ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលស្រុកកូនមុំឲ្យសមត្ថកិច្ចឃាត់រថយន្តបាកុង ៤គ្រឿង ដឹកគ្រឿងកែច្នៃឈើតាមបញ្ជាអភិបាលខេត្ត

ចែករំលែក៖

ខេត្តរតនគិរី៖ រថយន្តបាកុងចំនួន៤គ្រឿង ដឹកជញ្ជូនសម្ភារកែច្នៃឈើជាច្រើនគ្រឿង ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពស្រុកកូនមុំ ស្ទាក់ចាប់ឃាត់បញ្ជូនឲ្យរដ្ឋបានព្រៃឈើ ។

ការឃាត់រថយន្តបាកុងខាងលើនេះ ធ្វើឡើងនៅវេលាម៉ោង៧.៣០នាទីយប់ ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវជាតិលេខ៧៨ នៅត្រង់ចំណុចភូមិតាអងកាតែ ឃុំតាអង ស្រុកកូនមុំ ខេត្តរតនគិរី ។

ប្រភពពីសមត្ថកិច្ចដែលចុះឃាត់រថយន្តបាកុងខាងលើបានបង្ហើបឲ្យដឹងថា ដឹកនាំកម្លាំងផ្ទាល់ដោយលោក សាយ ចំរើន អភិបាលរងស្រុកកូនមុំ ឲ្យចុះឃាត់រថយន្តបាកុងចំនួន៤គ្រឿង ដែលដឹកសម្ភារកែច្នៃឈើមួយចំនួនធំ មាន ដូចជា រណាយន្តកែច្នៃ ម៉ាស៊ីនត្រង់ស៊ីន័រជាច្រើនគ្រឿង​សម្រាប់កាប់ផ្តួលឈើផងដែរ បើកបរចេញពីភូមិសាស្ត្រនៃខេត្តស្ទឹងត្រែងឆ្លងកាត់ស្រុកកូនមុំ និងស្រុកលំផាត់ខេត្តរតនគិរី ឆ្ពោះទៅស្រុកកោះញែកខេត្តមណ្ឌលគិរី ។

មុនពេលបង្ក្រាបនោះ លោកអភិបាលស្រុកកូនមុំបានរាយការណ៍ ទៅអភិបាលខេត្តហើយ លោកអភិបាលខេត្តក៏បានបញ្ជាឲ្យលោកអភិបាលស្រុកឃាត់រថយន្តបាកុងខាងលើនោះតែម្តង ។

ប្រភពថា ក្រោយពីឃាត់រថយន្តបាកុងនេះ ភ្លាមៗនោះ ក៏មានអន្តរាគមន៍ពីសមត្ថកិច្ចនៅក្នុងខេត្តឲ្យដោះលែងវិញដែរ ប៉ុន្តែលោកអភិបាលស្រុកមិនដោះលែងឡើយ ជាបទបញ្ជាពីអភិបាលខេត្ត ។

លោក សេក ហៃ អភិបាលស្រុកកូនមុំបានឲ្យ ដឹងនៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៨ ថា រថយន្តបាកុងទាំង៤គ្រឿងនេះ លោក និងប្រគល់ទៅឲ្យជំនាញរដ្ឋបាលព្រៃឈើខេត្តជាអ្នកចាត់ការបន្តតាមនីតិវិធី៕ ជីវន្ត័


ចែករំលែក៖