ព័ត៌មានទាន់ហេតុការណ៍៖

៥នាក់ស្លាប់ និងរងរបួសនៅបន្ទាយអាសេអូសង្ស័យកំហុសបច្ចេកទេស

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ សង្ស័យតែបន្តាលមកពីកំហុសបច្ចេកទេសទើបមនុស្ស២នាក់បានស្លាប់ និង៣នាក់ទៀតរងរបួសអ្ងន់ស្រាលពេលកំពុងហ្វឹកហាត់ដោះគ្រាប់ ។ ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យខេត្តភ្លាមៗផងដែរ ។

គ្រោះថ្នាក់នេះកើតឡើងនារសៀលថ្ងៃព្រហស្បតិ៍ ១៤រោច ខែផល្គុន ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨ នៅបន្ទាយអាសេអូ(កន្លែងបាញ់សុីប) ស្ថិតនៅភូមិអន្លង់ថ្លឹង ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះត្រូវបានស្គាល់ អារុន លីប៉ូ ភេទប្រុស អាយុ៤០ឆ្នាំ(ស្លាប់) , ឈ្មោះ ប្រានីវិត ភេទប្រុស អាយុ៤១ឆ្នាំ របួសស្រាល ជនរងគ្រោះទាំង២នាក់ ជាជនជាតិអូស្រ្តាលី និងខ្មែរ៣នាក់ ឈ្មោះ កុយម៉ូត ភេទប្រុស ស្លាប់, ឈ្មោះ កុក សារិត ភេទប្រុស របួសធ្ងន់ និងឈ្មោះ ឡុង រងរបួសធ្ងន់ ។

ក្នុងហេតុការណ៍ផ្ទុះនេះ ជនបរទេសម្នាក់ និងខ្មែរម្នាក់ ស្លាប់ភ្លាមៗនៅនឹងកន្លែង ។

លោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តបានប្រាប់តាមទូរស័ព្ទថា ជនរងគ្រោះ២នាក់ ដែលបានស្លាប់នោះ គឺខ្មែរម្នាក់ ជាអ្នកប្រចាំនៅកន្លែងកើតហេតុ និងមានម្នាក់ជាជនជាតិអូស្រ្តាលី ក្នុងនោះមានអ្នករបួស៣នាក់ ជាជនជាតិអូស្រ្តាលី និងខ្មែរ២នាក់ផងដែរ ។ លោកស្នងការបន្តថា ជនរងគ្រោះទាំង៣នាក់ ក្រោយកើតហេតុ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តកំពង់ស្ពឺភ្លាមៗ ។

លោកស្នងការអះអាងថា មូលហេតុនៃការផ្ទុះដោយដំបូងឡើយ ក្រុមអ្ន្រករងគ្រោះដែលសុទ្ធតែជាគ្រូបង្គោល បាននាំគ្នាហ្វឹកហាត់ដោះយុទ្ឋភ័ណ្ឌមិនទាន់ផ្ទុះ ពេលនោះមានសញ្ញាថា មានគ្រាប់ ក៏នាំគ្នាជីកបម្រុងយកទៅកម្ទេចចោល តែអកុសល ពេលកំពុងជីក ក៏ផ្ទុះតែម្តង ។

លោកស្នងការបានបញ្ជាក់បន្ថែមថា នេះគឺជាអ្វីដែលមន្ត្រីជំនាញរបស់លោកសាកសួរទៅលើអ្នកដែលរងរបួសស្រាល ហើយជាគ្រូបង្គោលផងដែរ ៕ សេនាស័ក្តិ


ចែករំលែក៖