភពដដែលបន្តថា នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង១០ព្រឹក ជនសង្ស័យ និងមិត្តភក្ដិ០៣នាក់ បាននាំគ្នាផឹកស្រា រហូតដល់ម៉ោង១៤រសៀល ទើបបំបែកគ្នាទៅផ្ទះរៀងៗខ្លួន ។ចំណែកជនសង្ស័យ បានដើរទៅផ្ទះបងស្រីរបស់ខ្លួន នៅឯផ្លូវបេតុង ដើម្បីសុំលុយចំនួន២០០០រៀល ពីបងស្រី យកទៅទិញប្រេងសាំងចាក់ម៉ូតូជិះដើរលេង តែបងស្រីគេពុំឲ្យទេ ។ ជាហេតុធ្វើឲ្យជនសង្ស័យខឹងយ៉ាងខ្លាំង ខណៈនោះឃើញជនរងគ្រោះឈ្មោះ ហា សេងហ៊ឺ បានជិះ ម៉ូតូកាត់មុខផ្ទះក៏យកដំបងឫស្សីវាយទៅលើឈ្មោះ ហា សេងហ៊ឺ ដោយសារតែមើលមុខជនសង្ស័យ បណ្ដាលឲ្យត្រូវចំស្មា និងឆ្អឹងជំនីខាងឆ្វេង រួចឈ្មោះ ហា សេងហ៊ឺ ក៏ទុកម៉ូតូចោលរត់គេចខ្លួនទៅ ចំណែកជនសង្ស័យបានយកដំបងឫស្សីនោះវាយម៉ូតូជនរងគ្រោះទៀត ។

ក្រោយពីវាយម៉ូតូហើយ ជនសង្ស័យរូបនេះបានដើរទៅដល់ចំណុចមុខផ្ទះឈ្មោះ ឌុក ណន ដែលមានជនរងគ្រោះឈ្មោះ សុក ជា នៅអង្គុយពិភាក្សាគ្នាជាមួយអ្នកជិតខាង៤ទៅ៥នាក់ ក្នុងផ្ទះនោះ ស្រាប់តែជនសង្ស័យដដែលនេះ បានយកដុំថ្មគប់ចូលទៅក្នុងផ្ទះនោះ បណ្ដាលឲ្យត្រូវឈ្មោះ សុក ជា ចំស្មាខាងឆ្វេង និងករ បណ្ដាលឲ្យរងរបួសស្រាល(ហើមករ) រួចជនសង្ស័យបានដើរចូលទៅក្នុងផ្ទះឈ្មោះ ឌុក ណន ទៀតតែត្រូវម្ចាស់ផ្ទះឃាត់អូសដៃចចេញ ពេលនោះជនសង្ស័យ ធុយ សុភា ក៏ដើរបន្តទៅផ្ទះវិញពុំទាន់ដល់ផង ក៏ត្រូវបានកម្លាំងនគរបាលប៉ុស្ដិ៍ឈើខ្មៅមកដល់ចាប់ឃាត់ខ្លួនបញ្ជូនមកកាន់អធិការដ្ឋាន នគរបាលស្រុកកោះធំតែម្ដង ។

បច្ចុប្បន្នជនសង្ស័យ រួមនិងវត្ថុតាងដូចចាប់យកខាងលើ ត្រូវបានឃាត់ទុកនៅអធិការដ្ឋាន ដើម្បីចាត់ការបន្តតាមនីតិវិធី ៕ ស្អាងជ័យ


ចែករំលែក៖