ព័ត៌មានទាន់ហេតុការណ៍៖

អធិការនគរបាលខណ្ឌមានជ័យប្រតិកម្មក្រុមនគរបាលចរាចរណ៍ក្រុងនៅស្ពានដែកចំការដូង

ចែករំលែក៖

ភ្នំពេញ៖ លោកវរសេនីយ៍ឯក តេង ស៊ីណូ អធិការនគរបាលខណ្ឌមានជ័យបានបដិសេធរាល់ការរិះគន់ថា លោកបានដាក់មន្ត្រីរបស់ខ្លួនឈរជើងនៅគោលដៅស្ពានដែក ហើយមានជនស៊ីវិលឈរលូកដៃយកលុយកាក់ពីរថយន្តធំៗដឹកទំនិញឆ្លងកាត់។

ការប្រកាសបដិសេធនេះ ក្នុងឱកាសដែលរូបលោកត្រូវបានអញ្ជើញចូលរួមប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌមានជ័យ កាលពីរសៀលថ្ងៃសុក្រ ៧កើត ខែចេត្រ ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨ នៅសាលប្រជុំសាលាខណ្ឌមានជ័យ។

លោកវរសេនីយ៍ឯក តេង ស៊ីណូ ដែលជាអធិការនគរបាលមានវ័យចំណាស់ជាងគេ ក្នុងចំណោមអធិការខណ្ឌទាំង១២ ក្នុងរាជធានីភ្នំពេញបានច្រានចោលដាច់ខាតថា លោកមិនអាចធ្វើអ្វីផ្តេសផ្តាស់បានទេ។ តែសូមកុំសាចទឹកដាក់រូបលោក ហើយរូបលោកផ្ទាល់ ក៏មិនដែលសាចទឹកដាក់អ្នកណាដែរ ។ បញ្ហានេះ មានចំនួន៣គោលដៅ គឺគោលដៅនៅក្រោមស្ពានអាកាសស្ទឹងមានជ័យ និងគោលដៅក្រោមស្ពានអាកាសក្បាលថ្នល់ជាដើម សុទ្ធសឹងតែបានប្រព្រឹត្តអំពើមិនគប្បីមែន តែមិនមែនកូនចៅមន្ត្រីរបស់លោកទេ ធ្វើម៉េចវាបានកើតឡើងនៅក្នុងមូលដ្ឋានខណ្ឌមានជ័យរបស់លោក ហេតុដូច្នេះ គេចេះតែរិះគន់មកលើរូបលោក ហើយតាមពិតអ្នកទាំងនោះ ជាក្រុមនគរបាលចរាចរណ៍រាជធានី និងមន្ត្រីនគរបាលជាប់កិច្ចសន្យានោះទេ ។

លោកវរសេនីយ៍ឯក តេង ស៊ីណូ ក៏បានលើកឡើង និងកោតសសើរដល់មន្ត្រីប៉ុសិ៍្តរដ្ឋបាល ដែលបានខិតខំគ្រប់យ៉ាង ទាំងការងារចរាចរណ៍សណ្តាប់ធ្នាប់ ការងារសន្តិសុខ ចូលរួមការងារជាមួយអាជ្ញាធរសង្កាត់-ខណ្ឌ ការងារបង្ក្រាបល្បែងស៊ីសង ចុះណែនាំដល់អាជីវករលក់ដូរលើដងផ្លូវ។ល។ ហើយបច្ចុប្បន្ន មន្ត្រីនគរបាលប៉ុសិ៍្តខ្លះមានចំនួនតិច នាំឲ្យខ្វះកម្លាំងក្នុងការបំពេញភារកិច្ច។

ពាក់ព័ន្ធនឹងបញ្ហាខាងលើនេះ លោក ពេជ្រ កែវមុនី អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ ក៏បានជម្រុញដល់មន្ត្រីជំនាញធ្វើយ៉ាងណាថតសកម្មភាពខុសឆ្គងទាំងនេះ ដើម្បីទុកធ្វើរបាយការណ៍ទៅថ្នាក់លើ។ ព្រោះថា បើចង់ មិនចង់ថ្នាក់លើអាចថា ជាកុងត្រូលជជុះផងក៏មិនដឹង។ ធ្វើដូច្នេះ ចៀសវាងការពាក់ព័ន្ធដល់អាជ្ញាធរខណ្ឌមានជ័យទាំងមូល ៕ តាឡឹម


ចែករំលែក៖