ព័ត៌មានទាន់ហេតុការណ៍៖

អគ្គិភ័យកើតឡើងក្នុងឆ្នាំ២០១៧មានចំនួន៥១៤លើក បង្កឲ្យមនុស្សស្លាប់២២នាក់

ចែករំលែក៖

ភ្នំពេញ៖ គ្រោះអគ្គិភ័យបានកើតឡើងនៅក្នុងឆ្នាំ២០១៧ មានចំនួន៥១៤លើក / ៦១២លើក បើប្រៀបធៀបនឹងឆ្នាំ២០១៦ មានការថយចុះ៩៨លើក ស្មើនឹង១៩% បង្កឲ្យមនុស្សស្លាប់២២នាក់ (ស្រី១៣នាក់) និងរបួសមនុស្ស១២៨នាក់ (ស្រី៧៦នាក់) ឆេះផ្ទះសម្បែងអស់ចំនួន៤៨០ខ្នងផ្ទះ និងខូចខាតទ្រព្យសម្បតិ្តប្រើប្រាស់មួយចំនួនធំ រួមនឹងថវិកាជាច្រើនសន្ធឹកសន្ធាប់ផងដែរ។ នេះគឺជាប្រសាសន៍លើកឡើងរបស់នាយឧត្តមសេនីយ៍ សួស អង្គារ៍ អគ្គស្នងការរងនគរបាលជាតិ ដែលបានថ្លែងក្នុងកិច្ចប្រជុំផ្សព្វផ្សាយ សេចក្តីណែនាំលិខិតបទដ្ឋានពាក់ព័ន្ធការងារបង្ការពន្លត់អគ្គិភ័យ និងផែនការយុទ្ធសាស្ត្ររយៈពេល០៣ឆ្នាំ (២០១៨-២០២០) របស់នាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ ក្រសួងមហាផ្ទៃ ដែលបានប្រព្រឹត្តធ្វើឡើងនាថ្ងៃព្រហស្បត៍ ២កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ នៅសាលប្រជុំអគ្គស្នងការដ្ឋាននគរបាលជាតិ។
នាយឧត្តមសេនីយ៍អគ្គស្នងការរងដដែលបន្តថា មូលហេតុដែលបណ្តាលឲ្យមានអគ្គិភ័យគឺភាគច្រើនផ្តើមចេញពីការឆ្លងចរន្តអគ្គីសនីរហូតដល់ទៅ១៦៣លើក ការប្រើប្រាស់ភ្លើង១៤៩លើក មិនដឹងមូលហេតុ១១៥លើក និងកំពុងស្រាវជ្រាវ៨៧លើក។ គ្រោះថ្នាក់ធម្មជាតិក្នុងឆ្នាំ២០១៧ មានចំនួន៤០លើក ក្នុងនោះខ្សល់ព្យុះ២៦៣លើក រន្ទះបាញ់១២០លើក និងគ្រោះទឹកជំនន់១៩លើក។ នាយឧត្តមសេនីយ៍បន្តថា គ្រោះថ្នាក់សង្គមក្នុងឆ្នាំ២០១៧ មានចំនួន១៨លើកដូចជា៖ ករណីលង់ទឹក១៦លើក និងឆក់ខ្សែភ្លើង២លើក។ នាយឧត្តមសនីយ៍ សួស អង្គារ៍ ក៏បានសម្តែងនូវក្តីបារម្មណ៍យ៉ាងខ្លាំងក្នុងករណីកើតមានគ្រោះអគ្គិភ័យនៅតែបន្តមានកំណើនខ្ពស់ពីមួយឆ្នាំ ទៅមួយឆ្នាំឥតឈប់ឈរ គឺដោយសារកំណើនសេដ្ឋកិច្ចជាតិ វិស័យសំណង់ក៏មានការរីកចម្រើនគួរឲ្យកត់សម្គាល់ ហេដ្ឋារចនាសម្ព័ន្ធសំណង់ស្ថាបត្យកម្ម សំណង់អគារខ្ពស់ៗ បុរី ភូមិគ្រឹះ ផ្សារទំនើប សណ្ឋាគារ រោងចក្រ សហគ្រាស លំនៅដ្ឋាន។ល។ ត្រូវបានសាងសង់ឡើងរីកដុះដាលនៅក្នុងទីក្រុង និងជនបទ ព្រមជាមួយតម្រូវការប្រើប្រាស់ចរន្តអគ្គិសនី សារធាតុងាយឆេះ និងងាយផ្ទុះឆេះ ជាដើមចម។
នាយឧត្តមសេនីយ៍ អគ្គស្នងការរងដដែលបានលើកឡើងឲ្យដឹងទៀតថា ផ្តើមចេញពីបញ្ហាខាងលើនេះ អគ្គស្នងការដ្ឋាននគរបាលជាតិ បានចេញនូវលិខិតបទដ្ឋានគតិយុតិ្តផ្សេងៗទៀត ក្នុងគោលបំណងដើម្បីពង្រឹងលក្ខខណ្ឌ វិធានការបង្ការ និងពន្លត់អគ្គិភ័យ ឲ្យមានប្រសិទ្ធភាពខ្ពស់តាមរយៈការជម្រុញផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំ មានសុវតិ្ថភាព រៀបចំហ្វឹកហ្វឺនដល់ក្រុមប្រជាការពារស្ម័គ្រចិត្តតាមភូមិ ឃុំ គឺក្រូមអគ្គិភ័យកាតព្វកិច្ចតាមបណ្តាស្ថាប័នរដ្ឋ និងឯកជន ឲ្យមានសមត្ថភាពចំណេះដឹង និងមានសមត្ថភាពម្ចាស់ការក្នុងការពន្លត់អគ្គិភ័យជាបឋម។
នាយឧត្តមសេនីយ៍ សួស អង្គារ៍ អគ្គស្នងការរងនគរបាលជាតិក៏បានឲ្យដឹងទៀតថា ចំពោះមុខត្រឹមឆ្នាំ២០១៧នេះ អង្គភាពនគរបាលបង្ការ និងពន្លត់អគ្គិភ័យមានរថយន្តសរុបចំនួន២៤៨គ្រឿង។ ដោយឡែកនៅក្នុងឆ្នាំ២០១៨ខាងមុខនេះ រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ នឹងបន្តផ្តល់រថយន្តពន្លត់អគ្គិភ័យចំនួន៨៧គ្រឿងបន្ថែមទៀត គម្រប់២០០គ្រឿង ដែលជាគម្រោងថវិការបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ប្រគល់ជូនអង្គភាពនគរបាលបង្ការ ពន្លត់អគ្គិភ័យ រាជធានីខេត្ត។
ជាមួយគ្នានេះផងដែរ លោក ព្រហ្ម យ៉ន នាយការិយាល័យបង្ការ ពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញក៏បានបញ្ជាក់លើកឡើងនូវបញ្ហាប្រឈមថា ស្ថានភាពផ្លូវតូចចង្អៀត ការកកស្ទះចរាចរណ៍ធ្វើឲ្យរថយន្តទៅមិនទាន់ហេតុការណ៍ដោយពលរដ្ឋនៅមិនទាន់យល់ពីសិទិ្ធអាទិភាពរថយន្តអគ្គិភ័យ៕ តាឡឹម

ចែករំលែក៖