ព័ត៌មានទាន់ហេតុការណ៍៖

អតីតតារាបាល់បោះជនជាតិអាមេរិក វិលត្រឡប់ទៅកាន់កូរ៉េខាងជើងជួបជាមួយមិត្តភក្តិគីម ជុងអ៊ុន

ចែករំលែក៖

តារាបាល់បោះជនជាតិអាមេរិក លោក Dennis Rodman បានទៅបំពេញទស្សន កិច្ចនៅកូរ៉េខាងជើង ជាលើកទីពីរក្រោយ រយៈពេល៣ឆ្នាំ ដើម្បីជួបជាមួយមិត្តភក្តិចាស់គឺលោកគីម ជុងអ៊ុន។

មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលប្រធានាធិបតីដូណាល់ ត្រាំបានបញ្ជាក់នៅថ្ងៃទី១៣ខែមិថុនាថា អតីតតារាបាល់បោះអាយុ ៥៦ឆ្នាំ Dennis Rodman បានទៅបំពេញ ទស្សនកិច្ចនៅ កូរ៉េខាងជើងជាលើកទីពីរ ក្នុងរយៈពេល៣ឆ្នាំ។ មន្ត្រីអាមេរិកបាន បញ្ជាក់ថា «ដំណើរទស្សនកិច្ចរបស់ Rodman គឺជារឿងបុគ្គលប៉ុណ្ណោះ មិនពាក់ព័ន្ធ និងទំនាក់ទំនងជាមួយអាមេរិក ឬក៏ជាអ្នកនាំពាក្យពីរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោននោះឡើយ។

អតីតកីឡាករ បាល់បោះ ជនជាតិអាមេរិករូបនេះធ្លាប់ទទួលបានពានរង្វាន់ជើងឯក៥លើក ក្នុងអាជីព កីឡាករបាល់បោះក្នុង ក្របខ័ណ NBA ដោយលោកលេងឲ្យក្លិប Detroit Pistons និង Chicago Bulls ។

លោក Dennis Rodman ធ្លាប់ទៅ កាន់កូរ៉េខាងជើង នៅខែមករាឆ្នាំ២០១៤ ហើយច្រៀង ជូនពរមេដឹកនាំគីម ជុងអ៊ុន ទៀតផង ដែលតារារូបនេះហៅថា មិត្តល្អ បំផុត។ នៅក្នុងឆ្នាំ២០១៤នោះដែរ Dennis Rodmanបានរៀបចំការប្រកួត បាល់ បោះជាមួយ ក្រុមកីឡាករកូរ៉េខាងជើងថែម ទៀត ។

ក្នុងរយៈពេលចុងក្រោយនេះកូរ៉េខាងជើង បានធ្វើការសាកល្បងកាំជ្រួចមីស៊ីល ជាបន្តបន្ទាប់ ដោយការសាកល្បង ៩លើក មកហើយនៅក្នុងឆ្នាំនេះ បានបង្កឲ្យមានភាពតានតឹងកាន់តែខ្លាំងឡើង ដោយអាមេរិកបញ្ជូនអាវុធទំនើបៗជាច្រើនទៅកាន់ ឧបទ្វីបកូរ៉េ និងគំរាមកំហែងគ្រប់បែបយ៉ាង តែកូរ៉េខាងជើងនៅតែបន្ត សាកល្បងមិន ខ្វល់ពីការគំរាមនោះឡើយ។

កន្លងមកតារា បាល់បោះ Dennis Rodman ធ្លាប់បានលើកឡើងថា មេដឹកនាំនិង ពលរដ្ឋកូរ៉េខាងជើង មិនដែលស្អប់អាមេរិក នោះឡើយ។ចំណែកការសាកល្បង ផលិត អាវុធ គឺជាការចាំបាច់របស់ប្រទេសនីមួយៗសម្រាប់ការពារជាតិ បើកូរ៉េខាងជើង មិន រងការគំរាមកំហែង ប្រទេសនេះក៏មិន ផលិតអាវុធនោះដែរ៕ ម៉ែវ សាធី


ចែករំលែក៖