ព័ត៌មានទាន់ហេតុការណ៍៖

ឡានកាមរី១គ្រឿងបុកស្រ្តីម្នាក់ជិះកង់របួសធ្ងន់បែកធ្លាយចេញឈើប្រណីត៣ប្រភេទ

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីរថយន្តមួយគ្រឿងបានបុកស្រ្តីម្នាក់រងរបួសធ្ងន់ ក៏ធ្លាយចេញឈើប្រណីតបីប្រភេទនៅក្នុងរថយន្តបង្ក ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៧ នៅតាមផ្លូវជាតិលេខ៥ នៅចំណុចភូមិកែវឡាត ឃុំពន្លៃ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចនគរបាលបានឲ្យដឹងថា ជនរងគ្រោះក្នុងករណីរថយន្តដឹកឈើបុកនេះ មានឈ្មោះស៊ន សុធី ភេទស្រី អាយុ៣៤ឆ្នាំ រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ ។ ចំណែកអ្នកបើកបររថយន្តមានឈ្មោះ លី រ៉ាឌី ហៅវ៉ា ។

សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញស្រ្តីម្នាក់បានជិះកង់របស់ខ្លួនក្នុងដំណើរ ពីផ្ទះទៅផ្សារ ពីជើងទៅត្បូង នៅពេលមកដល់ចំណុចកើតហេតុ ក៏មានរថយន្តមួយគ្រឿងម៉ាកតូយ៉ូតាកាមរី ពាក់ស្លាកលេខភ្នំពេញ២B-៦៦០៩ បើកបរដោយបុរសម្នាក់ឈ្មោះលី រ៉ាឌី ហៅវ៉ា បានជ្រុលទៅស្រ្តីដែលកំពុជិះកង់ពីក្រោយពេញមួយទំហឹង បណ្តាលឲ្យស្រ្តីរងរបួសធ្ងន់តែម្តង ក្រោយពេលកើតហេតុស្រ្តីរងគ្រោះត្រូវបានដឹកមកសង្រ្គោះនៅមន្ទីរពេទ្យបង្អែក ស្រុកប្រតិបត្តិបរិបូរណ៍ ចំណែកអ្នកបើកបរត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន និងបានពិនិត្យនៅក្នុងរថយន្តរកឃើញសុទ្ធតែឈើប្រណីត មានឈើក្រញូង ឈើធ្នុង និង ឈើនាងនួន ក្រោយពីឃើញមានឈើប្រណីតនៅក្នុងរថយន្ត សមត្ថកិច្ចនគរបាលស្រុក បានកសាងសំណុំរឿង បញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដើម្បីចាត់ការបន្តតាមនីតិវិធី ។

ប្រជាពលរដ្ឋហួសចិត្ត នាំគ្នានិយាយថា នេះបង្កគ្រោះថ្នាក់ចរាចរណ៍ បើសិនមិនមានបញ្ហានោះ បើកដល់គោលដៅបាត់ទៅហើយ ដែលករណីនេះប្រជាពលរដ្ឋឆ្ងល់ហេតុអីសមត្ថកិច្ចមិនដឹង ឬ ជារឿងញាក់ភ្នែកដាក់គ្នា ព្រោះគេសង្កេតឃើញថា សមត្ថកិច្ចនៅតាមផ្លូវជាតិលេខ៥ច្រើនណាស់ ទាំងជំនាញមន្ទីរកសិកម្ម និង សមត្ថកិច្ចផងដែរ ។

ករណីនេះមិនមែនជាករណីចៃដន្យនោះទេ ព្រោះអ្នកបើកបររថយន្តដឹកឈើនេះបានប្រាប់ថាខ្លួនបានដឹកពីភ្នំក្រវ៉ាញខេត្តពោធិសាត់ យកទៅឲ្យឈ្មោះ និត នៅភ្នំពេញ ៕ ចន្ថា


ចែករំលែក៖