ព័ត៌មានទាន់ហេតុការណ៍៖

ស្រ្តី២នាក់យកលុយដុល្លារក្លែងក្លាយមកចាយត្រូវម្ចាស់ផ្ទះសំណាក់ឌីឌី ប្តឹងសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី៣ ធ្វើការឃាត់ខ្លួនស្ត្រីវយ័ចំណាស់២នាក់ បន្ទាប់ពីពួកគាត់បានយកលុយដុល្លារក្លែងក្លាយទៅចាយនៅក្នុងផ្ទះសំណាក់យីហោ ឌីឌី ក៏ត្រូវម្ចាស់ផ្ទះសំណាក់រាយការណ៍មកសមត្ថកិច្ចមូលដ្ឋាន ចុះមកអន្តរាគមន៍និងឃាត់ខ្លួនទាំង២នាក់រួមនិងវត្ថុតាងជាក់ស្តែង ។

ករណីឃាត់ខ្លួនស្រ្តី២នាក់ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១១យប់ ថ្ងៃពុធ ៧រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៧ ខែកុម្ភ: ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្ទះសំណាក់យីហោឌី ឌី ផ្ទះលេខ៥៧ ផ្លូវលេខ២៣០ ក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

មន្រ្តីនគរបាលប៉ុស្តិ៍ទឹកល្អក់ទី៣ បានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ ទី១ឈ្មោះ ស្រីពៅ ភេទស្រី អាយុ៣៦ឆ្នាំ មុរបរលក់ផ្លែឈើនៅខេត្តកំពង់ចាម មានស្រុកកំណើត ភូមិស្តៅ ស្រុកកងមាស ខេត្តកំពង់ចាម ជាម្ចាស់លុយនិងម៉ូតូ , ទី២ឈ្មោះ ចាន់ សារ៉េត ភេទស្រី អាយុ៥៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់ម្តុំលូប្រាំ សង្កាត់មានជ័យ ខណ្ឌមានជ័យ ។ វត្ថុតាងដកហូតរួមមាន៖ លុយដុល្លារចំនួន៧៤០ដុល្លារ និងម៉ូតូមួយគ្រឿងម៉ាកវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1F-3914 ។

មន្រ្តីដដែរ បានបន្តទៀតថា នៅមុនកើតហេតុ គឺជនសង្ស័យ២នាក់ជិះមួយគ្រឿងមកសួររកបន្ទប់ផ្ទះសំណាក់ ដើម្បីជួលស្នាក់នៅ ពេលនោះម្ចាស់ផ្ទះសំណាក់គាត់បានប្រាប់ទៅជនសង្ស័យថា សូមបង់លុយមុន ស្រាប់តែជនសង្ស័យម្នាក់ក្នុងចំណោម២នាក់ បានដកលុយចំនួន៥០ដុល្លារជាប្រភេទលុយក្លែងក្លាយបានហុចឲ្យរូបគាត់ ស្រាប់តែពេលនោះគាត់បានពិនិត្យមើលដឹងថាលុយក្លែងក្លាយក៏រាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានភ្លាមៗ ។

បើយោងតាមប្រភពព័ត៍មានពីម្ចាស់ផ្ទះបានឲ្យដឹងថា កាលពីប៉ុន្មានថ្ងៃមុនក៏មានបុរសម្នាក់បានមកស្នាក់នៅផ្ទះសំណាក់របស់គាត់ ដោយបានឲ្យលុយក្លែងក្លាយម្តងរួចមកហើយ ទើបថ្ងៃនេះគាត់មានការប្រុងប្រយ័ត្នក៏ត្រួតពិនិត្យមើលម្តងនេះស្រាប់តែប៉ះចំលុយក្លែងក្លាយទៀតក៏ប្តឹងសមត្ថកិច្ចតែម្តង ។

ចំណែកស្រ្តីសង្ស័យម្នាក់ឈ្មោះ ស្រី​ ពៅ ដែលត្រូវជាម្ចាស់លុយ ពេលសមត្ថកិច្ចឃាត់ខ្លួននោះ គាត់ក៏បានឲ្យដឹងថា រយ:ពេលប៉ុន្មានថ្ងៃមុនរូបគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍មួយកន្លែង ដោយលុយក្លែងក្លាយនេះអ្នកបង្កគ្រោះថ្នាក់ចរាចរណ៍បានចេញសំណងមកឲ្យរូបគាត់ ហើយដោយគាត់មិនដឹងថាលុយនេះជាលុយក្លែងក្លាយនោះទេ ពេលដែលគាត់យកមកចាយត្រូវបានសមត្ថកិច្ចឃាត់ខ្លួនតែម្តង ។

បច្ចុប្បន្នស្រ្តីសង្ស័យទាំង២នាក់និងវត្ថុតាង ត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីចាត់ការទៅតាមនិតិវិធី ៕ ស តារា


ចែករំលែក៖