ព័ត៌មានទាន់ហេតុការណ៍៖

អង់គ្លេសនិងចិនពង្រឹងទំនាក់ទំនងទ្វេភាគីឲ្យកាន់តែប្រសើរ

ចែករំលែក៖

នៅពេលនេះអង់គ្លេស កំពុងតែខ្វែង គំនិតជាមួយអឺរ៉ុប នៅក្នុងដំណើរចាកចេញ របស់អង់គ្លេស។ នៅពេលនេះភាគីទាំងពីរ កំពុងតែប្រឈមនិងវិវាទក្នុងវិស័យពាណិជ្ជកម្មពេលចាកចេញពីអឺរ៉ុប ។

ដើម្បីបំពេញតម្រូវការពាណិជ្ជកម្មរបស់ខ្លួន នាយករដ្ឋមន្ត្រីអង់គ្លេសបានបំពេញ ទស្សនកិច្ចទៅកាន់ប្រទេសចិន ដើម្បីពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច សហប្រតិបត្តិការរវាងប្រទេសទាំងពីរឲ្យកាន់តែប្រសើរថែមទៀត ។ លោកស្រីនាយករដ្ឋមន្ត្រីអង់គ្លេស នឹងធ្វើទស្សនកិច្ចនៅក្នុងប្រទេសចិនរយៈពេល៣ថ្ងៃ។

នាយករដ្ឋមន្រ្តីអង់គ្លេសលោកស្រី Theresa May បានធ្វើដំណើរមកដល់ទីក្រុង Wuhan នៃខេត្ត Hubei ភាគកណ្តាល ប្រទេសចិនហើយ ដើម្បីចាប់ផ្តើមដំណើរ ទស្សនកិច្ចផ្លូវការរបស់លោកស្រី ដែល មានរយៈពេល៣ថ្ងៃ តបតាមការអញ្ជើញ របស់នាយករដ្ឋមន្រ្តីចិន លោក លី ខឺឈាំង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានចិន CGTN នៅព្រឹកថ្ងៃពុធ ទី៣១ ខែមករា ឆ្នាំ២០១៨។

នៅក្នុងថ្ងៃដដែលនេះ លោកស្រី May ដែលមានអមដំណើរមកជាមួយនូវ ប្រតិភូតំណាងក្រុមហ៊ុនធំៗនៃចក្រភពអង់គ្លេសផងដែរនោះ នឹងបន្តដំណើរឆ្ពោះទៅកាន់ រដ្ឋធានីប៉េកាំង ដើម្បីបើកកិច្ចប្រជុំទ្វេភាគីថ្នាក់នាយករដ្ឋមន្រ្តីប្រចាំឆ្នាំ ជាមួយលោក Li និងជួបពិភាក្សាជាមួយបណ្តាថ្នាក់ដឹកនាំចិនដទៃៗ ដើម្បីផ្លាស់ប្តូរទស្សនៈ លើ ចំណងទាក់ទងទ្វេភាគី ព្រមទាំងបញ្ហាក្នុងតំបន់ក៏ដូចជាអន្តរជាតិ។

គួរជម្រាបថា នេះគឺជាដំណើរទស្សន កិច្ចលើកទីពីរហើយ របស់លោកស្រី Theresa May មកកាន់ប្រទេសចិន ក្នុងនាម ជានាយករដ្ឋមន្រ្តីនៃចក្រភពអង់គ្លេស ក្រោយពីលោកស្រី បានចូលរួមកិច្ចប្រជុំ កំពូល G20 នៅឯទីក្រុង Hangzhou ភាគ​ខាងកើតប្រទេសចិន កាលពីខែកញ្ញា ឆ្នាំ ២០១៦៕ ម៉ែវ សាធី


ចែករំលែក៖