ព័ត៌មានទាន់ហេតុការណ៍៖

អតីតអធិការស្រុកកោះសូទិនទុករថយន្តរួចទៅមើលការប្រគំតន្ត្រីចោរលួចបាត់

ចែករំលែក៖

ខេត្តកំពង់ចាម៖ ភាពអសន្តិសុខ ក្នុងក្រុងកំពង់ចាមបានកើតទ្បើងជាបន្តបន្ទាប់ ដែលធ្វើឲ្យគោលនយោបាយភូមិ ឃុំសុវត្តិភាព ថយចុះមួយកម្រិត និងជាការព្រួយបារម្ភរបស់ប្រជាពលរដ្ឋ។

ជាក់ស្តែងនៅថ្ងៃសៅរ៍ ៣រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៨ មានករណី លួចរថយន្តមួយគ្រឿង ក្នុងពិធីប្រគំតន្ត្រីរបស់ស្រាបៀរក្នុងក្រុងកំពង់ចាម។

ក្រោយពីកើតហេតុកម្លាំងជំនាញនៃស្នងការដ្ឋាន នគរបាលខេត្តកំពង់ចាម បាននិងកំពុងស្រាវជ្រាវ ករណី ចោរកម្ម បង្ករដោយជនមិនស្គាល់អត្តសញ្ញាណ ដែលបានធ្វើសកម្មភាពលួចរថយន្ត អស់រយះពេល២ថ្ងៃហើយ មិនទាន់បានលទ្ធផលនៅទ្បើយ។

សមត្ថកិច្ចបានឲ្យដឹងថា ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ ២០១៨ នៅ វេលាម៉ោង២២និង៣០នាទី នៅប៉ុស្តិ៍នគរបាល សង្កាត់កំពង់ចាមបានទទួលបណ្ដឹងមួយពីឈ្មោះអីុត ធីតា ភេទស្រី អាយុ៥៥ឆ្នាំមានស្រុកកំណើតនៅ ភូមិផ្សារថ្មី ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្តកំពង់ចាម ភរិយាអតីតអធិការស្រុកកោះសូទិន ម៉ា ចិន្តា បានប្ដឹងជនមិនស្គាល់អត្តសញ្ញាណដែលបានលួចរថយន្តរបស់ខ្លួននៅត្រង់ចំណុចក្រោយរបងខាងត្បូងមន្ទីរវប្បធម៌ខេត្តកំពង់ចាម ក្នុងភូមិទី១៥ សង្កាត់កំពង់ចាមកាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៨។

ម្ចាស់រថយន្ត ខាងលើបានបញ្ជាក់ថា នៅយប់ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៨ អ្នកស្រី និងក្រុមគ្រួសារបានជិះរថយន្ត បាទ្បែន ពាក់ស្លាកលេខ ភ្នំពេញ 2z-9020 មកទុកនៅខាងត្បូង មន្ទីរវប្បធម៌ខេត្តកំពង់ចាម ហើយនាំគ្នា ចូលទៅមើលការប្រគំតន្រ្តី ។ ប្រហែលជាងមួយម៉ោងក្រោយមក អ្នកស្រី និងក្រុមគ្រួសារបានចេញមកវិញ ស្រាប់តែបាត់រថយន្តពីកន្លែងទុកខាងលើរកមិនឃើញតែម្តង។

អ្នកស្រីបានបញ្ជាក់ថា រថយន្តបាត់ក្នុងចន្លោះម៉ោង១៩ទៅម៉ោង១៩និង៣០នាទី ថ្ងៃដដែល។

ប្រភពពីមន្ត្រីនគរបាលបានឲ្យដឹងថា រហូតមកដល់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៨ ពុំទាន់បានលទ្ធផលនៅទ្បើយ ៕ ហេង នរិន្ទ្រ


ចែករំលែក៖