ព័ត៌មានទាន់ហេតុការណ៍៖

ស្រ្ដីម្នាក់ដេកស្លាប់ក្នុងបន្ទប់ដោយសង្ស័យថាខ្យល់គរ

ចែករំលែក៖

ខេត្តកណ្ដាល៖ ស្រ្ដីអាយុ៣១ឆ្នាំម្នាក់ដេកស្លាប់ក្នុងបន្ទប់ដេករបស់ខ្លួនដោយសង្ស័យថា ការស្លាប់នេះគឺ បណ្ដាលមកពីខ្យល់គរ បានបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជិតខាងកាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិសេដាឃុំ វិហារសួគ៌ ស្រុក ខ្សាច់កណ្តាល ខេត្តកណ្តាល ។

មន្រ្ដីនគរបាលផ្នែកកោសល្យវិច្ច័យនិងបច្ចេកទេសវិទ្យាសាស្ដ្រស្រុកខ្សាច់កណ្ដាលបានឲ្យដឹថា ស្រ្ដីរងគ្រោះឈ្មោះ សេង សំអាត ហៅស្រីតូច ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិសេដា ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។

ប្រភពដដែលបន្ដថា នៅវេលាថ្ងៃទី២៤ ស្រ្ដីរងគ្រោះបានត្អូញត្អែរប្រាប់បងប្អូនរបស់ខ្លួនថា ខ្លួនចេះតែមានអក្ការៈមិនស្រួល រួយក វិលមុខនិងឈឺក្បាល ខណៈដែលជនរងគ្រោះកំពុងអង្គុយហូបបាយនៅលើគ្រែក្រោមបង្ហារខាងមុខផ្ទះជាមួយបងប្អូនសាច់ញាតិ ។

លុះមកដល់វេលាម៉ោងប្រមាណ៨យប់ ស្រ្ដីរងគ្រោះបានចូលដេកក្នុងផ្ទះរបស់ខ្លួនជាមួយនិងកូនដោយបិតទ្វារដាក់គន្លឹះពីក្នុងរហូតមកដល់វេលាម៉ោង៦ទៀបភ្លឺ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៧ ឈ្មោះ តាំង តី អាយុ៨ឆ្នាំ ត្រូវជាកូនជនរងគ្រោះបានក្រោកពីដេកហើយដាស់និងអង្រុនជើងហៅជនរងគ្រោះឲ្យក្រោក តែជនរងគ្រោះមិនក្រោកទេ ដោយជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ភ្លាមនោះបានបង្កឲ្យមានការភ្ញាក់ផ្អើលដល់បងបង្អូនសាច់ញាតិនិងប្រជាពលរដ្ឋជិខាងនិងរាយការណ៍ជូនសមត្ថកិច្ចមកធ្វើការពិនិត្យនិងកោសល្យវិច្ច័យរួចបញ្ជាក់ថា ករណីស្រ្ដីរងគ្រោះនេះគឺបណ្ដាលមកពីខ្យល់គរពិតប្រាកដមែន ពុំមាន ជាប់ពាក់ព័ន្ធទៅនិងករណីអ្វីផ្សេងទេ ។

ចំណែកសាកសពត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ស្អាងជ័យ


ចែករំលែក៖