ព័ត៌មានទាន់ហេតុការណ៍៖

ហ៊ីយ៉ាន់ដាយដឹកត្រី កៀរហាយឡេនឌ័រខូចខាតមួយចំហៀង

ចែករំលែក៖

ភ្នំពេញ៖ រថយន្តម៉ាកហ៊ីយ៉ាន់ដាយដឹកត្រី១គ្រឿង បើកបរក្នុងល្បឿនលឿន មិនប្រយ័ត្នបានកៀររថយន្តម៉ាកហាយឡែនឌ័រ ពីក្រោយ បណ្តាលឲ្យរងការខូចខាតមួយចំហៀង ។

ហេតុការណ៍នោះ បានកើតឡើងកាល ពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ នៅលើកំណាត់មហាវិថីឈ្នះឈ្នះ ស្ថិតនៅក្នុងភូមិស្រែរាជ្ជះ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានបាននិយាយថា នៅមុនពេលកើតហេតុពួកគេបានឃើញរថយន្តម៉ាកហាយឡែនឌ័រពណ៍ស ស៊េរីឆ្នាំ២០០៤ ពាក់ស្លាកលេខភ្នំពេញ2AZ-8767 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមផ្លូវបេតុងវត្តភ្នៀតសម្ពលី ក្នុងទិសដៅពីលិចទៅកើតឡើងលើមហាវិថីឈ្នះឈ្នះ បត់ទៅទិសខាងត្បូងវិញ ហើយស្របពេលនោះទើបតែបត់បានបន្តិចប៉ុណ្ណោះ ក៏ស្រាប់តែរថយន្តហ៊ីយ៉ាន់ដាយពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2J-9365 ដឹកត្រីបើកបរក្នុងល្បឿនយ៉ាងលឿនក្នុងទិសដៅពីជើងទៅត្បូងស្របគ្នាទៅដល់កៀរពីក្រោយតែម្ដង ។

ប្រភពដដែលបានបន្តទៀតថា ខណៈនោះរថយន្តដឹកត្រីបានជ្រុលបុកឡើងលើសួនច្បារពុះចែកទ្រូងផ្លូវបណ្ដាលឲ្យបែកកង់មុខខាងឆ្វេង១គ្រាប់ទៅមុខលែងរួច ។ ក្រោយពីឧប្បត្តិហេតុកើតឡើងភាគីទាំង២ បានសម្របសម្រួលគ្នាហើយខាងអ្នកបើកបររថយន្តដឹកត្រីបានសង ថ្លៃការខូចខាតទៅភាគីរថយន្តហាយឡែនឌ័រចំនួន៣៥០ដុល្លារ ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុដោយមិនរំខានដល់សមត្ថកិច្ច ៕ សុខាសែនជ័យ


ចែករំលែក៖