ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់និងរបួសជិត១០០នាក់នៅក្នុងគ្រោះអគ្គិភ័យនៅមជ្ឈមណ្ឌលផ្សារទំនើបនៅក្នុងប្រទេសរុស្ស៊ី

ចែករំលែក៖

កាលពីថ្ងៃទី២៥ខែមីនា អគ្គិភ័យបានឆាបឆេះផ្សារទំនើបមួយស្ថិតនៅភាគខាងត្បូងនៃទីក្រុង Kemerovo ប្រទេសរុស្ស៊ី។ សារព័ត៌មានស៊ីនហួ ចេញផ្សាយនៅថ្ងៃចន្ទ ទី២៦ ខែមីនានេះបានឲ្យដឹងថា មកដល់ពេលនេះយ៉ាងហោចណាស់មានមនុស្ស៣៧នាក់ស្លាប់ និង រងរបួសរាប់សិបនាក់។

នៅមិនទាន់មានការអះអាងឲ្យច្បាស់ អំពីមូលហេតុដែលនាំឲ្យមានការឆាបឆេះនេះនៅឡើយទេ ខណៈដែលការងារ សង្គ្រោះនៅមិនទាន់ចប់រួចរាល់។ សារព័ត៌ មាន TASS របស់រុស្ស៊ីបានផ្សាយថា ក្នុងចំណោម មនុស្ស បាត់ខ្លួន៦៩នាក់មាន ៤០នាក់ជាកុមារ។ អ្នកនាំពាក្យក្រសួង គ្រប់គ្រងគ្រោះអាសន្នរុស្ស៊ីបានបញ្ជាក់ថា អគ្គិភ័យឆាបឆេះចេញពីជាន់លើនៃអគារ ផ្សារទំនើប ដែលមានកម្ពស់៤ជាន់ ដោយ ក្នុងនោះមាន រោងភាពយន្ត កន្លែងកម្សាន្ត សម្រាប់ក្មេងៗ។

អណ្តាតភ្លើងបានរាលដាល ក្នុង បរិវេណ១.៥០០ម៉ែត្រការ៉េ ហើយដំបូល អគារ បានបាក់ស្រុង ក្នុងទំហំប្រមាណ ៥០០ម៉ែត្រការ៉េ។ ក្រុមជួយសង្គ្រោះជាង ២០០នាក់ និង សម្ភាររថយន្តពន្លត់អគ្គិ ភ័យជាង៥០បានទៅចូលរួមជួយសង្គ្រោះ និងពន្លត់អគ្គិភ័យ។

ក្នុងថ្ងៃជាមួយគ្នានោះអ្នកនាំពាក្យប្រធានាធិបតីរុស្ស៊ី លោក Dmitry Peskov បានបញ្ជាក់ថាគ្រោះអគ្គិភ័យខាងលើ ត្រូវបានផ្តល់ព័ត៌មានលម្អិតដល់ប្រធានាធិបតីពូទីន ហើយលោក ប្រធានាធិបតីក៏បាន ចូលរួមរំលែកទុក្ខដល់គ្រួរសារជនរងគ្រោះផងដែរ។

ទន្ទឹមនឹងនោះប្រធានាធិបតីពូទីនបានស្នើដល់រដ្ឋមន្ត្រីក្រសួងគ្រប់គ្រងគ្រោះ អាសន្ន លោក Vladimir Puchkov ត្រូវតែមានវត្តមាននៅកន្លែងកើតហេតុ ដើម្បី បញ្ជា ការអនុវត្តផ្ទាល់ក្នុងការជួយសង្គ្រោះមនុស្ស និងជួយដល់ អ្នករងរបួសឲ្យបាន ទាន់ពេលវេលា។

មជ្ឈមណ្ឌល កម្សាន្តនិងផ្សារទំនើប Zimnjaja Vishnja ស្ថិតនៅទីក្រុង Kemerovo បានដាក់ឲ្យដំណើរការ នៅឆ្នាំ ២០១៣ ក្នុងផ្ទៃដីរហូតដល់២៣.០០០ ម៉ែត្រការ៉េ ក្នុងនោះមានផ្សារទំនើប តំបន់ ក្មេងលេង និង រោងភាពយន្តផងដែរ៕ ម៉ែវ សាធី


ចែករំលែក៖