ព័ត៌មានទាន់ហេតុការណ៍៖

ស្រីស្អាតបើករថយន្តទំនើប AUDI Q7 យ៉ាងលឿនបុកគ្នានឹងរថយន្ត Alphard ពេញទំហឹង រួចរេចង្កូតបុកចូលហាងកាហ្វេរងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ ៖ នារីរូបស្រស់ស្អាតម្នាក់ សង្ស័យស្រវឹងស្រា បើកបររថយន្តស៊េរីទំនើប AUDI Q7 បោះពួយក្នុងល្បឿនយ៉ាងលឿន ទៅបុកជាមួយនឹងរថយន្ត Alphard មួយគ្រឿងទៀតដែលកំពុងបើកលឿនដូចគ្នាពេញទំហឹង បណ្ដាលឲ្យខ្ទេចរថយន្តទាំង២គ្រឿងតែម្ដង ចំណែករថយន្ត AUDI Q7 បានរេចង្កូតបុកចូលហាងកាហ្វេ Gloria Jean ខ្ទេចទៅមុខលែងរួចបង្កការភ្ញាក់ផ្អើលទាំងយប់អធ្រាត្រ។

ហេតុការណ៍គ្រោះថ្នាក់គួរឲ្យភ្ញាក់ផ្អើលនេះកើតឡើងវេលាម៉ោង១១និង២០នាទីយប់ ថ្ងៃសុក្រ ៧កើត ខែចេត្រ ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨ ត្រង់ចំណុចផ្លូវបំបែកជាបួន មុខហាង Gloria Jean’s Coffee តាមបណ្តោយផ្លូវប៉ាស្ទ័រ(ផ្លូវលេខ៥១) កែងផ្លូវ៣៦០ ស្ថិតក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ប្រភពពីកន្លែងកើតហេតុបានឲ្យ ដឹងថា : នៅមុនពេលកើតហេតុគេឃើញមានរថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាក ALPHARD ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2AF-1978 បើកបរដោយបុរសម្នាក់ ធ្វើដំណើរពីជើងទៅត្បូង ក្នុងល្បឿនយ៉ាងលឿនដូចហោះ លុះមកដល់ចំណុចកើតហេតុ មុខហាង Gloria Jean’s Coffee ស្រាប់តែមានរថយន្តស៊េរីទំនើប មួយយគ្រឿងទៀត ម៉ាក AUDI Q7 ពាក់ស្លាកលេខភ្នំពេញ 2AP-9997 ធ្វើដំណើរតាមផ្លូវលេខ៥១ ពីលិចទៅកើត ក្នុងល្បឿនយ៉ាងលឿនដូចគ្នា បានទៅបុកគ្នាពេញទំហឹងតែម្ដង បណ្ដាលឲ្យរថយន្ត AUDI Q7 រេចង្កូតទីបុករះតូបយាមរបស់សន្តិសុខ ខ្ទាតសម្ភារតុកៅអី និងបាណូហាងរបាត់រប៉ាយពេញផ្លូវ ចំណែកបាណូខ្ទៀតទៅប៉ះកញ្ចក់ហាងកាហ្វេ Gloria Jean’s Coffee ខ្ទេចពេញមុខហាង ចំណែករថយន្ត ALPHARD មិនទាន់អស់ល្បឿន បានជ្រុលទៅហួសហាងកាហ្វេប្រហែល៤០ម៉ែត្រទៀត បើកទៅមុខលែងរួច ។ ហេតុការណ៍គ្រោះថ្នាក់នេះ មិនបណ្ដាលឲ្យមនុស្សរងរបួសនោះទេ ចំណែកនារីរូបស្រស់ទាំង២នាក់នោះបានទាក់ទង បងប្អូនឲ្យមកជួយដោះស្រាយគ្នាជាមួយម្ចាស់រថយន្តម្ខាងទៀត នៅកន្លែងកើតហេតុភ្លាមៗផងដែរ។

ក្រោយកើតហេតុសមត្ថកិច្ចបានទាក់ទងសមត្ថកិច្ចជំនាញចុះវាស់វែង និងស្ទូចរថយន្តយកទៅរក្សាទុក នៅការិយាលយ័ចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំម្ចាស់រថយន្តមកដោះស្រាយតាមផ្លូវច្បាប់ ៕ ភារ៉ា ដង្កោ


ចែករំលែក៖