ព័ត៌មានទាន់ហេតុការណ៍៖

ស្រវឹងស្រាជោកជាំ បើករថយន្តទៅបុករះរទេះ ម៉ូតូមួយគ្រឿងរងរបួសធ្ងន់ស្រាល៤នាក់

ចែករំលែក៖

ភ្នំពេញ ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយបុរសម្នាក់ស្រវឹងជោកជាំបានបើករថយន្តរេពេញផ្លូវជ្រុលទៅរទេះលក់គុយទាវកំពុងតែឈប់លក់តាមចិញ្ចើមផ្លូវបណ្តាលឲ្យទឹកស៊ុបស្រោចលើស្ត្រីជាអ្នកលក់គុយទាវរងរបួសធ្ងន់ និងខ្ទាតត្រូវបុរសម្នាក់ដែលឈរទិញរងរបួសស្រាល ចំណែករថយន្តបង្កបានបើកទៅបុកម៉ូតូមួយគ្រឿងទៀតរងរបួសធ្ងន់២នាក់ទើបឃាត់បានទាំងរថយន្ត និងអ្នកបើកបរ។ ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១០និង៤០នាទីយប់ ថ្ងៃទី៧ មីនា ២០១៧ នៅត្រង់ចំណុចតាមបណ្តោយផ្លូវ៣៧១ ស្ថិតក្នុងភូមិក្បាលទំនប់ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់ស្រវឹងជោកជាំបើកបររថយន្តមួយគ្រឿងម៉ាក Scion ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1AF-2877 ធ្វើដំណើរតាមបណ្តោយផ្លូវ៣៧១ ក្នុងល្បឿនលឿន និងបើករេពេញផ្លូវទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើក៏បានរេចង្កូតទៅខាងស្តាំទៅបុករទេះលក់គុយទាវមួយគ្រឿង ដែលកំពុងតែឈប់លក់នៅតាមចិញ្ចើមផ្លូវត្រូវរថយន្តបុកចំពីក្រោយពេញទំហឹងបណ្តាលឱ្យស្ត្រីជាអ្នកលក់គុយទាវម្នាក់ត្រូវទឹកស៊ុបស្រោចពេញខ្លួនរងរបួសធ្ងន់ និងបុរសម្នាក់ទៀតដែលឈរចាំទិញគុយទាវត្រូវបានខ្ទាតកញ្ចក់ត្រូវដៃខាងស្តាំ និងទឹកស៊ុបស្រោចខ្លួនរងរបួសស្រាល រីឯរទេះលក់គុយទាវរងការខូចខាតវៀចដែកកាងខាងក្រោយ និងធ្លាក់ទូកញ្ចក់ទៅដី ចំណែកឯរថយន្តបង្កធ្លាក់កាងខាងមុខហើយមិនបានឈប់ទេធ្វើការដោះស្រាយនោះទេបែរជាបន្ថែមល្បឿនបើករត់ទាំងសភាពភ័យស្លន់ស្លោបានចម្ងាយប្រមាណជា៥០០ម៉ែត្រ បានបើកវ៉ាជេងខាងឆ្វេងរថយន្តកុងតឺន័រមួយគ្រឿងទៀត ដែលបើកបរស្របទិសគ្នាក៏ជ្រុលទៅបុកម៉ូតូដែលបើកបរបញ្ច្រាស់ទិសគ្នា
មួយគ្រឿងទៀត ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BQ-6367 បើកបរដោយបុរសពីរនាក់បានបុកចំពីមុខពេញទំហឹងបណ្តាលឱ្យអ្នកបើកបរហោះផ្លោងបោកទៅនិងកញ្ចក់ខាងមុខរថយន្តរងរបួសធ្ងន់ទាំងពីរនាក់ រីឯម៉ូតូរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ ។

ក្រោយពេលកើតហេតុជនរងគ្រោះពីរនាក់ដែលជាអ្នកជិះម៉ូតូត្រូវបានរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះនៅគ្លីនិកឯកជន រីឯស្ត្រីដែលជាអ្នកលក់គុយទាវត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅឯមន្ទីពេទ្យបង្អែកច្បារអំពៅ ។ ចំណែកឯម៉ូតូ និងរទេះលក់គុយទាវរួមទាំងរថយន្តបង្កត្រូវបានសមត្ថកិច្ចជំនាញចុះធ្វើការវាស់វែង និងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកដើម្បីរងចាំធ្វើការដោះស្រាយនៅពេលក្រោយ ៕ដោយ៖ភារ៉ា ដង្កោ

aes (1) aes (2) aes (3)


ចែករំលែក៖