ព័ត៌មានទាន់ហេតុការណ៍៖

ស្រ្តីបុគ្គលិកបម្រើការនៅហាងលក់ម្ហួបកុម្មង់២នាក់ត្រូវរថយន្តសេរីទំនើបម៉ាកអូរឌីបុករងរបួសធ្ងន់

ចែករំលែក៖

ប៉ោយប៉ែត៖ បុគ្គលិកបម្រើការងារនៅក្នុងហាងលក់ម្ហួបកុម្មង់មួយកន្លែង នៅក្រុងប៉ោយប៉ែត ត្រូវរថយន្តសេរីទំនើប ម៉ាក់អូរឌីបុករងរបួសធ្ងន់នៅថ្ងៃពុធ ៧កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២០១៦ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨ កាលពីវេលាម៉ោង១និង៣៥នាទីរំលងអធ្រាត្រ នៅតាមបណ្ដោយផ្លូវបេតុង ត្រង់ចំណុចផ្លូវបំបែកជាបី ចូលហាងខារ៉ាអូខេខេវ័ន្ត ឋិតក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

សមត្ថកិច្ចប្រាប់ថា ជនរងគ្រោះតាំង២នាក់ ទី១ឈ្មោះ ឆាយ ស្រីស្ដើង( ហៅ) សោ ភេទស្រី អាយុ២៣ឆ្នាំ និង ឈ្មោះ លន់ វត្តី ភេទស្រី អាយុ១៩ឆ្នាំ (រងរបួសធ្ងន់) អ្នកទាំងពីររស់នៅក្នុងភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។

រថយន្តបង្កម៉ាកអូរឌី ពណ៌ស អត់ស្លាក់លេខ អ្នកបើកបរជនជាតិចិន ក្រោយកើតហេតុ បានរត់គេចខ្លួនបាត់បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ ។

ប្រភពអ្នកឃើញហេតុការបានប្រាប់ថា រថយន្តម៉ាកអូរឌីខាងលើចេញពីហាងខារ៉ាអូខេ អេផ្លាស សង្ស័យស្រវឹងក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន ចំណែកនារីរងគ្រោះទាំង២នាក់ បើកបរម៉ូតូម៉ាកស្កូពី ពណ៌ស ពាក់ស្លាកលេខ កំពង់ចាម 1Q.2667 ក្នុងទិសដៅពីត្បូងមកជើង ដោយឈ្មោះ លន់ វត្តី ជាអ្នកឌុប ឈ្មោះ ឆាយ ស្រីស្ដើង លុះដល់ចំណុចកើតហេតុ រថយន្តបានបុកនារីទាំង២នាក់បណ្តាលឲ្យរងរបួសធ្ងន់ ចំណែករថយន្តមិនទាន់អស់ល្បឿនជ្រុលទៅបុកសំយ៉ាបផ្ទះលោក វណ្ណី នាយកសាលាបឋមសិក្សាវត្តបាលិលេយ្យ និងបុកបង្គោលភ្លើងអស់មួយដើមទៀតទើបរថយន្តអស់ល្បឿន ទៅមុខលែងរួច ចំណែកអ្នកបើកបរជនជាតិចិនទាំង២នាក់ រត់គេចខ្លួនបាត់។

ក្រោយហេតុ កម្លាំងនគរបាលក្រុងប៉ោយប៉ែតបានមកដល់កន្លែងកើតហេតុភ្លាមៗ បានជួយអន្តរាគមន៍ហៅរថយន្តសង្គ្រោះបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យបង្អែក ដើម្បីសង្គ្រោះដោយសារស្ថានភាពធ្ងន់ធ្ងរ ស្ត្រីរងគ្រោះត្រូវបញ្ជូនបន្តទៅមន្ទីរពេទ្យមិត្តភាពកម្ពុជា ជប៉ុនមង្គលបូរី ចំពោះរថយន្តបង្ក និងម៉ូតូជនរងគ្រោះត្រូវកម្លាំងនគរបាលដឹកជញ្ជូនយកទៅរក្សាទុកនៅកន្លែងអធិការដ្ឋានរង់ចាំចាត់ការតាមផ្លូវច្បាប់៕ វណ្ណា


ចែករំលែក៖