ព័ត៌មានទាន់ហេតុការណ៍៖

ស្រ្តីម្នាក់ស្លាប់ និងបុរសម្នាក់របួសធ្ងន់ខណៈបើកម៉ូតូបត់ឆ្លងផ្លូវត្រូវរថយន្តបុក

ចែករំលែក៖

ខេត្តកណ្ដាល៖ ម៉ូតូមួយគ្រឿងបើកបត់ឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវរថយន្តមួយគ្រឿងបើកដោយល្បឿនលឿនបានបុកពេញមួយទំហឹង បណ្ដាលឲ្យបុរសជាអ្នកបើកបរទទួលរងរបួសធ្ងន់ រីឯស្រ្តីជាអ្នករួមដំណើរស្លាប់ ខណៈបញ្ជូនដល់មន្ទីរពេទ្យជ័យជំនះ ក្រុងតាខ្មៅ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង១៤ និង២០នាទី ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨ ចំណុចខាងមុខច្រកចូលដីលោកថោងសារ៉ាត់ តាមបណ្ដោយផ្លូវជាតិលេខ ២១ ស្ថិតក្នុងភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។

មន្ត្រីនគរបាលចរាចរណ៍ក្រុងតាខ្មៅបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សែត សាវឿន ភេទប្រុស អាយុ៥៥ឆ្នាំ មានទីលំនៅភូមិបឹងគ្រំក្រោម ឃុំបឹងគ្រំ ស្រុកល្វាឯម ខេត្តកណ្ដាល (រងរបួសធ្ងន់) បើកបរម៉ូតូម៉ាកHONDA DREAM ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ1FQ-179 រីឯស្រ្តីជាអ្នករួមដំណើរឈ្មោះ ម៉ុល ចាន់ដា ភេទស្រី អាយុ៤៤ឆ្នាំ មានទីលំនៅភូមិលេខ១ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្ដាល(បានស្លាបខណៈបញ្ជូនដល់មន្ទីរពេទ្យជ័យជំនះ) ។ ចំណែករថយន្តម៉ាកHIGHTLANDER ពណ៌សពាក់ស្លាកលេខភ្នំពេញ2AJ-6859 បើកបរដោយឈ្មោះ សែម សម្បត្តិ ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិក្រាំងត្រែង ឃុំសិង្ហ ស្រុកសំរោង ខេត្តតាកែវ ។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ សាក្សីបានឃើញជនរងគ្រោះជាអ្នកបើកបរម៉ូតូធ្វើដំណើរឌុបគ្នាពីតាមបណ្ដោយផ្លូវជាតិលេខ២១ ក្នុងទិសដៅពីជើងទៅត្បូង លុះបើកមកដល់ចំណុចកើតហេតុអ្នកបើកបរម៉ូតូខាងលើបានបត់ឆ្វេងឆ្លងផ្លូវដោយពុំមើលមុខមើលក្រោយនោះទេ ខណៈនោះក៏មានរថយន្តម៉ាកHIGHTLANDERបើកដោយល្បឿនលឿនឈប់មិនទាន់បានជ្រុលទៅបុកម៉ូតូជនរងគ្រោះខាងលើពេញមួយទំហឹង បណ្ដាលឲ្យបុរសជាអ្នកបើកបរ និងអ្នករួមដំណើរទទួលរងរបួសធ្ងន់ ។ ក្រោយពីមានហេតុការណ៍កើតឡើង ជនរងគ្រោះទាំង២នាក់ត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យជ័យជំនះក្រុងតាខ្មៅ តែជាអកុសលស្រ្តីរងគ្រោះបានដាច់ខ្យល់ស្លាប់ ខណៈបញ្ជូនដល់មន្ទីរពេទ្យ ។

ក្រោយពីមានករណីគ្រោះថ្នាក់ចរាចរណ៍ សមត្ថកិច្ចនគរបាលជំនាញចរាចរណ៍ចុះធ្វើការវាស់វែងកន្លែងកើតហេតុ រួចកសាងឯកសារដកហូតយកមធ្យោបាយពាក់ព័ន្ធទាំង២គ្រឿងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុង ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕ ស្អាងជ័យ


ចែករំលែក៖