ព័ត៌មានទាន់ហេតុការណ៍៖

ឡានតូយ៉ូតាស៊ីណាបុកម៉ូតូពីក្រោយស្លាប់ម្នាក់នៅនឹងកន្លែង

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ បន្ទាប់ពីមានរថយន្តមួយគ្រឿង ក្នុងដំណើរស្របទិសគ្នា បានបុកម៉ូតូពីក្រោយពេញមួយទំហឹង ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២ និង ៤៥នាទី ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧ នៅចន្លោះគីឡូម៉ែត្រលេខ៤០ និង ៤១ តាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតឃុំលង្វែក ស្រុកកំពង់ត្រឡាច ជាប់ព្រំប្រទល់ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចនៅមូលដ្ឋានបានឲ្យដឹងថា នៅមុនពេលកើតហេតុ មានបុរសម្នាក់ពាក់អាវយឺត ស្លៀកខោខ្លី បានជិះម៉ូតូមួយគ្រឿង អត់ស្លាកលេខបានធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង ហើយនៅពេលមដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តមួយគ្រឿងម៉ាកតួយ៉តាស៊ីណា ពណ៌ស ពាក់ស្លាកលេខភ្នំពេញ ២S-៤៨៤០ ធ្វើដំណើរស្របទិសគ្នាហើយបើកក្នុងល្បឿនយ៉ាងលឿន បានមកបុកម៉ូតូពីក្រោយពេញមួយទំហឹង បណ្តាលឲ្យជនរងគ្រោះប៉ើងចេញពីម៉ូតបោកនឹងថ្នល់ស្លាប់ភ្លាមៗតែម្តង ចំណែកឯករថយន្តបានជ្រុលធ្លាក់ប្រឡាយទៅមុខលែងរួច ហើយអ្នកបើកបរថយន្តបានរត់គេចខ្លួនបាត់ ។

រហូតមកដល់វេលាម៉ោង៣រសៀលថ្ងៃខែដដែលនេះ ជនរងគ្រោះនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយនោះទេ តាមរយៈសារព័ត៌មាន សមត្ថកិច្ចបានអំពាវនាវដល់ក្រុមគ្រួសារណា ដែលបាត់បងប្អូន មកទាក់ទងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង និង អាចទំនាក់ទំនងលេខទូរស័ព្ទ 012783991 ; 0883119167។ ជនរងគ្រោះស្លៀកខោខ្លីពណ៌ស្ក និងពាក់អាវដៃខ្លីពណ៌ត្រេអ៊ី ៕ ចន្ថា


ចែករំលែក៖