ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់និងរបួសជាច្រើននាក់ ដោយសាររញ្ជួយដី និងរលក់យក្សស៊ូណាមិ នៅឥណ្ឌូនេស៊ី

ចែករំលែក៖

មកទល់ពេលនេះ មានអ្នកស្លាប់ដោយការរញ្ជួយដី កម្រិត ៧,៥រិចទ័រ បង្កឲ្យមានរលកយក្សស៊ូណាមិ វាយប្រហារចូលក្នុងទីក្រុង Palu នៅលើកោះ Sulawesi ប្រទេសឥណ្ឌូនេស៊ី កាលពីយប់ថ្ងៃទី២៨ ខែកញ្ញា។

តាមមជ្ឈមណ្ឌលស្រាវជ្រាវ ផែនដីអាមេរិក បានឲ្យដឹងថា រញ្ជួយដី មានកម្រិត ៧,៥រិចទ័រ វាយប្រហារនៅកណ្តាលកោះ Sulawesi វេលាម៉ោង១៨ ថ្ងៃទី២៨ ខែកញ្ញា ម៉ោងនៅក្នុងតំបន់ ដែលមានជម្រៅ១០គីឡូម៉ែត្រ ។ រញ្ជួយដីនោះ បានធ្វើឲ្យមន្ត្រី ក្នុងតំបន់ បានប្រកាសអាសន្ន ពីរលកយក្សស៊ូណាមិ ។ សារព័ត៌មាន BBC បានផ្សាយថា រលកមានកម្ពស់ ២ម៉ែត្រ បានវាយប្រហារនៅតំបន់ឆ្នេរសមុទ្រទីក្រុង Palu ។ ពលរដ្ឋនៅក្នុងតំបន់ស្ថិតនៅក្នុងភាពចលាចល រត់ភៀសខ្លួន ទៅកាន់តំបន់មានសុវត្ថិភាព។

លោក Dwikorita Karnawati ប្រធានក្រុមត្រួតពិនិត្យ ភូមិសាស្ត្រ ផែនដីវិទ្យា និងអាកាសធាតុ ឥណ្ឌូនេស៊ី បានឲ្យដឹងថា «ស្ថានភាពពិតជាចលាចល ពលរដ្ឋភ័យស្លន់ស្លោ រត់ចេញពេញផ្លូវ នៅពេលដែលអគារ បាក់ស្រុត ។ មាននាវាមួយគ្រឿង ត្រូវ រលក់វាយចូលមកឆ្នេរសមុទ្រ»។

សកម្មភាពជួយសង្គ្រោះ បានធ្វើឡើងជាបន្ទាន់ ប៉ុន្តែការទំនាក់ទំនងត្រូវបានកាត់ផ្តាច់ ចំណែកផ្លូវថ្នល់នៅទីក្រុង Palu មានពលរដ្ឋជាង ៣៥០.០០០នាក់ រស់នៅរងការបំផ្លាញយ៉ាងដំណំ ។

អ្នកនាំពាក្យ ក្រសួងគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូនេស៊ី លោក Sutopo Purwo Nugroho បានឲ្យដឹងថា មានអគារជាច្រើនបានស្រុត ក្នុងការរញ្ជួយដីនោះ ។

អាកាសយានដ្ឋាន នៅទីក្រុង Palu ត្រូវបិទទ្វារ ក្រោយពេលរលក់យក្សស៊ូណាមិ វាយប្រហារ ។ តាមគម្រោង រយៈ២៤ម៉ោង ទើបអាកាសយានដ្ឋាននេះ ដំណើរការឡើងវិញ ។ ប្រភពព័ត៌មានបានឲ្យដឹង ថា មានមនុស្សរាប់សិបនាក់បានស្លាប់ ប៉ុន្តែមិនទាន់ដឹងប្រាកដថា បណ្តាលមកពីការរញ្ជួយដី ឬក៏រលក់យក្សស៊ូណាមិនោះឡើយ។

ក្នុងពេលជាមួយគ្នានេះ មន្ត្រីសុខាភិបាលក្នុងតំបន់បានឲ្យដឹងថា នៅក្នុងមន្ទីរពេទ្យ គឺទទួលបានសាកសព៣០នាក់ ក្រោយការរញ្ជួយដី ។ លោកKomang AdiSujendra បានឲ្យដឹងថា «មានសាកសព៣០នាក់ នៅក្នុងមន្ទីរពេទ្យរបស់យើងខ្ញុំ និងមានមនុស្សរងរបួសជាច្រើន ។ អ្នករងរបួស ១២នាក់ ចាំបាច់ត្រូវតែវះកាត់» ៕ ម៉ែវ សាធី


ចែករំលែក៖