ព័ត៌មានទាន់ហេតុការណ៍៖

អតីតម្ចាស់មេដាយប្រាក់អាស៊ានប៉ារ៉ាហ្គេមនៅមីយ៉ាន់ម៉ាចាប់យកកីឡាវាយកូនឃ្លីលើតុ

ចែករំលែក៖

ភ្នំពេញ ៖ អតីតម្ចាស់មេដាយប្រាក់ កីឡាអត្តពលកម្មវិញ្ញាសាប្រណាំងរទេះ ចម្ងាយ១០០ម៉ែត្រ និង៤០០ម៉ែត្រនៅ សហភាពមីយ៉ាន់ម៉ាកាលពីឆ្នាំ២០១៤បាន សម្រេចចិត្តបោះបង់វិញ្ញាសាប្រណាំងរទេះបែរចាប់យកកីឡាវាយកូនឃ្លីលើតុជំនួស វិញដោយកីឡាករ ឯក ញាណសមុទ្រ បានអះអាងថា កីឡាវាយកូនឃ្លីលើតុមានភាពងាយស្រួល ជាងវិញ្ញាសាប្រណាំងរទេះ។

តាមរយៈបទសម្ភាសន៍ខ្លី កីឡាករ ឯក ញាណសមុទ្រ បញ្ជាក់ពីបញ្ហា ដែលខ្លួន បានបោះបង់ចោលវិញ្ញាសាប្រណាំងរទេះហើយកំពុងចាប់យកជាអាជីពកីឡាវាយកូនឃ្លីលើតុប្រាប់ដល់អ្នកសារព័ត៌មានឲ្យដឹងថា “ចំពោះខ្ញុំបាទគិតថាឧបករណ៍សម្ភារថ្លៃគ្មានលទ្ធភាពអាចទិញយកមកប្រើ សម្រាប់ហ្វឹកហាត់បាន ។ ម្យ៉ាងទៀតវិញ្ញាសា នេះទាមទារនូវថាមពលគ្រប់គ្រាន់ទើបហ្វឹកហាត់ទទួលបានគុណផលខ្ពស់ឈានទៅ រកការប្រកួតប្រជែងដណ្តើមយកមេដាយជូនជាតិបាន” ។ ដោយឡែកកីឡាវាយកូនឃ្លីលើតុមានភាពងាយស្រួលសម្រាប់ខ្ញុំជាជនពិការ ព្រោះការហ្វឹកហាត់មិនចាំបាច់ត្រូវការឧបករណ៍ថ្លៃរាបពាន់ដុល្លារនោះទេ គឺមានតែរាក្កែត១ទៅ២ដើមវាគ្រប់គ្រាន់ហើយ។ ចំពោះថាមពលក៏មិនសូវប្រើកម្លាំងខ្លាំងអស់ពីខ្លួនដូចវិញ្ញាសាប្រណាំងរទេះនោះ ។

ទាំងនេះគឺចំណុចដែលធ្វើឲ្យកីឡាករ ឯក ញាណសមុទ្រ បោះបង់វិញ្ញាសាដែលខ្លួនធ្លាប់ដណ្តើមបានមេដាយក្នុងព្រឹត្តិការណ៍ អាស៊ានប៉ារ៉ាហ្គេមនៅមីយ៉ាន់ម៉ាជំនួសវិញដោយវិញ្ញាសាកីឡាវាយកូនឃ្លីលើតុក្នុងក្តីស្រមៃថានឹងទទួលបានមេដាយណាមួយពីព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី៩នៅប្រទេសម៉ាឡេស៊ីនាខែកញ្ញាខាងមុខនេះ ។

គួររំលឹកថា កីឡាករឯក ញាណសមុទ្រធ្លាប់ហ្វឹកហាត់កីឡាអត្តពលកម្មវិញ្ញាសាប្រណាំងរទេះចំនួន៧ឆ្នាំ ក្នុងនោះរូបគេធ្លាប់ដណ្តើមបានមេដាយប្រាក់ចំនួន២គ្រឿង កាលពីឆ្នាំ២០១៤ នៅប្រទេសមីយ៉ាន់ម៉ា លើវិញ្ញាសាប្រណាំងរទេះចម្ងាយ១០០ម៉ែត្រ និង៤០០ម៉ែត្រ ៕ សារីម

er


ចែករំលែក៖