ព័ត៌មានទាន់ហេតុការណ៍៖

ស្រ្ដីម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាង រថយន្ត បុកម៉ូតូ

ចែករំលែក៖

ខេត្តកំពង់ធំ៖ គ្រោះថ្នាក់ចរាចរណ៍រវាង រថយន្ត បុកម៉ូតូបើកបត់ឆ្វេងក្នុងទិសដៅស្របគ្នា (ពីកើតទៅលិច) បណ្តាលឲ្យស្រ្ដីម្នាក់ឲ្យស្លាប់ និង ខូចខាតរថយន្ត១គ្រឿង ម៉ូតូ០១គ្រឿង ។

ហេតុការណ៍បានកើតឡើង កាលពីវេលាម៉ោង០៧និង៣០នាទី ថ្ងៃពុធ ០៣រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ លើកណាត់ផ្លូវជាតិលេខ០៦ ចន្លោះគីឡូម៉ែត្រលេខ១៧៩-១៨០ ភូមិរមាំងងាប់ ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

សមត្ថកិច្ចបានឲ្យដឹងថា រថយន្តម៉ាកLexus Rx400h ពណ៌ទឹកមាស ស្លាកលេខ ភ្នំពេញ 2AI.4419 អ្នកបើកបរឈ្មោះ ណន់ ចំរើន ភេទប្រុសអាយុ៣៥ឆ្នាំ មុខរបរអ្នកបើកបររថយន្ត ស្នាក់នៅភូមិឃ្លាំងកណ្តាល ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ (គេចខ្លួន) ។

ចំណែក ម៉ូតូម៉ាកហុងដាឌ្រីមC125 ពណ៌ខ្មៅ ផ្លាកលេខកំពង់ធំ1N.0138 អ្នកបើកបរឈ្មោះ ឡាយ ស្រីលក្ខណ៍ ភេទស្រី អាយុ២៥ឆ្នាំ មុខរបរបុគ្គលិកបង្គន់អនាម័យស្នាក់នៅភូមិបល្ល័ង្កកើត សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ស្លាប់នៅកន្លែងកើតហេតុ (ពាក់មួកសុវត្ថិភាព) ។

មូលហេតុបង្កឡើងដោយអ្នកបើកបរម៉ូតូ បើកបរបត់ឆ្វេងខ្ជីខ្ជារ ខ្វះការប្រុងប្រយ័ត្ន រួមផ្សំនឹងអ្នកបើកបររថយន្តមានល្បឿនលឿន។

ក្រោយកើតហេតុសមត្ថកិច្ចចុះវាស់វែងធ្វើកំណត់ហេតុ ប្រមូល វត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកំពង់ស្វាយចំណែកសាកសពប្រគល់ជូនក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ប៊ុនរិទ្ធី


ចែករំលែក៖