ព័ត៌មានទាន់ហេតុការណ៍៖

អតីតប្រធានាធិបតី៥រូបបង្ហាញវត្តមានព្រមគ្នាដើម្បីស្វែងរកមូលនិធិសម្រាប់ជនរងគ្រោះដោយខ្យល់ព្យុះ

ចែករំលែក៖

ប្រធានាធិបតីអាមេរិកទាំង៥រូប ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញបានបង្ហាញខ្លួនព្រមគ្នា ដើម្បីស្វែងរកមូលនិធិជួយដល់ ជនរងគ្រោះដោយខ្យល់ព្យុះនៅរដ្ឋតិចសាស ផ្លរីដា ឡូស៊ានណា ផឹតតូរីកូ និងវើជីនញ៉ា។

អតីតប្រធានាធិបតី៣រូប មកពីគណបក្សប្រជាធិបេយ្យ លោក អូបាម៉ា លោក ប៊ីល គ្លីនតុន និង Jimmy Carter រួមជាមួយអតីតប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ២រូប គឺ George H.W.Bush និង George W.bush (២នាក់ឪពុកកូន) បង្ហាញវត្តមាននៅ College Station រដ្ឋតិចសាស បង្ហាញពីសាមគ្គីភាពជាមួយពលរដ្ឋអាមេរិកទូទាំងប្រទេស ក្រោយពេលដែលរងការវាយប្រហារដោយព្យុះទ្រង់ទ្រាយធំក្នុងប្រវត្តិសាស្ត្រអាមេរិក។

អតីតប្រធានាធិបតី ប៊ូស(ឪពុក) មានអាយុ៩៣ឆ្នាំហើយ កំពុងតែប្រឈមនឹងជំងឺ Parkinson ប៉ុន្តែនៅតែខិតខំបង្ហាញខ្លួន ដោយអង្គុយនៅលើរទះរុញ។ ចំណែកភរិយារបស់អតីតប្រធានាធិបតី ប៊ូស (ឪពុក) និងកូន ក៏មានវត្តមានជាមួយគ្នាផងដែរ។

មិនអាចអវត្តមាននៅក្នុងព្រឹត្តិការណ៍មនុស្សធម៌នេះ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ក៏បានផ្ញើឃ្លីបវីដីអូ ស្វាគមន៍ និងលើកសរសើរដល់អតីតប្រធានាធិបតី ដែលមានស្នាដៃជួយដល់ទឹកដីអាមេរិក។

នៅក្នុងឃ្លីបវីដីអូ លោក ត្រាំ បានបញ្ជាក់ថា«នេះជាការខិតខំដ៏អស្ចារ្យ យើងទាំងអស់គ្នា បានសាមគ្គីគ្នា និងគោរពគ្នាទៅវិញទៅមក»។ នៅក្នុងព្រឹត្តិការណ៍នេះ អតីតប្រធានាធិបតី៤រូប បានថ្លែងសុន្ទរកថាខ្លីៗទៅកាន់ពលរដ្ឋ ចំណែកអតីតប្រធានាធិបតី ប៊ូស (ឪពុក) ដោយមិនអាចនិយាយបាន ក៏ញញឹមនឹងលើកដៃទៅកាន់ពលរដ្ឋ។ អតីតប្រធានាធិបតីទាំង៥រូប បានអំពាវនាវដល់ពលរដ្ឋទូទាំងប្រទេសរួមគ្នាជួយដល់អ្នកដែលរងគ្រោះដោយសារព្យុះ និងគ្រោះទឹកជំនន់។

លោក ប៊ីល គ្លីនតុន បញ្ជាក់ថា «បេះដូងរបស់អាមេរិក បានបោះបង់ចោលនូវវិវាទ គណបក្សនយោបាយ ប្រការដែលយើងសាមគ្គី ជារឿងមួយដ៏ថ្លៃថ្នូរ មានអត្ថន័យលើគ្រប់វិស័យ ជាងអ្វីដែលយើងកំពុងតែប្រឈមមុខ»។

នៅក្នុងព្រឹត្តិការណ៍ដ៏សំខាន់នោះ មានការចូលរួមពីតារាចម្រៀងល្បីៗនៅក្នុងទឹកដីអាមេរិក ក្នុងនោះមាន Lady Gaga , ក្រុមចម្រៀង Alabma, ក្រុមចំរៀង Rock &Rol Hall Of Famer និងតារាជាច្រើនរូបទៀត។

អតីតប្រធានាធិបតីទាំង៥រូប បានអំពាវនាវឲ្យបរិចា្ចគដើម្បីជួយដល់ពលរដ្ឋអាមេរិកដែលរងគ្រោះ ហើយប្រាក់ដែលបានមកពីកម្មវិធីមនុស្សធម៌នេះ គឺប្រគល់១០០ភាគរយឲ្យជនរងគ្រោះ។ មកទល់ពេលនេះ ប្រាក់មូលនិធិទទួលបាន ៣១លានដុល្លារហើយ៕ ម៉ែវ សាធី


ចែករំលែក៖