ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់ និងរបួសច្រើននាក់​ករណីគ្រោះថ្នាក់ចរាចរណ៍នៅក្រុងបាវិត

ចែករំលែក៖

ខេត្តស្វាយ​រៀង​៖​ យ៉ាងហោចណាស់បុរស២នាក់ បានស្លាប់ និង៤នាក់ទៀតរងរបួសធ្ងន់ ដោយសារករណីគ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើងគួរឲ្យរន្ធត់ និងតក់ស្លុតបំផុតបង្កកាភ្ញាក់ផ្អើល ដល់អ្នកភូមិកំពុងដេកលង់លក់ ភ័យស្រឡាំងកាំង ទាំងយប់ ចេញមកមើល និងរាយការណ៍មកសមត្ថកិច្ច ខណៈមានរថយន្ត២គ្រឿងបុកគ្នាលាន់សូរដូចរន្ទះ ។

ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី​៦​ ខែមករា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​០៣​ និង​២៥​នាទី​ នៅ​ចន្លោះ​គីឡូម៉ែត្រ​លេខ​១៥៩ និង១៦០ ស្ថិត​ក្នុងភូមិ​តា​បឹ​ប​ សង្កាត់​បា​វិត​ ក្រុង​បា​វិត​ ខេត្តស្វាយរៀង​ ។ ​

យោងតាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានឲ្យដឹងថា រថយន្តបង្កហេតុ ម៉ាកឡិចស៊ីស RX330​ ពណ៌​ទឹកមាស​ គ្មានស្លាកលេខ ជិះគ្នា៥នាក់ ដោយអ្នកស្លាប់មានឈ្មោះ ​អ៊ំ​ សាវាក់​ (​ហៅ​សៅ​)​ ភេទ​ប្រុស​ អាយុ​២៨​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​លក់ដូរ​ រស់នៅ​ភូមិ​តារាង​បាល់​ សង្កាត់​គយ​ត្របែក​ ក្រុង​ស្វាយ​រៀង​ ខេត្តស្វាយរៀង​ ។

អ្នករងរបួសធ្ងន់មានឈ្មោះសៀង​ បូ​រ៉ា​ អាយុ​២៥​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​លក់ដូរ​ រស់នៅ​ភូមិ​តារាង​បាល់​ សង្កាត់​គយ​ត្របែក​ ក្រុង​ស្វាយ​រៀង​ ឈ្មោះប៉ាង បូ​រិ​ន​ អាយុ​៣៧​ឆ្នាំ​ ជនជាតិ​ខ្មែរ​ រស់នៅ​ភូមិព្រៃព្រីងខាងជើង សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​ និ និង០២នាក់ទៀតមិនទាន់ស្គាល់អត្តសញ្ញាណនោះទេ ។

ប្រភពបន្តថា ចំណែកភាគីរថយន្តម្ខាងទៀតម៉ាកហ៊ីយ៉ាន់ដាយ ពណ៌​ស​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​3B-2272​ បើកបរ​ដោយ​ឈ្មោះ​ ស៊ី​ណា​ ផានិត​ ភេទ​ប្រុស​ អាយុ​៣៧​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​បើកបរ​រថយន្ត​ រស់នៅ​ភូមិ​តា​ព្រហ្ម​ សង្កាត់​ព្រែក​ឯង​ ក្រុង​ច្បារ​អំពៅ​ រាជធានី​ភ្នំពេញ​ (​ស្លាប់​នៅ​កន្លែង​កើតហេតុ​) ។

ប្រភពបញ្ជាក់ទៀតថា មុនពេលកើតហេតុមានរថយន្ត១គ្រឿងម៉ាកឡិចស៊​ស​ RX330​ ពណ៌​ទឹកមាស​ គ្មាន​ស្លាក​លេខ​ ជិះគ្នា៥នាក់ពី​លិចទៅ​កើត​ លើកំណាត់ផ្លូវជាតិលេខ១ក្នុងល្បឿនលឿនលុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ ក៏​បាន​បុក​ប៉ះ​ នឹង​ធុងសាំង​គំនរ​ដី​ ដែល​ការដ្ឋាន​កំពុង​សាងសង់​ស្ពាន ​រួច​ជ្រុល​ចង្កូត​ទៅ​បុក​ និងរថយន្តមួយគ្រឿងទៀត ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​3B-2272ដែលធ្វើដំណើរពីកើតទៅលិចយ៉ាងពេញ ទំហឹងលាន់សូរដូចរន្ទះបាញ់បង្កការភ្ញាក់ផ្អើលតែម្ដង ។

ក្រោយមកសមត្ថកិច្ចមូលដ្ឋានបានមកដល់អន្តរាគមន៍ យកអ្នករងរបួសបញ្ជូន ទៅព្យាបាលនៅមន្ទីរពេទ្យពន្លឺបូព៌ា និង​មន្ទីរពេទ្យ​បង្អែកខេត្តស្វាយរៀង​ ។ ​

បច្ចុប្បន្ន​សាកសព​ទាំង​២​នាក់​ សមត្ថកិច្ននគរបាលចបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យ​តាម​ប្រពៃ​ខ្មែរ​ ព្រមទាំងវាស់វែងអូសយកមធ្យោបាយទាំង២គ្រឿង យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​បា​វិត​ ដើម្បី​បំពេញ​សំណុំរឿង​តាមច្បាប់ ៕ យឹម សុថាន


ចែករំលែក៖