ព័ត៌មានទាន់ហេតុការណ៍៖

ឡានបុកទ្រូងផ្លូវ ម្ចាស់ទុករថយន្តចោល បែរជាជនឆ្លៀតឱកាសមកបើកទ្វារលួចទូរស័ព្ទ ពលរដ្ឋចាប់ឲ្យសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ៖ រថយន្តLEXLIS RX470 មួយគ្រឿង បានបើកទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ រួចម្ចាស់បើកហូសពីកន្លែងកើតហេតុបន្តិច ក៏ចុះគេចខ្លួនបាត់ទុករថយន្តចោល ស្រាប់តែមានជនសង្ស័យម្នាក់ជិះម៉ូតូមួយគ្រឿងមកបើកទ្វារឡានលួចទូរស័ព្ធ តែត្រូវប្រជាពលរដ្ឋស្គាល់ថា មិនមែនជាម្ចាស់ ក៏ចាប់ប្រគល់ឲ្យសមត្ថកិច្ច ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧ នៅតាមផ្លូវម៉ៅសេទុង កែងនឹងផ្លូវលេខ១៩៣ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ប្រជាពលរដ្ឋឃើញហេតុការណ៍ប្រាប់ឲ្យដឹងថារថយន្តបង្កម៉ាកLEXLIS RX470 ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ2G-7801 បើកបរតាមផ្លូវម៉ៅសេទុង ពីត្បួងទៅជើងក្នុងល្បឿនលឿន មកដល់ចំណុចកើតហេតុ បុករបាំងថ្មចែកទ្រូងផ្លូវចំពីចហៀងកង់មុខផ្នែកខាងឆ្វេងបណ្ដាលឲ្យរបាំងថ្មរងការខូចខាត ហើយរថយន្តបង្កវិញបានបន្តទៅមុខប្រហែល១០០ម៉ែត្រ អ្នកបើកបរចុះគេចខ្លួនបាត់ ។

ប្រភពបន្តថា ក្រោយមក ជនសង្ស័យម្នាក់ជិះម៉ូតូមួយគ្រឿង ម៉ាកវេវ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1CA-1182 មកឈប់ក្បែរថយន្តបង្ក ហើយបើកទ្វារថយន្តធ្វើដូចជាអ្នកស្គាល់ម្ចាស់រថយន្តអីចឹង រួចបានយកទូរស័ព្ធ១គ្រឿង ម៉ាកអាយហ្វូន 6Plus ចេញពីក្នុងរថយន្ត បំរុងឡើងម៉ូតូជិះគេចខ្លួន តែត្រូវបានអ្នកនៅកន្លែងកើតហេតុនាំគ្នាសួរដេញដោល ពេលនោះជនសង្ស័យឆ្លើយអេសអុញ ទើបពួកគាត់ចាប់ប្រគល់ឲ្យសមត្ថកិច្ចមូលដ្ឋានតែម្តង ។

សមត្ថកិច្ចឲថា ជនសង្ស័យឈ្មោះលឹម លីកា ភេទប្រុស អាយុ៣០ឆ្នាំ មានមុខរបរជាងរថយន្តនៅម្ដុំផ្សារដេប៉ូទី១ ខណ្ឌទួលគោក និងមានស្រុកកំណើតក្នុងភូមិផ្សារ ឃុំព្រែកតាម៉ាក ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។ ជនសង្ស័យថា រូបគេបានបើកទ្វាររថយន្តលួចយកទូរស័ព្ឋ១គ្រឿងមែន ។

បច្ចុប្បន្ន ជនសង្ស័យខាងលើ រួមនិងវត្ថុតាំងត្រូវបានសមត្ថកិច្ចឃាត់នៅប៉ុស្ដិ៍នគរបាល ទួលស្វាយព្រៃ១ ដើម្បីកសាងសាណុំរឿងចាត់ការតាមផ្លូវច្បាប់ ។ ដោយឡែករថយន្តLEXLIS RX470 ដែលបើកបុករបាំងថ្មពុះចែកទ្រូងផ្លូវខាងលើ ត្រូវបានសមត្ថកិច្ចជំនាញចរាចរណ៍ចុះមកវាស់វែងយករថយន្តបង្កទៅរក្សាទុក នៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕ ភារ៉ា ដង្កោ


ចែករំលែក៖