ព័ត៌មានទាន់ហេតុការណ៍៖

ស្រាយគំនុំចាស់ចាក់ធ្លាយពោះ អ្នកចាញ់ដេកពេទ្យ អ្នកឈ្នះជាប់ខ្នោះ

ចែករំលែក៖

ខេត្តបាត់ដំបង៖ យុវជនម្នាក់ត្រូវនគរបាលស្រុកបវេលចាប់ឃាត់ខ្លួនបានភ្លាមៗ បន្ទាប់ពីបានប្រើហិង្សាចាក់យុវជនម្នាក់ទៀតបណ្តាលឲ្យរងរបួសធ្ងន់ដោយសារគំនុំ ។

ការឃាត់ខ្លួនជនសង្ស័យខាងលើនេះបានប្រពញរឹត្តទៅកាលពីរសៀលថ្ងៃពុធ ៤កើត ខែពិសាខ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨ នៅចំណុចមុខវត្តបវេល ក្នុងភូមិបវេល២ ឃុំបវេល ស្រុកបវេល។

នគរបាលស្រុកបវេលបានឲ្យដឹងថា ជនសង្ស័យឈ្មោះ គិត កុង ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅភូមិដាច់ព្រាត់ ឃុំបវេល ស្រុកបវេល បានប្រើប្រាស់កូនកាំបិតចាក់ទៅលើជនរងគ្រោះឈ្មោះ ម៉ៅ ទីនហ្វុង ភេទប្រុស អាយុ ២៤ឆ្នាំ រស់នៅភូមិបវេល១ ឃុំបវេល ស្រុកបវេល បណ្ដាលឲ្យរបួសធ្ងន់ ត្រូវបានក្រុមគ្រួសារដឹកទៅកាន់មន្ទីរពេទ្យភ្លាមៗ ។

សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា ក្នុងករណីនេះកើតឡើងដោយ ជនរងគ្រោះនិងជនសង្ស័យមានគំនុំនឹងគ្នាយូរមកហើយទើបនៅថ្ងៃកើតហេតុជនសង្ស័យមានឱកាសបានប្រើប្រាស់កូនកាំបិតចាក់ទៅលើឈ្មោះ ម៉ៅ ទីនហ្វុង ត្រង់ពោះបណ្តាលឲ្យរងរបួសធ្ងន់តែម្តង ។

បច្ចុប្បន្ន ជនសង្ស័យរូបនេះត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការតាមច្បាប់ ៕ សហការី


ចែករំលែក៖