ព័ត៌មានទាន់ហេតុការណ៍៖

អគ្គលេខាធិការកីឡាកាយសម្ព័ន្ធបង្ហាញ ពីគម្រោងផ្សព្វផ្សាយមូលដ្ឋានគ្រឹះដល់ថ្នាក់មូលដ្ឋាន

ចែករំលែក៖

ភ្នំពេញ ៖ លោក ណយ ផានណា អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានផ្តល់បទសម្ភាសខ្លីមួយនឹងអ្នកសារព័ត៌មានដើម្បីបង្ហាញពីគម្រោងផែនការមួយចំនួនពាក់ព័ន្ធនឹងយុទ្ធនាការចុះផ្សព្វផ្សាយ ស្តីពីមូលដ្ឋានគ្រឹះ នៃវិស័យកីឡាកាយសម្ព័ន្ធ ដល់ថ្នាក់ក្រោមជាតិចាប់ដើមខែមីនា ឆ្នាំ២០១៧ កាលពីល្ចាចថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៧ នៅសាលដំបូលទូកក្នុងពហុកីឡដ្ឋានជាតិ ។

លោក ណយ ផានណា បានឲ្យដឹងថា ដើម្បីបញ្ជ្រាបចំណេះដឹងកាន់តែស៊ីជម្រៅក្នុងវិស័យកីឡាជំនាញមួយនេះ ដល់គ្រូបង្វឹក កីឡាករ កីឡាការិនី ថ្នាលនៅមូលដ្ឋាននោះ គោលបំណងចង់ពង្រឹងគ្រឹះឲ្យរឹងមាំតាមផែនការអភិវឌ្ឍ ឆ្ពោះទៅដណ្តើមមេដាយពីព្រឹត្តិការណ៍កីឡាអន្តរជាតិនានា ដែលសហព័ន្ធបានដាក់ចុះ នាពេលកន្លងទៅ។

លោក អគ្គលេខាធិការបានបន្តថា យុទ្ធនាការផ្សព្វផ្សាយទាំងនេះ ធ្វើឡើងដោយយោងតាមផែនការមេរបស់សហព័ន្ធ ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានកីឡានៃក្រសួងអប់រំយុវជន និងកីឡា គឺសហព័ន្ធនីមួយៗត្រូវតែរៀបចំសិក្ខាសាលាឲ្យបានយ៉ាងតិច២ទៅ៣ដងក្នុង១ឆ្នាំៗ ជាការបញ្ជ្រាបចំណេះដឹង ជូនដល់ប្រជាជននៅតាមតំបន់ ដែលមានក្លិបស្រាប់ ឲ្យពួកគាត់ជ្រាបច្បាស់ពីសក្តានុពលវិស័យកីឡាកាយសម្ព័ន្ធ ពិសេសគ្រូបង្វឹក យុវជន និងពលរដ្ឋធម្មតា ក៏អាចហាត់កីឡាកាយសម្ព័ន្ធសម្រាប់សុខភាពបានដែរ ។

លោកអគ្គលេខាធិការបន្ថែមថា សិក្ខាសាលាលើកទី១ គ្រោងធ្វើនៅដើមខែមីនា ក្នុងបរិវេណសាលាលេខ៥ ខេត្តកំពង់ឆ្នាំង ដើម្បីផ្តល់ចំណេះដឹងដល់គ្រូថ្នាក់មូលដ្ឋានទាំងអស់ អំពីអ្វីទៅ មូលដ្ឋានគ្រឹះនៃជំនាញកីឡាកាយសម្ព័ន្ធ រួមនឹងកម្រិតបច្ចេកទេសនានាសម្រាប់បង្ហាត់របស់គ្រូដល់កីឡាករ កីឡាការិនីថ្នាល នៅថ្នាក់មូលដ្ឋាន នៃខេត្តកំពង់ឆ្នាំង ដើម្បីបង្កើនគុណភាពនាថ្ងៃអនាគត ។វគ្គសិក្ខាសាលានេះអាចនឹងមានអ្នកពាក់ព័ន្ធប្រមាណ៣០នាក់ មកពីខេត្តក្រចេះ កំពង់ចាម, តាកែវ និងបណ្តាក្លិបមួយចំនួន នៅរាជធានីភ្នំពេញផងដែរ ។

លោក ណយ ផាណា បញ្ជាក់ថា “ខ្ញុំគិតថា សិក្ខាសាលានេះវាមានសារៈ សំខាន់ណាស់ សម្រាប់វគ្គដំបូង បន្ទាប់មក យើងរៀបចំវគ្គបច្ចេកទេស និងបញ្ជ្រាបការយល់ដឹងនៅដំណាក់កាលទី១ ទី២ និងទី៣រួចហើយយើងនឹងរៀបចំវគ្គបច្ចេកទេសតែម្តង ដែលមានរយៈពេលជាង១សប្តាហ៍ ឬច្រើនជាង១០ថ្ងៃ កាន់តែប្រសើរ” ៕ សារីម

ab (3) ab ab (1) ab (2)


ចែករំលែក៖