ព័ត៌មានទាន់ហេតុការណ៍៖

អង់គ្លេសអាចនឹងបោះឆ្នោតប្រជាមតិស្តីពី​ Brexit ​ជាលើកទីពីរ

ចែករំលែក៖

គណបក្ស​ប្រឆាំងនៅអង់គ្លេស កាលពីថ្ងៃទី​២២ ខែមករា ​បាន ស្នើដល់សភា អនុញ្ញាតឲ្យបោះឆ្នោតប្រជាមតិ​លើកទីពីរ ស្តីពី​ Brexit ដែលអាចរារាំង​ដល់ការចាកចេញរបស់​អង់គ្លេស ពីសហគមន៍អឺរ៉ុប ។

កន្លងមក មានកិច្ចប្រជុំនៅក្នុងសភាអង់គ្លេស ក្នុងគោលដៅរារាំង​អង់គ្លេស ចាកចេញពីអឺរ៉ុប ដោយគ្មានកិច្ចព្រមព្រៀង ។ ​ជម្រើស​ដែលមន្ត្រីគណបក្សប្រឆាំងអង់គ្លេស លើកឡើងគឺ ពិភាក្សាឡើងវិញ នៅកិច្ចព្រមព្រៀងស្តីពី ​ Brexit ​ដែលនាយករដ្ឋមន្ត្រី Theresa May ​ទទួលបានជាមួយអឺរ៉ុប ។

កិច្ចពិភាក្សាស្តីពី ការរៀបចំបោះឆ្នោតប្រជាមតិលើកទីពីរ ទទួលបានការគាំទ្រ ភាគច្រើនពីក្រុមតំណាងរាស្ត្រគណបក្សប្រឆាំង ។

ពាក់ព័ន្ធនឹងការចាកចេញពីអឺរ៉ុប នាយករដ្ឋមន្ដ្រីអង់គ្លេស លោកស្រី Theresa May បាននិយាយថា លោកស្រីចរចាជាមួយសហភាពអឺរ៉ុបម្ដងទៀត ដើម្បីពង្រឹងកិច្ចព្រមព្រៀង ដែលសម្រេចបានកន្លងមក។ កិច្ចព្រមព្រៀងនេះ ត្រូវសមាជិកសភាអង់គ្លេសថា ជាកិច្ចព្រមព្រៀងគ្មានតម្លៃគ្រប់គ្រាន់ ។ ការប្រកាសរបស់លោកស្រីនាយករដ្ឋមន្ដ្រី ធ្វើឡើងតែ១០សប្ដាហ៍ប៉ុណ្ណោះ មុនអង់គ្លេសដល់ពេលកំណត់ត្រូវដើរចេញពីសហភាពអឺរ៉ុប ។ កាលបរិច្ឆេទគឺនៅថ្ងៃទី២៩ ខែមីនា ខាងមុខនេះហើយ។

ប៉ុន្ដែអ្វីដែលជាក្ដីបារម្ភធំបំផុតរបស់លោកស្រី May លោកស្រីខា្លចអង់គ្លេសត្រូវចាកចេញដោយគ្មានកិច្ចព្រមព្រៀង ។ បើដូច្នេះមែន អង់គ្លេសនឹងគ្មានសុវត្ថិភាពឡើយ មិនថា ផ្នែកនយោបាយ សេដ្ឋកិច្ច សន្ដិសុខសង្គមជាដើម ។ នេះជាដើមចម ដែលធ្វើឲ្យលោកស្រីខ្នះខ្នែងចរចា ជាមួយអឺរ៉ុប ជាលើកទីបី ដើម្បីសម្រេចបានកិច្ចព្រមព្រៀងដែលសមាជិកសភាអាចទទួលយកបាន។ ក្នុងការបោះឆ្នោតនៅសភាកាលពីពាក់កណ្ដាលខែមករានេះ សមាជិកភា ភាគច្រើនជំទាស់នឹងកិច្ចព្រមព្រៀង ទោះបីលោកស្រីនាយករដ្ឋមន្ដ្រីព្យាយាមពន្យល់ពីសារសំខាន់ នៃកិច្ចព្រមព្រៀងក៏ដោយ។ ដើម្បីបង្កើនទំនុកចិត្ដដល់សមាជិកសភា លោកស្រីសន្យានឹងចរចាជាមួយអឺរ៉ុបម្ដងទៀត។

កន្លងមកមានមតិលើកឡើងថា ប្រសិនកិច្ចព្រមព្រៀងនៅតែមិនទទួលបានការគាំទ្រឲ្យប្រើប្រាស់ទៀត អង់គ្លេសគួរតែពន្យារពេលចាកចេញពីអឺរ៉ុប ឬអាចរៀបចំធ្វើប្រជាមតិជាលើកទីពីរក៏បាន។ ប៉ុន្ដែរដ្ឋាភិបាលលោកស្រីMayមិនចង់អនុវត្ដតាមវិធីសាស្ដ្រនេះឡើយ ព្រោះអ្វីដែលប្រជាជនអង់គ្លេសបានសម្រេចចិត្ដ លោកស្រីមិនចង់ប្រឆាំងការពិតទេ។ ម្យ៉ាងលោកស្រីបានព្យាយាមមិនខ្លាចនឿយហត់ ចរចារកកិច្ចព្រមព្រៀងជាមួយអឺរ៉ុបទម្រាំសម្រេចបាន ចុះបើលើកពេលចាកចេញ ឬត្រូវធ្វើប្រជាមតិម្ដងទៀត ការប្រឹងប្រែងរបស់លោកស្រី ហាក់ជារឿងអត់ប្រយោជន៍។

យ៉ាងណាមិញ ពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងនេះ នៅតែជាឧបសគ្គដ៏ធំរបស់រដ្ឋាភិបាលអង់គ្លេស មុនពេលដើរចេញពីអឺរ៉ុបទៅរស់នៅតែឯង។ ក៏មិនទាន់ដឹងច្បាស់ថា ការចរចាជាថ្មីរវាងលោកស្រីTheresa Mayជាមួយសហភាពអឺរ៉ុប អាចសម្រេចលទ្ធផលតាមការចង់បានឬយ៉ាងណាទេ ៕


ចែករំលែក៖