ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់ និងរបួសធ្ងន់ ៥នាក់ដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅស្រុកភ្នំក្រវាញ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ យ៉ាងហោច បុរសម្នាក់ បានស្លាប់យ៉ាងអាហោចអាធម័ នៅនឹងកន្លែង និងបុរសស្រ្តីចំនួន ៤នាក់ផ្សេងទៀតបានរងរបួសធ្ងន់ស្រាល នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ២ករណីផ្សេងគ្នា រវាងអ្នកជិះម៉ូតូបុកជាមួយម៉ូតូ និងគោយន្តកន្រ្តៃដឹកឈើ។

យោងតាមរបាយការណ៍នគរបាលផ្នែកសណ្ដាប់ធ្នាប់ នៃអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញឃើញថា នៅវេលាម៉ោង១ និង២៥នាទី រសៀលថ្ងៃសុក្រ ១៣រោច ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែមករា ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវកៅស៊ូ ស្ថិតក្នុងភូមិបត់រំដួល ឃុំផ្ទះរុង ស្រុកភ្នំក្រវាញ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បង្កឡើងដោយបុរសម្នាក់ឈ្មោះ នាង ចំនិត ភេទប្រុស ៥១ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិថ្លុកដង្កោ ឃុំផ្ទះរុង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ធ្វើដំណើរដោយម៉ូតូ ១គ្រឿងម៉ាក វេវអាលហ្វា ពណ៏ខ្មៅ ពាក់ស្លាកលេខ ពោធិសាត់ 1D 0021 ក្នុងទិសដៅពីកើតឆ្ពោះទៅទិសខាងលិច(បញ្រ្ចាស់) បានបុក ២នាក់ប្តីប្រពន្ធដែលកំពុងធ្វើដំណើររួមគ្នាដោយម៉ូតូ ១គ្រឿងម៉ាក វេវអាលហ្វា ពណ៏ខ្មៅ ពាក់ស្លាកលេខ ពោធិសាត់ 1I 4675 បណ្ដាលឲ្យរងរបួសធ្ងន់អ្នកបើកបរទាំងសងខាង ចំណែកអ្នករួមដំណើររងរបួសស្រាល មូលហេតុបើកបរមិនប្រកាន់ស្ដាំ។

របាយការណ៍ខាងលើបន្តថា លុះនៅវេលាម៉ោង៧ និង៣៤នាទីយប់ថ្ងៃដដែល នៅលើកំណាត់ផ្លូវលំក្រាលគ្រួសក្រហម ស្ថិតក្នុងភូមិប៉ែន ឃុំលាច ស្រុកភ្នំក្រវាញ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតផងដែរ ដោយបុរស ២នាក់ធ្វើដំណើររួមគ្នាដោយម៉ូតូ ១គ្រឿងម៉ាក វេវអាលហ្វា ពណ៏ខ្មៅ គ្មានស្លាកលេខ ក្នុងទិសដៅស្របគ្នា(លិចកើត) លុះមកដល់ចំណុចកើតហេតុជ្រុលបុកគោយន្តកន្រ្តៃដឹកឈើពីក្រោយពេញទំហឹង បណ្ដាលឲ្យអ្នកបើកបរម៉ូតូឈ្មោះ ឆេន ឆាយ ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ.ឃុំកើតហេតុ(ស្លាប់) និងអ្នករួមដំណើរឈ្មោះ ខៃ ណុល ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ.ឃុំជាមួយគ្នា(ធ្ងន់) ចំណែកភាគីម្ខាង(គោយន្ត)រត់គេចបាត់ មូលហេតុភាគីខាងម៉ូតូគ្មានភ្លើងចង្គៀងមើលផ្លូវ គោយន្តដឹកឈើ(មានភ្លើងក្រោយ)។

ក្នុងរបាយការណ៍ដដែលបន្តទៀតថា ជនរងគ្រោះ(ស្លាប់)បានធ្វើកំណត់ហេតុប្រគល់សាកសពជូនសាច់ញាតិ ចំណែកជនរងរបួសបានចាត់ចែងបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ដោយឡែក៖ វត្ថុតាងម៉ូតូ និងគោយន្តកន្រ្តៃដឹកឈើ សមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក យកទៅរក្សាទុកជាបណ្ដោះអាសន្ន នៅផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ រង់ចាំធ្វើការវាស់វែង និងដោះស្រាយគ្នាជាក្រោយ៕ ប៉ឹម ពិន

 


ចែករំលែក៖