ព័ត៌មានទាន់ហេតុការណ៍៖

ស្រ្ដី២នាក់ជិះម៉ូតូឌុបគ្នាឆ្លងផ្លូវ ត្រូវអ្នកបើកបររថយន្ដសាំងយ៉ុងបុកពីចហៀងពេញទំហឹងអូសម៉ូតូជាង៥០ម៉ែត្រ 

ចែករំលែក៖

ភ្នំពេញ ៖   ស្ត្រីម្នាក់បានស្លាប់ភ្លាមៗនៅនិងកន្លែង និងម្នាក់ទៀតរងរបួសស្រាល ក្រោយពីពួកគាត់ទាំង២នាក់បានជិះម៉ូតូមួយគ្រឿងឌុបគ្នាឆ្លងផ្លូវ  ត្រូវរថយន្ដសាំងយ៉ុងមិនស្គាល់ស្លាកលេខ បើកបុកពីចហៀងពេញទំហឹង ហើយបើកគេចខ្លួនបាត់ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចនៅវេលាម៉ោង០៩:៣០នាទីយប់ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវ៦០ម៉ែត្រ កែងផ្លូវ៣០ម៉ែត្រ ត្រង់ចំណុចមុខក្រុមហ៊ុន លក់រថយន្ត Mecerdez ភូមិទួលរកា ១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សពស្ត្រីរងគ្រោះមានឈ្មោះ ស៊ឹម សុម៉ារ៉ា អាយុជិត៥០ឆ្នាំ មុខរបបជាគ្រូបង្រៀន រស់នៅក្នុងភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

តាមសម្ដីស្ត្រីដែលរងរបួសស្រាលនិងអ្នកឌុបជនរងគ្រោះ  ដែលស្លាប់ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ រូបគាត់បានជិះម៉ូតូគុបមូលមួយគ្រឿងដែលពាក់ ស្លាកលេខភ្នំពេញ 1AR-4903 បានឌុបស្ត្រីរងគ្រោះដែលស្លាប់ ធ្វេីដំណើរតាមបណ្តោយផ្លូវ៦០ម៉ែត្រ ក្នុងទិសដៅពីជើងទៅត្បូង  លុះដល់ចំណុចផ្លូវកែង៣០ម៉ែត្រ មុខក្រុមហ៊ុន លក់រថយន្ត Mecerdez ជាកន្លែងកេីតហេតុ ក៏បានបត់ឆ្លងផ្លូវ ស្រាប់តែមានរថយន្តសាំយ៉ុង ពណ៌ស មួយគ្រឿង (មិនចាំស្លាកលេខ) បានបើកបរក្នុងទិសដៅពីត្បូងមកជើង( បញ្ច្រាស់ទិស) ក្នុងល្បឿនយ៉ាងលឿន បាន បុក ពីចហៀងពេញទំហឹងបណ្ដាលឲ្យគាត់ទាំង២នាក់ ផ្លោងខ្ទាតធ្លាក់ពីលើម៉ូតូជាង៥០ម៉ែត្រ ធ្វើឲ្យស្ត្រីដែល ជិះពីក្រោយ បានខ្ទាតផ្លោងបោកក្បាលនឹងថ្នល់ស្លាប់ភ្លាមៗ និងម្នាក់ទៀតអ្នកដុបរងរបួសស្រាល ។ ភ្លាមនោះដែររថយន្តបង្កបានបើកគេចបាត់ស្រមោល ។

ក្រោយពេលកើតហេតុកម្លាំងល្បាតប៉ុស្តិ៍ចាក់អង្រែក្រោម បានចុះមកដល់កន្លែងកើតហេតុ រួចរាយការណ៍ប្រាប់សមត្ថកិច្ចផ្នែកវាស់វែង នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ចុះមកពិនិត្យមេីលជាក់ស្ដែង និងយកម៉ូតូរបស់ ជនរងគ្រោះទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌមានជ័យ ដេីម្បីរងចាំស្រាវជ្រាវរករថយន្តបង្កយកមកដោះស្រាយតាមផ្លូវច្បាប់។ ចំណែកសពស្ត្រីរងគ្រោះត្រូវបានសមត្ថកិច្ចធ្វេីកំណត់ហេតុសាកសួរក្រុមគ្រួសារ និងប្រគល់ឲ្យរថយន្តគិលានសង្គ្រោះឯកជនដឹកយកទៅធ្វើបុណ្យនៅគេហដ្ឋាន ៕

ដោយ ៖ ភារ៉ា


ចែករំលែក៖