ព័ត៌មានទាន់ហេតុការណ៍៖

ឡានកាមរីបាឡែនបុករះចូលផ្ទះពលរដ្ឋខូចខាតយ៉ាងដំណំសង្ស័យអ្នកបើកបរស្រវឹងស្រា

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ត្រូវប្រជាពលរដ្ឋទប់កំហឹងមិនបាន ក៏នាំគ្នាព្រួតវាយម្នាក់មួយដៃម្នាក់មួយជើង បណ្តាលរងរបួសសន្លប់ ហើយត្រូវបានររថយន្តសាម៊ុយ ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ខណៈរូបគាត់បានបើករថយន្តទៅបុករះចូលផ្ទះប្រជាពលរដ្ឋក្នុងស្ថានភាពស្រវឹងស្រាជោគជាំ។

ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅផ្ទះហាងអ៊ុតសក់យីហោ បុរីព្រៃនគរ តាមបណ្តោយផ្លូវ៣១០ ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

បុរសដែលជាអ្នកបើកបរឈ្មោះព្រុំ ឌុចមុនីកា ភេទប្រុស អាយុ៤០ឆ្នាំ ជាមន្ត្រីរាជការ ស្នាក់នៅភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ បានបើករថយន្ត១គ្រឿងម៉ាកកាមរីបាឡែន ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AM-7195 ក្នុងស្ថានភាពស្រវឹងស្រាជោកជាំ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគេឃើញរថយន្តបង្កខាងលើ បានបើកចេញពីផ្ទះរបស់ខ្លួនដែលនៅជិតកន្លែងកើតហេតុខាងលើ ដោយធ្វើដំណើរតាមបណ្តោយផ្លូវ៣១០ ក្នុងទិសដៅពីលិចទៅកើត និងបើករេពេញផ្លូវហើយបានបុករះថូផ្កា ពាងទឹក ដើមញមួយដើម និងជញ្ជាំងផ្ទះប្រជាពលរដ្ឋ និងរបស់របរសម្ភារះមួយចំនួនទៀតដែលនៅតាមចិញ្ចើមផ្លូវបណ្តាលអោយបែកបាក់រងការខូចខាត ហើយរថយន្តមិនទាន់អស់ល្បឿន ក៏បានជ្រុលទៅបុកចូលផ្ទះហាងអ៊ុតសក់បែកថូផ្កា រួមទាំងតុ ថ្ម ដែលនៅខាងមុខផ្ទះកើតហេតុ បណ្តាលឲ្យខូចខាតយ៉ាងដំណំ តែអ្នកនៅក្នុងផ្ទះមិនរងរបួស ចំណែករថយន្តបង្កខូចខាតផ្នែកខាងមុខយ៉ាងដំណំទៅមុខលេងរួច។

ភ្លាមនោះ ប្រជាពលរដ្ឋបាននាំគ្នាផ្អើលឆោឡោដោយមានកំហឹងខឹងទៅលើអ្នកបើកបរផង ក៏បាននាំគ្នាវាយកម្ទេចកញ្ចក់រថយន្តមុខក្រោយបែកខ្ទេចខ្ទី និងបានវាយទៅលើម្ចាស់រថយន្តបណ្តាលឲ្យរងរបួសសន្លប់ស្តូកស្តឹង ត្រវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅឯគ្លីនិក សម្ភពរស្មី។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ និងបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែងស្ទូចយករថយន្តបង្កទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីរង់ចាំដោះស្រាយជាមួយនឹងម្ចាស់ផ្ទះនៅពេលក្រោយ៕ តុង សីហា


ចែករំលែក៖