ព័ត៌មានទាន់ហេតុការណ៍៖

អង្គការសហប្រជាជាតិចាប់ផ្តើមពិភាក្សាថ្នាក់រដ្ឋមន្ត្រីការបរទេសស្តីពីកូរ៉េខាងជើង

ចែករំលែក៖

នៅថ្ងៃទី២៨ ខែកញ្ញា នៅទីក្រុងញូវ យ៉កសហរដ្ឋអាមេរិក បានបើកកិច្ចពិភាក្សាថ្នាក់រដ្ឋមន្ត្រីការបរទេស ដើម្បីពិភាក្សាទៅលើបញ្ហាកូរ៉េខាងជើង ។

បណ្តារដ្ឋមន្ត្រីការបរទេសជាសមាជិក បានបង្ហាញក្តីសង្ឃឹមថា ជំនួបពិភាក្សា ជាលើកទីពីរ រវាងប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នឹងគីម ជុងអ៊ុននឹងកើតឡើង ប៉ុន្តែនៅតែមានវិវាទ ជុំវិញការដាក់ទណ្ឌ កម្មកូរ៉េខាងជើងដដែល។

នៅក្នុងកិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេស អាមេរិក លោក Mike PomPeo បាន ប្រកាសថា លោកបានជួបជាមួយសមភាគីកូរ៉េខាងជើង លោក Ri Yong Ho ដើម្បីពិភាក្សាត្រៀមជំនួបជាលើកទីពីរ រវាង ប្រធានាធិបតីដូណាល់ ត្រាំ នឹងមេដឹក នាំគីមជុងអ៊ុន ។

រដ្ឋមន្ត្រីការបរទេសអាមេរិក ក៏បាន លើកឡើងពីការដឹកជញ្ជូនខុស រវាងនាវា ដឹកទំនិញ កូរ៉េខាងជើង ជាមួយនឹងនាវា ប្រទេសផ្សេងទៀត ជាការបំពានច្បាប់ដាក់​ទណ្ឌកម្ម របស់អង្គការសហប្រជាជាតិ។

រដ្ឋមន្ត្រីការបរទេសអាមេរិក បានអំពាវនាវឲ្យអនុវត្តពេញលេញនូវការដាក់ទណ្ឌកម្ម របស់អង្គការសហប្រជាជាតិទៅលើ កូរ៉េខាងជើង។ ប៉ុន្តែភាគីរុស្ស៊ី និងចិន បាន ប្រឆាំងដោយបើកចំហទៅនឹងការដាក់ ទណ្ឌកម្មលើកូរ៉េខាងជើង។

រដ្ឋមន្ត្រីការបរទេសអាមេរិក បង្ហាញ ការមិនពេញចិត្តចំពោះ ប្រទេសមួយចំនួនដែលមិនគោរពដល់ការដាក់ទណ្ឌកម្មលើកូរ៉េខាងជើង ដែលជាផ្នែកមួយនៃយុទ្ធ សាស្ត្រសំខាន់របស់ទីក្រុងវ៉ាស៊ីនតោន ដើម្បីបង្ខំឲ្យកូរ៉េខាងជើង បោះបង់អាវុធ បរមាណូ។

តំណាងភាគីរុស្ស៊ី និងចិន បានប្រឆាំងនឹងការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេសអាមេរិក ដោយស្នើដល់ភាគីអាមេរិក ត្រូវតែយោគយល់ ឬបញ្ចប់ការដាក់គំនាបលើកូរ៉េខាងជើង ផ្តល់ឱកាសដល់ប្រទេស នេះ ក្នុងការបោះបង់អាវុធបរមាណូនិង មីស៊ីល ៕ ម៉ែវ សាធី


ចែករំលែក៖