ព័ត៌មានទាន់ហេតុការណ៍៖

ស្រ្តីម្នាក់បាក់ជើងខាងស្ដាំ និងបាក់ចង្កេះ ខណៈកំពុងជិះម៉ូតូត្រូវរថយន្តបុកពីក្រោយពេញទំហឹង

ចែករំលែក៖

ភ្នំពេញ៖ ស្រ្តីម្នាក់ រងរបួសបាក់ជើងខាងស្តាំ និងបាក់ចង្កេះ ពេលកំពុងជិះម៉ូតូឆ្លងភ្លើងស្តុប ត្រូវរថយន្តបុកពីក្រោយ កាលពីវេលាម៉ោង១និង០០នាទីរសៀល ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតនៅចំណុចស្តុបផ្សារដីហុយ ផ្លូវហាណូយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

សាក្សីបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញស្ត្រីរងគ្រោះរួមដំណើរជាមួយប្តីបានជិះម៉ូតូមួយគ្រឿង ម៉ាកស្មាស់វី ពាក់ស្លាក់លេខ ភ្នំពេញ FE-២៣៦៦ ខណៈគ្រួសារឌុបគ្នាមកដល់ ឆ្លងភ្លើងស្តុបទិសដៅពីកើតមកលិច ស្របពេលនោះ ក៏មានរថយន្តកូរ៉េដឹកទំនិញចំណុះ២តោនកន្លះ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D 6603 បើកបរពីទិសដៅពីជើងទៅត្បូង ដល់ចំណុចកើតហេតុ រថយន្តបានជ្រុលទៅបុកអ្នកជិះម៉ូតូយ៉ាងពេញទំហឹង អូសជិត៥០ម៉ែត្រ បណ្តាលឲ្យស្ត្រីជាប្រពន្ធរងរបួសយ៉ាងធ្ងន់ធ្ងរ ។

ក្រោយកើតហេតុតៃកុងរថយន្ត បានព្យាយាមបើករថយន្តរត់គេចរហូតដល់ស្ទុប២៤ម៉ោង ត្រូវបានប្រជាពលរដ្ឋ និងសមត្ថកិច្ចជិះម៉ូតូដេញស្ទាក់ចាប់បាន ។

តាមការបញ្ជាក់ពីសមត្ថកិច្ច ក៏បានឲ្យដឹងថា អ្នកបើកបររថយន្តបង្កមានឈ្មោះ កៅ ប៊ុណ្ណា ភេទប្រុស អាយុ២៤ឆ្នាំ ស្រុកកំណើតភូមិស្រអែ ស្រុកខ្ចង់សាន ខេត្តព្រះវិហារ ចំណែកជនរងគ្រោះ ត្រូវបានបញ្ជូនតាមរថយន្តសាមុយទៅកាន់មន្ទីរពេទ្យដើម្បីសង្រ្គោះ ។

ចំណែកអ្នកបើកបររថយន្ត រួមនឹងរថយន្ត និងម៉ូតូជនរងគ្រោះត្រូវបានបញ្ជូននទៅកាន់ការិយាល័យចរាចរណ៍ជើងគោក ស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីដោះស្រាយគ្នាតាមផ្លូវច្បាប់ ៕ តុង សីហា


ចែករំលែក៖