ព័ត៌មានទាន់ហេតុការណ៍៖

ហុងដាគុបជ្រុងបត់ឆ្លងផ្លូវត្រូវម៉ូតូស៊ុយហ្ស៊ូគីនិចជិះបុកពេញមួយទំហឹងរងរបួសធ្ងន់-ស្រាល៤នាក់

ចែករំលែក៖

ខេត្តកណ្ដាលៈ ម៉ូតូហុងដាគុបជ្រុងមួយគ្រឿងជិះបត់ឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវម៉ូតូមួយគ្រឿងទៀតម៉ាកស៊ុយហ្ស៊ូគីនិច ជិះច្រាស់ទិសគ្នាបុកពេញមួយទំហឹង បណ្ដាលឲ្យទទួលរងបួសធ្ងន់-ស្រាល៤នាក់ ។ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង៣និង៣០នាទី ស្ថិតក្នុងភូមិថ្មី ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្តាល ។

មន្រ្ដីនគរបាលស្រុកមុខកំពូលបានឲ្យដឹងថា ម៉ូតូបង្កម៉ាកហុងដាគុបជ្រុង ធុនសេ៩០ ពណ៌ស្លែ ពាក់ស្លាកលេខភ្នំពេញ1C-2348 ជិះដោយឈ្មោះ ពិន ជាវ ភេទប្រុស អាយុឆ្នាំ មានទីលំនៅភូមិថ្មី ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្ដាល (រងរបួសធ្ងន់) ។ ចំណែកភាគីម៉ូតូមួយគ្រឿងទៀតម៉ាកស៊ុយហ្ស៊ូគីនិច ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1FQ-7313 ជិះដោយឈ្មោះ ផេន ភាន់ ភេទប្រុស អាយុ១៩ឆ្នាំ ដោយមានអ្នករួមដំណើរ២នាក់ ទី១-ឈ្មោះ ផេន ក្រឹម ភេទប្រុស អាយុ៣០ឆ្នាំ (របួសស្រាល) ទី២-ឈ្មោះ ក្រឹម កន្ថា ភេទស្រី អាយុ៣ឆ្នាំ (របួសស្រាល) ។ ជនរងគ្រោះទាំង៣នាក់មានទីលំនៅភូមិអន្លុស្លែង ឃុំសំបួរមាស ស្រុកមុខកំពូលខេត្តកណ្ដាល ។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ សាក្សីបានឃើញអ្នកជិះម៉ូតូបង្កម៉ាកហុងដាគុបជ្រុង ធ្វើដំណើរពីត្បូងទៅជើង លុះជិះមកដល់ចំណុចកើតហេតុបានជិះបត់ឆ្លងផ្លូវពីលិចទៅកើត ខណៈដែលឆ្លងផ្លូវនោះក៏មានម៉ូតូម៉ាកស៊ុយហ្ស៊ូគីនិច ជិះក្នុងទិសដៅជើងទៅត្បូងក៏បានបុកម៉ូតូបង្កពេញមួយទំហឹង បណ្ដាលឲ្យអ្នកជិះម៉ូតូបង្កទទួលរងរបួសធ្ងន់ រីឯអ្នកជិះម៉ូតូស៊ុយហ្ស៊ូគីនិចទាំង៣នាក់ទទួលរងរបួសស្រាល ។ ចំពោះជនរងគ្រោះរងរបួសធ្ងន់ត្រូវបានក្រុមគ្រួសារដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យរាជធានីភ្នំពេញ ។ ចំណែកមធ្យោបាយពាក់ព័ន្ធទាំង២គ្រឿងត្រូវបានសមត្ថកិច្ចជំនាញស្រុកចុះធ្វើការវាស់វែង និងកសាងឯកសារដកហូតយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕ ម៉ែវ សាធី


ចែករំលែក៖