ព័ត៌មានទាន់ហេតុការណ៍៖

អគ្គិភ័យឆេះទូកុងតឺន័រ ដែលស្តុកក្រណាត់ផ្អើលសមត្ថកិច្ចទាំងកណ្ដាលអធ្រាត្រ

ចែករំលែក៖

ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីប្រជាពលរដ្ឋនិងសមត្ថកិច្ចនាំគ្នាក្រោកពីដំណេកទាំងភ័យស្លន់ស្លោ ខណៈដែលមានអគ្គិភ័យមួយបានឆាបឆេះទូកុងតឺន័រ ដែលស្តុកក្រណាត់ បង្កជាផ្សែងហ៊ុយទ្រលោម ប៉ុន្តែសំណាងល្អមិនរោលដាលដល់ផ្ទះប្រជាពលរដ្ឋដទៃទៀត ។

ហេតុការណ៍អគ្គិភ័យខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី២ ខែមីនា ឆ្នាំ២០១៨ ឃ្លាំងស្តុកក្រណាត់មួយកន្លែង សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

តាមប្រភពពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញមានផ្សែងហ៊ុយទ្រលោមចេញពីទូកុងតឺន័រ ដែលស្តុកក្រណាត់ដែលម្ចាស់ដាក់នៅមុខឃ្លាំងកើតហេតុ ភ្លាមនោះម្ចាស់ឃ្លាំងនិងកម្មករបាននាំគ្នាទាញទុយោទឹក ខ្លះយកបំពង់ពន្លត់អគ្គិភ័យមកបាញ់ដើម្បីទប់ស្កាត់កុំឲ្យឆេះរោលដាលខ្លាំង និងបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋាននិងប្រជាពលរដ្ឋនៅក្បែរនោះនាំគ្នាក្រោកពីដំណេកទាំងសភាពភ័យស្លន់ស្លោផងដែរ ។

ក្រោយកើតហេតុ ដោយសារបងប្អូនប្រជាពលរដ្ឋនិងម្ចាស់ឃ្លាំងបានសហការគ្នាជួយបាញ់ទឹកពន្លត់ ឲ្យរលត់ទៅវិញជាស្ថាពរ​ដោយមិនបណ្តាលឲ្យរាលដាលដល់ផ្ទះប្រជាពលរដ្ឋនោះទេ ៕ ស រស្មី


ចែករំលែក៖