ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលរដ្ឋញូវយ៉កប្តឹងលោក ត្រាំ ដែលធ្វើឲ្យគ្រួសារត្រូវបែកបាក់

ចែករំលែក៖

អភិបាលរដ្ឋញូវយ៉កកាលពីថ្ងៃទី១៩ ខែមិថុនា បានប្រកាសថា រដ្ឋញូវយ៉កនឹង ប្តឹងរដ្ឋាភិបាលរបស់លោក ដូណាល់ ត្រាំ ដែលបានបំបែកកុមារអន្តោប្រវេសន៍ពី ឪពុកម្តាយរបស់ពួកគេដោយរារាំងឆ្លង ព្រំដែនខុសច្បាប់។

ការបំបែកម្តាយ និងកូន ហើយរក្សាកុមារនៅព្រំដែនភាគខាងត្បូងជាប់មិុច ស៊ីកូ បង្កឲ្យមានការខឹងសម្បាយ៉ាងខ្លាំងពីពលរដ្ឋអាមេរិក។ នៅក្នុងបណ្តាញសង្គម គេមើលឃើញកុមារជាច្រើន ដាក់នៅក្នុង ទ្រុងដែកធំ ហើយស្រែកយំរកម្តាយ។

អភិបាលរដ្ឋញូវយ៉ក លោក Andrew Cuomo ដែលជាគូប្រជែងនយោបាយ របស់លោក ត្រាំបានបញ្ជាក់ថា «គោលនយោ បាយរបស់លោក ត្រាំ ក្នុងការបំបែកបំបាក់ គ្រួសារ គឺជាការបរាជ័យយ៉ាងខ្លាំងពីក្រមសីលធម៌ និងជាសោកនាដកម្មនៃមនុស្ស ធម៌»។

លោក Cuomo បញ្ជាក់ថា ការបំបែកពី ឪពុកម្តាយ និងកូនតូចនៅព្រំដែន គឺជាការបំពានសិទ្ធិមនុស្សយ៉ាងពេញទំហឹង ដែលការពារដោយច្បាប់រដ្ឋធម្មនុញ្ញអាមេរិក។ ប៉ុន្តែរដ្ឋាភិបាលរបស់លោក ត្រាំ បានប្តេជ្ញាការពារយុទ្ធសាស្ត្រខាងលើដោយ ចាត់ទុកថា ជាការការពារដល់សន្តិសុខជាតិអាមេរិកតាមរយៈការចាប់ខ្លួនជនអន្តោ ប្រវេសន៍ខុសច្បាប់។

សកម្មភាពរបស់លោក ត្រាំ បានបង្កឲ្យមានបាតុកម្មកើតឡើងនៅទីក្រុងញូវយ៉កកាលពីថ្ងៃទី១៩ ខែមិថុនា ដើម្បីប្រឆាំងនឹងសកម្មភាពខាងលើរបស់រដ្ឋាភិបាលផ្ទុយទៅនឹងច្បាប់របស់អាមេរិក។

មិនថាពលរដ្ឋ ក៏ដូចជាអ្នកនយោបាយអាមេរិកប្រឆាំងនឹងសកម្មភាពទាំងនោះឡើយ សូម្បីតែសហគមន៍អន្តរជាតិក៏បានថ្កោលទោសផងដែរ។ កន្លងមកថ្មីៗអគ្គលេខាធិការអង្គការសហប្រជាជាតិ ក៏បានអំពាវនាវដល់រដ្ឋាភិបាលអាមេរិកឲ្យគោរពសិទ្ធិមនុស្ស និងមិនត្រូវបំបែកកុមារចេញពីឪពុកម្តាយរបស់ពួកគេឡើយ៕ ម៉ែវ សាធី


ចែករំលែក៖