ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់ម្នាក់ របួសធ្ងន់១នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅឃុំត្រពាំងជង

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ បុរសម្នាក់បានបាត់បង់ជីវិត ក្រោយបញ្ជូនទៅសង្រ្គោះ និងម្នាក់ផ្សេងទៀតបានរងរបួសធ្ងន់ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ២លើកក្នុងថ្ងៃតែមួយ ។

យោងតាមរបាយការណ៍នគរបាលស្រុកបាកានឃើញថា នៅវេលាម៉ោង៨ និង២៧នាទី ព្រឹកថ្ងៃច័ន្ទ ១៣កើត ខែផល្លុន ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ នៅលើកំណាត់កៅស៊ូស្រុកបាកានទៅស្រុកភ្នំក្រវាញ ត្រង់ចំណុចខាងជើងស្ពាន១៧ ស្ថិតក្នុងភូមិព្រះចំបក់ ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយបុរសម្នាក់ជិះម៉ូតូ ១គ្រឿងម៉ាក វ៉េវអាល់ហ្វា ពណ៏ខ្មៅ គ្មានស្លាកលេខឈ្មោះ បែន គា អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិអង្រ្គង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ធ្វើចរាចរណ៍ក្នុងទិសដៅពីជើងឆ្ពោះទៅទិសខាងទៅត្បូង លុះដល់ចំណុចកើតហេតុបានបុកលូបញ្ជគេដាក់សុវត្ថិភាពផ្លូវ បណ្ដាលឲ្យដួលបោករបួសធ្ងន់រួចស្លាប់ពេលបញ្ជូនទៅសង្រ្គោះ ។

របាយការណ៍ខាងលើបន្តថា លុះនៅវេលាម៉ោង១០ និង៣៥នាទី យប់ថ្ងៃដដែល នៅលើកំណាត់ផ្លូវថ្នល់ជាតិ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ២០២.២០៣ ស្ថិតក្នុងភូមិ.ឃុំត្រពាំងជង ស្រុកបាកាន មានករណីគ្រោះថ្នាក់ចរាចរណ៍មួយលើកទៀតបានកើតឡើង បង្កឡើងដោយអ្នកបើកបររថយន្តម៉ាក អុីហ្សុយហ្សុយ ពណ៏ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2B 5569 ឈឈ្មោះ ទូច សុភ័ក្រ ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិស្ទឹងកំបុត ឃុំត្រពាំងជង ស្រុកបាកាន ធ្វើចរាចរណ៍ក្នុងទិសដៅពីកើតឆ្ពោះទៅទិសខាងលិច លុះដល់ចំណុចកើតហេតុបានប៉ះជាមួយកាណូតខាងលើបត់ឆ្វេង ខណៈនោះបានជ្រុកបុកជាមួយអ្នកជិះម៉ូតូ ១គ្រឿងពេញទំហឹង នៅគ្រាដែលកំពុងធ្វើដំណើរច្រាស់ទិសគ្នា បណ្ដាលឲ្យភាគីខាងបើកម៉ូតូរងរបួសធ្ងន់។

ក្នុងរបាយការណ៍ដដែលបន្តទៀតថា ភាគីអ្នកជិះម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០១២ ពណ៏ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់ 1C 5063 ឈ្មោះ ណែម សុីណេត ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិចំការលើ ឃុំបឹងខ្នារ ស្រុកបាកាន(ធ្ងន់) បានបញ្ជូនទៅទៅសង្រ្គោះភ្លាមៗផងដែរ ចំពោះវត្ថុតាងម៉ូតូ និងរថយន្តយើងបានរក្សាទុកជាបណ្ដោះអាសន្ន ចំណែកអ្នកបើកបររថយន្តបានឃាត់ខ្លួន៕ បុឹម ពិន


ចែករំលែក៖