ព័ត៌មានទាន់ហេតុការណ៍៖

ស្រវឹងឡើងធ្លាក់ភ្នែកបើករថយន្តស៊េរីទំនើបបុករះម៉ូតូនិងតុលក់ងាវរងការខូចខាត សង១២០០$ បញ្ចប់រឿង

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រាជោកជាំ ព្រមទាំងបើករថយន្តទាំងដេកលក់មិនដឹងខ្លួន បានរេចង្កូតទៅបុករះម៉ូតូមួយគ្រឿង ចតស្រៀម និងតុលក់ងាវបណ្តាលឲ្យរងការខូចខូត និងងាវរាយប៉ាយពេញផ្លូវ តែមិនបង្កឲ្យមានអ្នករងរបួស។

ហេតុការណ៍នេះដែរ បានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី២ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅចំណុចច្រមុះជ្រុកក្បាលថ្នល់ តាមបណ្តោយផ្លូវ២៧១ កែងនឹងផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

តាមសម្ដីប្រជាពលរដ្ឋដែលឃើញហេតុការណ៍នេះបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកអូឌី QS ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AH-8186 បានធ្វើដំណើរតាមបណ្តោយផ្លូវ២៧១ ទិសដៅពីលិចទៅកើត ដោយអ្នកបើកបរស្ថិតក្នុងស្ថានភាពស្រវឹងស្រាឡើងជោក និងបានដេកលក់ក្នុងរថយន្តហើយជើងជាន់ហ្គែរេពេញផ្លូវ ខណៈនោះត្រូវបានប្រជាពលរដ្ឋឃើញហេតុការបានជិះម៉ូតូទៅមុខ ហើយប្រាប់ឲ្យប្រជាពលរដ្ឋរត់ចេញពីផ្លូវ ។ លុះរថយន្តបង្កបើកមកដល់កន្លែងកើតហេតុ ក៏បានបុករះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់ស៊េរី២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BQ-1028 ដោយម្ចាស់ចតស្ងៀមចំពីក្រោយ រួចរុញទៅបុកតុលក់ងាវបន្ថែមទៀត បណ្តាលឲ្យរលំតុផ្ងារជើងឡើងលើ និងខ្ចាយងាវរប៉ាត់រប៉ាយពេញផ្លូវ ចំណែកឯម៉ូតូកល់ជាប់ខាងក្រោមកង់រថយន្តបង្ក ទៅមុខលែងរួច តែមិនមានអ្នករងរបួស។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន និងជំនាញបានចុះមកដល់ទីតាំងកើតហេតុ ដោយខាងតំណាងភាគីរថយន្តបង្ក សូមសម្របសម្រួលជាមួយខាងម្ចាស់ម៉ូតូ និងអ្នកលក់ងាវដោយខាងភាគីរថយន្តបានចេញសំណងទៅឲ្យខាងភាគីម៉ូតូចំនួន៨០០ដុល្លារ និងអ្នកលក់ងាវចំនួន៤០០ដុល្លារដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហតុ ៕ ភារ៉ា ដង្កោ


ចែករំលែក៖