ព័ត៌មានទាន់ហេតុការណ៍៖

ឡិចស៊ីស RX300 បុកជាមួយម៉ូតូហុងដា ឌ្រីម ០៨ បណ្ដាលឲ្យបុរសម្នាក់របួសធ្ងន់ និងក្មេង ប្រុស ស្រី២ នាក់របួសស្រាល

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់ បានរងរបួសធ្ងន់ និងក្មេងប្រុសស្រី២នាក់ទៀត របួសជាំខ្លួន ក្រោយពីជិះម៉ូតូឌុបគ្នាបុកជាមួយ រថយន្តឡិចស៊ីស RX300 ចំពីមុខពេញទំហឹង កាលពីវេលាម៉ោង៨ និង៥០នាទីយប់ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវលំ ក្នុងភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែង កើតហេតុបានឲ្យដឹងថា នៅពេលកើតហេតុនោះ គេឃើញម៉ូតូមួយគ្រឿងម៉ាក ហុងដា ឌ្រីម ០៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AM-4099 បានជិះឌុបគ្នា៣នាក់ ដោយមានបុរសម្នាក់ជាអ្នក បើកបរ និងក្មេងប្រុសស្រី២នាក់ រួមដំណើរជាមួយ ពេលនោះ ក៏មានរថយន្តមួយគ្រឿងម៉ាក ឡិចស៊ីស RX300 ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2AO-6598 បើកបរដោយបុរសម្នាក់ រួមជាមួយប្រពន្ធ និងកូនៗ បានធ្វើដំណើរបញ្ច្រាស់ទិសគ្នា និងបានបុកគ្នាចំប្រឆិតពីមុខយ៉ាងពេញទំហឹង បណ្ដាលឲ្យបុរសម្នាក់ភាគីខាងម៉ូតូដួលបោកក្បាលរងរបួសធ្ងន់ និងក្មេងប្រុសស្រីរួមដំណើរជាមួយ របួសរលាត់ខ្លួនតិចតួច ។

ក្រោយកើតហេតុភ្លាមៗ សមត្ថកិច្ចមូលដ្ឋានបានចុះទៅ ដល់ ហើយទាក់ទងទៅរថយន្តសង្គ្រោះ បន្ទាន់មកដឹកជនរងគ្រោះទៅមន្ទីរពេទ្យសួគ៌ា ។ ដោយឡែកម៉ូតូ និងរថយន្តខាងលើ បានរងការខូចខាត មិនអាចបើកបរបាន ទើបសមត្ថកិច្ចជំនាញវាស់វែង យករថយន្ត និងម៉ូតូ ទៅរក្សាទុកបណ្ដោះអាសន្ន រង់ចាំដោះស្រាយតាមនីតិវិធី ៕ ភារ៉ា ដង្កោ


ចែករំលែក៖