ព័ត៌មានទាន់ហេតុការណ៍៖

ស្រ្តីម្នាក់ទ្រាំនឹងអំពើហិង្សាមិនបានរត់រកអាជ្ញាធរសុំលែងលះប្ដី

ចែករំលែក៖

ភ្នំពេញ៖ ស្រ្តីម្នាក់បានរត់ទៅអាជ្ញាធរ សុំលែងលះប្តី ព្រោះទទួលរងគ្រោះដោយអំពើហិង្សាជាង១ឆ្នាំមកហើយ ដោយសារតែប្ដីរករឿងវាយដំធ្វើបាបជាច្រើនលើកច្រើនសារ រហូតគាត់ទ្រាំលែងបានក៏ធ្វើដំណើរទៅកាន់សាលាសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង២និង១០នាទីរសៀល ថ្ងៃទី១ ខែមីនា ឆ្នាំ២០១៧ ដើម្បីសុំការអន្តរាគមន៍លែងលះប្ដី ពីសំណាក់អាជ្ញាធរសង្កាត់ខាងលើ។ ប៉ុន្តែអាជ្ញាធរមិនបានទទួលដោះស្រាយឡើយ ព្រោះអ្នកទាំងពីរ គ្រាន់តែជាអ្នកស្នាក់នៅបណ្ដោះអាសន្ន នៅក្នុងសង្កាត់ចោមចៅតែប៉ុណ្ណោះ ហើយអាជ្ញាធរបានបង្វែឲ្យគាត់ទៅប្ដឹងអាជ្ញាធរនៅស្រុកកំណើតនាងវិញ ម្យ៉ាងការលែងលះគ្នារវាងប្ដី នឹងប្រពន្ធ គឺមានតែតុលាការទេ ទើបអាចសម្រេចបាន ។

ស្រ្តីម្នាក់នោះ ឈ្មោះ មៀច មុំ អាយុ៣១ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅក្នុងភូមិអង្គកែវ សង្កាត់ចោមចៅ និងមានស្រុកកំណើតនៅក្នុងភូមិត្រពាំងជំរៅ ឃុំទួលអំពិល ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។ ចំណែកលោកប្ដី របស់នាងឈ្មោះ ង៉ែត សាវុធ អាយុ៣២ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅក្នុងភូមិអង្គកែវ សង្កាត់ចោមចៅ និងស្រុកកំណើតនៅក្នុងភូមិព្រៃញាតិ ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

ស្រ្តីនោះបាននិយាយប្រាប់ឲ្យអាជ្ញាធរដឹងថា នាង និងប្ដីបានរៀបការជាមួយគ្នាច្រើនឆ្នាំមកហើយ បានកូនស្រីម្នាក់ នៅក្នុងបន្ទុកគ្រួសារ ប៉ុន្តែមិនបានចុះសបុត្រអាពាហ៍ពិពាហ៍នោះឡើយ ហើយការចាប់ដៃគ្នាជាប្ដីប្រពន្ធ គឺមុនដំបូងមានសេចក្ដីសុខណាស់ ហើយលោកប្ដីមានមុខរបរជាអ្នករត់ម៉ូតូឌុប ចំណែកឯនាងមានមុខរបរជាកម្មការិនីរោងចក្រកាត់ដេរ ហើយនៅពេលទំនេរបានអ៊ុតសក់ឲ្យគេផងដែរ។ ប៉ុន្តែរយៈពេលប្រហែលជាង១ឆ្នាំកន្លងមកនេះ លោកប្ដីតែងតែបានរករឿងវាយតប់នាងជាបន្តបន្ទាប់ ដែលទង្វើនោះបានធ្វើឲ្យមានភាពរកាំរកូសនៅក្នុងរង្វង់គ្រួសារ ហើយនាងក៏ចាប់ផ្ដើមអស់ចិត្ត អស់និស្ស័យស្នេហ៍ជាមួយនឹងប្ដីនោះតទៅទៀត ហើយ។

នៅចុងក្រោយនេះ ប្ដីបានវាយ និងចាប់ច្របាច់កនាង គ្មានមេត្តា ទើបពេលនេះនាងសម្រេចចិត្តថា ត្រូវតែលែងគាត់ចោល និងបានសុំអន្តរាគមន៍ពីអាជ្ញាធរសង្កាត់ ប៉ុន្តែលោកប្ដីនាងវិញ ប្រាប់ថា មិនលែងនាងដាច់ខាត និងបានធ្វើដំណើរទៅកាន់ស្រុកកំណើតបាត់ហើយ ៕ សុខាសែនជ័យ

image1 image2


ចែករំលែក៖