ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់និងរបួសធ្ងន់ដោយម៉ូតូ២គ្រឿងបុកគ្នានៅក្រុងបាវិត

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសកម្មករសំណង់ម្នាក់បានស្លាប់ភ្លាមៗ និងម្នាក់ទៀតរងរបួសធ្ងន់ ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍គួឲ្យរន្ធត់រវាងម៉ូតូ២គ្រឿង បុកបញ្ច្រាសទិសគ្នាលាន់សូរដូចរន្ទះបាញ់ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ និងអ្នកធ្វើដំណើរផ្អើលឆោឡោចោមរោមយ៉ាងច្រើនកកកុញទាំងយប់ ព្រមទាំងរាយការណ៍មកសមត្ថកិច្ចលមូលដ្ឋាន ។

ហេតុការណ៍នេះ បានកើតឡើងកាលពី ថ្ងៃពុធ ៨កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង៩និង៤០នាទី យប់នៅលើផ្លូវជាតិលេខ០១ចន្លោះ‌គីឡូម៉ែត្រ‌១៦៤ លេខ១៦៥ ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។

បើតាមសមត្ថកិច្ចនគរបាល ក្រុងបាវិតបានឲ្យកាសែតនគរវត្តដឹងថា បុរសកម្មករសំណង់ ដែលស្លាប់មានឈ្មោះ សោម លៀប អាយុ៤២ឆ្នាំ រស់នៅភូមិបុស្សមនក្រោម ឃុំបុស្សមន ស្រុករំដួល ខេត្តស្វាយរៀង ខណៈជិះម៉ូតូម៉ាកហុងដាវ៉េវ ពណ៌ខៀវ ពាក់ស្លាកលេខ ស្វាយរៀង ១T៤៧៩៥ ខូចខាតយ៉ាងដំណំ ។

ចំណែកភាគីរងគ្រោះ ដែលរងរបួសធ្ងន់មិន ត្រូវបានស្គាល់ឈ្មោះនៅឡើយ ដោយត្រូវបានបញ្ជូនមកកាន់មន្ទីរពេទ្យ ខេត្តស្វាយរៀងភ្លាមៗ ខណៈបើកបរម៉ូតូម៉ាកហុងដា ZOOMER.X ពណ៌ត្រួយចេក ពាក់ស្លាកលេខ ភ្នំពេញ ១AL៧២៨១ ។

ប្រភពបន្តថា មុនកើតហេតុមានម៉ូតូ១គ្រឿងម៉ាកវ៉េវ បើកបរដោយឈ្មោះ សោម លាប ធ្វើដំណើរលើកំណាត់ផ្លូវជាតិលេខ១ ពីកើតទៅលិច មិនប្រកាន់ស្ដាំ លុះមកដល់ចំណុចខាងលើ ក៏បានទៅបុកប៉ះ ម៉ូតូម៉ាកZOOMER.X បើកបរដោយបុរសម្នាក់ ក្នុងទិសដៅបញ្ច្រាសគ្នាលាន់ដូចរន្ទះ បណ្តាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗ និងម្នាក់ទៀតរងរបួសធ្ងន់ ។

បច្ចុប្បន្នសាកសពត្រូវបានសមត្ថកិច្ចនគរបាលធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី និងវាស់វែងព្រមទាំងអូសយកម៉ូតូទាំង២គ្រឿងយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាល សង្កាត់បាវិត ដើម្បីបំពេញសំណុំរឿងតាមច្បាប់ ៕ យឹម សុថាន


ចែករំលែក៖