ព័ត៌មានទាន់ហេតុការណ៍៖

អគ្គិភ័យនៅហាងខារ៉ាអូខេភាគខាងត្បូងចិនស្លាប់មនុស្ស១៨នាក់

ចែករំលែក៖

ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋបានឱ្យដឹងថា អគ្គិភ័យបានឆាបឆេះបន្ទប់ខារ៉ាអូខេមួយនៅភាគខាងត្បូងប្រទេសចិន កាលពីថ្ងៃអង្គារ ដោយសម្លាប់មនុស្ស១៨នាក់ និងរងរបួស៥នាក់ទៀត។

យោងតាមប៉ូលិសបានឱ្យដឹងថា អគ្គិភ័យនេះបានកើតឡើងនៅពាក់កណ្ដាលអធ្រាត្រ នៅអគារកម្ពស់បីជាន់ នៅទីក្រុង Qingyuan ខេត្តក្វាងទុង ហើយត្រូវបានគេគ្រប់គ្រោងស្ថានការណ៍បាននៅវេលាម៉ោង១រំលងអធ្រាត្រ ។

ការស៊ើបអង្កេតបឋមបានរកឃើញថា អគ្គិភ័យនេះ បណ្តាលមកពីការលួចដុត ។ នេះបើតាមមន្ត្រីសន្តិសុខសាធារណៈ Qingyuan បានថ្លែងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម Weibo របស់ខ្លួន ។ “អាជ្ញាធរសន្តិសុខសាធារណៈកំពុងបង្កើនការស៊ើបអង្កេតរបស់ខ្លួន” ។

សេចក្តីថ្លែងរបស់ប៉ូលិសមិនបានរៀបរាប់អំពីទីតាំងនៃការលួចដុតនោះទេ ប៉ុន្តែភ្នាក់ងារព័ត៌មានស៊ីនហួផ្លូវការបានផ្សាយថា ភ្លើងឆេះបានកើតឡើងនៅក្នុងបន្ទប់ KTV ឬកន្លែងខារ៉ាអូខេ ។

អគ្គិភ័យបានកើតឡើងជាទូទៅនៅក្នុងប្រទេសចិន ដែលបទបញ្ជាសុវត្ថិភាពត្រូវបានបំពានយ៉ាងទូលំទូលាយ ហើយការអនុវត្តន៍ជាទូទៅមានភាពធូររលុង ៕ ថាច់ យ៉ាត


ចែករំលែក៖