ព័ត៌មានទាន់ហេតុការណ៍៖

ហាយឡែនឌ័រ ពន្លះម៉ូតូបើកឆ្លងថ្នល់ ស្លាប់ម្នាក់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ បុរសម្នាក់ បានស្លាប់ភា្លមៗនៅកន្លែងកើតហេតុ ដោយសារកំពុងបើកម៉ូតូឆ្លងថ្នល់ ត្រូវរថយន្តបើកលឿនជ្រុលបុក ហើយអ្នកបើកបង្ក រត់គេចខ្លួន ។ គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត នឹងម៉ូតូនេះ បានកើតឡើងនៅម៉ោង៤ និង០៥នាទីរសៀល ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងភូមិព្រៃគុយ ឃុំត្រពាំងគង ស្រុកសំរោងទង ។

ជនរងគ្រោះឈ្មោះ សេង រីម ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិកំណប់ សង្កាត់ស្វាយក្រវាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ បើកម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ១GF-៨៣៣៩ ។ ដោយឡែករថយន្តបង្កម៉ាកហាយោឡែនឌ័រ ព៌ណទឹកប្រាក់ ពាក់ស្លាកលេខព្រះសីហនុ ២A-៦៩៣១ អ្នកបើកបរមិនស្គាល់ឈ្មោះ ដោយសារក្រោយបង្កហេតុ បានរត់គេចខ្លួន ។

ប្រភពព័ត៌មានពីសមត្ថកិច្ចស្រុកសំរោងទង បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះ បើកម៉ូតូ១គ្រឿងតែម្នាក់ឯងតាមបណ្តោយផ្លូវជាតិលេខ៤ទិសដៅពីលិចទៅកើត ។ លុះមកដល់ចន្លោះគីឡូម៉ែត្រលេខ៣២-៣៣ ក៏បត់ឆ្លងថ្នល់ពីត្បូងទៅជើង ហើយឆ្លងមិនទាន់ផុតផង ក៏មានរថយន្ត១គ្រឿងដូចភិនភាគខាងលើ បើកតាមបណ្តោយផ្លូវជាតិលេខ៤ដែរ ទិសដៅពីកើតទៅលិចដោយល្បឿនលឿន ជាន់ហ្វ្រាំងមិនទាន់ បានជ្រុលបុកម៉ូតូចំពាក់កណ្ដាលតួ ខ្ទាតជនរងគ្រោះចេញពីម៉ូតូជាច្រើនម៉ែត្រ បោកនឹងថ្នល់ស្លាប់ភ្លាមៗ ។ ដោយឡែក ជនបង្ក បានបើកទ្វាររថយន្តរត់គេចដោយសុវត្ថិភាព ។

ក្រោយកើតហេតុ សមត្ថកិច្ចស្រុកសំរោងទង បានវាស់វែងរួច ក៏បានទាក់ទងក្រុមគ្រួសារ ឲ្យមកទទួលសពទៅធ្វើបុណ្យនៅគេហដ្ឋាន ។ ចំណែករថយន្តបង្ក និងម៉ូតូរងគ្រោះ សមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសំរោងទង ស្រាវជ្រាវជនបង្ក ឲ្យចូលខ្លួនដោះស្រាយតាមផ្លូវច្បាប់នៅពេលក្រោយ ៕ សេនាស័ក្តិ


ចែករំលែក៖