ព័ត៌មានទាន់ហេតុការណ៍៖

ស្រ្តីម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន ក្រោយលួចកុំព្យូទ័រឡេបថបម៉ាក APPLE បានហើយទូរស័ព្ទហៅម្ចាស់គេយកលុយមកលោះ

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃពុធ ១៤រោច ខែ បឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល ១២:០០នាទី កំលាំងផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាន នគរបាលខណ្ឌទួលគោក រាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ០១នាក់ពីបទលួច (លួចកុំព្យូទ័រឡេបថបម៉ាក APPLE មួយគ្រឿង ) ឃាត់នៅចំណុចសួនច្បារ ក្ដាន់ពីរ មុខក្រសួងការពារជាតិ ផ្លូវសហព័ន្ធរុស្សី ក្រុមទី៧០ ភូមិ៩ សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ ប្រព្រឹត្តនៅចំណុចបន្ទប់ជួលលេខ១២ នៃផ្ទះលេខ៣៤ ផ្លូវរថភ្លើង ក្រុម ទី៦០ ភូមិ១៦ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល ១៦:០៥នាទី ។

ជនសង្ស័យ ឈ្មោះ ដា នី ភេទស្រី អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅផ្ទះជួលលេខ១៥៥ ផ្លូវ លេខ១៦៩ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

វត្ថុតាងចាប់យកមាន៖ កុំព្យូរទ័រឡេបថបម៉ាក APPLE មួយគ្រឿងស៊េរីឆ្នាំ២០១៤ ពណ៌ទឹកប្រាក់ និងដុំសាកថ្មមួយ ។

ជនរងគ្រោះ ឈ្មោះ ជូ ចន្ទសុសេដ្ឋា ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ និស្សិតឆ្នាំទី១ ស្នាក់នៅបន្ទប់ជួលលេខ១២ នៃផ្ទះលេខ៣៤ ផ្លូវរថភ្លើង ក្រុមទី៦០ ភូមិ១៦ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

កាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល ១១:០០នាទី ជនរងគ្រោះឈ្មោះ ជូ ចន្ទសុសេដ្ឋា ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ បានទុកកុំព្យូទ័រឡេបថបម៉ាក APPLE មួយគ្រឿង នៅផ្ទះជួលរបស់ខ្លួននៅក្នុងបន្ទប់ជួល លេខ១២ ហើយជនរងគ្រោះបានបិទទ្វារបន្ទប់ត្រឹមត្រូវរួចជនរងគ្រោះក៏ជិះម៉ូតូទៅធ្វើការ នៅម្ដុំសន្ធរម៉ុក រហូតដល់ម៉ោងប្រហែល ៤និង០៥នាទីរសៀល ស្រាប់តែមានជនសង្ស័យឈ្មោះ ដា នី ភេទស្រីអាយុ៣៤ឆ្នាំ ជនជាតិខ្មែរ ដែលជួលបន្ទប់នៅទល់មុខគ្នាជាមួយជនរងគ្រោះបានធ្វើសកម្មភាព លួច កុំព្យូទ័រឡេបថប របស់ជនរងគ្រោះដោយលួចចេញពីបន្ទប់របស់ជនរងគ្រោះហើយជនសង្ស័យបាន ប្រញាប់ប្រញាល់យកកុំព្យូទ័រជនរងគ្រោះដាក់នៅក្នុងថង់ពណ៌ខ្មៅ រួចដើរចេញទៅ ភ្លាមនោះជនរងគ្រោះក៏មកដល់ដើរទល់មុខជាមួយជនសង្ស័យតែជនរងគ្រោះពុំចាប់អារម្មណ៍ ទេ លុះពេលជនរងគ្រោះទៅដល់បន្ទប់ខ្លួន ស្រាប់តែបាត់កុំព្យូទ័ររបស់ខ្លួន ពេលនោះជនរងគ្រោះក៏បានរត់តាមជនសង្ស័យតែតាមពុំទាន់ លុះមកដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល ១០និង៣០នាទីព្រឹក ជនសង្ស័យបានទូរស័ព្ទទៅរកជនរងគ្រោះថាឲ្យយកលុយចំនួន៩០$(កៅសិបដុល្លារអាមេរិក) មកឲ្យខ្លួនទើបរូបខ្លួន(ជនសង្ស័យ) យកកុំព្យូទ័រមកឲ្យវិញ ហើយជនរងគ្រោះក៏ណាត់ជាមួយជនសង្ស័យនៅម្ដុំសួនច្បារមុខក្រសួងការពារជាតិ សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ ពេលដែលឃើញជនសង្ស័យភ្លាម កំលាំងសមត្ថកិច្ចយើងក៏ជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យរូបនេះរួមនិងចាប់យកវត្ថុតាង (កុំព្យូទ័ររបស់ជនរងគ្រោះ ) រួចបញ្ជូនជនសង្ស័យមកកាន់អធិការដ្ឋាន នគរបាលខណ្ឌទួលគោក ចាត់ការតាម នីតិវិធីច្បាប់តែម្ដង ។

ក្រោយឃាត់ខ្លួន រួចកុំព្យូទ័រឡេបថបម៉ាក APPLE មួយគ្រឿងរបស់ជនរងគ្រោះ ដែលចាប់យកពីជនសង្ស័យឈ្មោះ ដា នី សមត្ថកិច្ចបានធ្វើការ ប្រគល់ជូនជនរងគ្រោះវិញ តាមការស្នើសុំ ដោយមានការឯកភាពពីលោក ចែ សុង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។

បច្ចុប្បន្ន ជនសង្ស័យឈ្មោះ ដានី កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការ សាកសួរ កសាងសំណុំរឿង និងបញ្ជូនជនសង្ស័យទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់ ៕ស តារា


ចែករំលែក៖