ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខណ្ឌដង្កោបើកការដ្ឋានស្ថាបនាផ្លូវ៤ខ្សែក្នុងសង្កាត់ព្រៃសរជូនប្រជាពលរដ្ឋសម្រាប់ធ្វើដំណើរ

ចែករំលែក៖

ភ្នំពេញ៖ ព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧ លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ រួមជាមួយលោកអភិបាលរង បេក្ខជនក្រុមប្រឹក្សាសង្កាត់ ភូមិ បានចូលរួមក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវ ៤ខ្សែ ស្ថិតក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ ដែលមានប្រវែងសរុប ១.៣០៨ម៉ែត្រ ដែលជាគម្រោងថវិការបស់រដ្ឋបាលខណ្ឌឆ្នាំ២០១៧ និងគម្រោងមូលនិធិអភិវឌ្ឍសង្កាត់ឆ្នាំ២០១៧។

ផ្លូវទាំង០៤ខ្សែរួមមាន៖

– ស្ថាបនាផ្លូវបេតុង ០១ខ្សែ ប្រវែង ២៩០ម៉ែត្រ ទទឹង ០៥ម៉ែត្រ ស្ថិតក្នុងភូមិគោកបន្ទាយ និងភូមិព្រៃធំ ជាគម្រោងថវិការបស់រដ្ឋបាលខណ្ឌឆ្នាំ២០១៧

– ជួសជុលលុបសំបុកមាន់ ផ្លូវចាក់បេតុង ០១ខ្សែ ប្រវែង ២៤១,៧៣ម៉ែត្រ ទទឹង០៦ម៉ែត្រ ស្ថិតក្នុងភូមិព្រៃសខាងលិច និងភូមិធម្មត្រ័យ ជាគម្រោងថវិការបស់រដ្ឋបាលខណ្ឌឆ្នាំ២០១៧

– ស្ថាបនាផ្លូវបេតុង ០១ខ្សែ ប្រវែង ១៤៥ម៉ែត្រ ទទឹង០៥ម៉ែត្រ ស្ថិតក្នុងភូមិគោកបន្ទាយ ជាគម្រោងមូលនិធិអភិវឌ្ឍសង្កាត់ឆ្នាំ២០១៧

– ស្ថាបនាផ្លូវបេតុង ០១ខ្សែ ប្រវែង ៦៣១,៥ម៉ែត្រ ទទឹង០៥ម៉ែត្រ ស្ថិតក្នុងភូមិធម្មត្រ័យ ជាគម្រោងមូលនិធិអភិវឌ្ឍសង្កាត់ឆ្នាំ២០១៧និងភូមិព្រៃទីទុយ

លោកអភិបាលបានធ្វើការផ្តាំផ្ញើរការសាកសួរសុខទុក្ខ ពីសំណាកសម្តេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់បងប្អូនប្រជាពលរដ្ឋ និងបានលើកឡើងអំពីការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិយើង ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានអភិវឌ្ឍន៍ប្រទេសជាតិ និងបានថែរក្សាសុខសន្តិភាពនៅទូទាំងប្រទេស ហើយនៅថ្ងៃនេះសមិទ្ធផល ផ្លូវបេតុងថ្មីនេះ នឹងបម្រើផលប្រយោជន៍របស់បងប្អូនប្រជាពលរដ្ឋសម្រាប់ការធ្វើដំណើរ និងរក្សាបាននូវផាសុខភាពសម្រាប់ការរស់នៅផងដែរ។

លោកអភិបាលក៏បានផ្តាំផ្ញើរដល់បងប្អូនប្រជាពលរដ្ឋសូមមេត្តាជួយតាមដានត្រួតពិនិត្យការអនុវត្តគម្រោងរបស់ក្រុមហ៊ុនទទួលការសាងសង់ និងរាយការណ៍អំពីបញ្ហាប្រឈមនានា ជូនដល់អជ្ញាធរមូលដ្ឋានដើម្បីចាត់វិធានការទាន់ពេលវេលា។ ជាមួយគ្នាក៏សូមមានការយោគយល់ អធ្យាស្រ័យចំពោះផលប៉ះពាល់តិចតួចដែលអាចបណ្តាលមកពីការស្ថាបនាផ្លូវនេះ ដើម្បីឲ្យដំណើរការស្ថាបនាឆាប់បានរួចរាល់ និងប្រើប្រាស់បានយូរអង្វែង៕ ភារ៉ា ដង្កោ


ចែករំលែក៖