ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរកម្ពុជា-ថៃបើកយុទ្ធនាការរៀបចំបរិស្ថានរួមគ្នាក្រោមស្ពានព្រំដែនទ្វេភាគី

ចែករំលែក៖

ប៉ោយប៉ែត៖ អាជ្ញាធរក្រុងប៉ោយប៉ែត(កម្ពុជា) និងអាជ្ញាធរស្រុកអារញ្ញ(ថៃ) ហែក្បូនបើកយុទ្ធនាការថែរក្សាបរិស្ថានកាលព្រឹក ថ្ងៃសុក្រ ៧កើត ខែចេត្រ ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨ សហការគ្នារៀបចំ បោសសម្អាតអនាម័យដើម្បីបរិស្ថាន ក្រោមស្ពានព្រំដែនច្រកទ្វារអន្តរជាតិ នៃប្រទេសទាំង២ ។

ខាងកម្ពុជាដឹកនាំដោយលោក សាន ស៊ានហូ អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែតអមដោយមន្ត្រី សមត្ថកិច្ចជំនាញពាក់ព័ន្ធនៅក្រុងប៉ោយប៉ែត មន្ត្រីច្រកទ្វារ និងសិស្សានុសិស្សប្រមាណជិត៤០០នាក់ ។ ចំណែកខាងភាគីថៃ ដឹកនាំដោយអភិបាលស្រុកអារញ្ញឈ្មោះ សៅយ៉ានីតស៊ុរ៉ាក់យៈគុណណាក់អៈយុធិយ៉ា ។ និងមន្ត្រីរាជការសមត្ថកិច្ចរបស់គេ ប្រមាណ១០០នាក់ផងដែរ ។

មុនពិធីបោសសម្អាត និងរើសសំរាមនៅក្រោមស្ពានទ្វេភាគីនេះ ភាគីទាំង២ ជួបសំណេះសំណាលចាប់ដៃគ្នាជាមិត្តភាពលើស្ពានព្រំដែនផងដែរ ។

បន្ទាប់មកភាគីទាំង២បោសសម្អាតនៅបរិវេណព្រំដែន និងចុះរើសសំរាមក្រោមស្ពានព្រំដែន និងក្នុងអូរព្រំដែន ។

តាមជំនួបប្រជុំរវាងអាជ្ញាធរក្រុងប៉ោយប៉ែត នឹងស្រុកអារញ្ញា(ថៃ) នាពេលថ្មីៗ លើទឹកដីថៃ ភាគីទាំង២ផ្តោតសំខាន់លើបរិស្ថានជុំវិញបរិវេណច្រកទ្វារព្រំដែន នៃប្រទេសទាំង២ ហើយភាគីកម្ពុជា ផ្តោតសំខាន់មួយទៀត គឺបញ្ហាសណ្តាប់ធ្នាប់ ពោលគឺលុបបំបាត់ជនអនាថាសុំទាននៅច្រកទ្វារ និងលើស្ពានព្រំដែនមួយនេះផងដែរ ។

ព្រោះថា កន្លងមក ត្រូវគេនិយាយថា មានក្មេង-ចាស់ សុំទាន និងសំរាមគ្រប់ប្រភេទ ដែលនៅក្រោមស្ពានមិត្តភាពធ្វើឲ្យប៉ះពាល់ដល់ភ្ញៀវជាតិ និងអន្តជាតិ ដែលធ្វើដំណើរឆ្លងកាត់ និងធ្វើឲ្យបាត់បង់នូវមុខមាត់ប្រទេសទាំង២ ។

លោកសាន ស៊ានហូរ អភិបាលក្រុងប៉ោយប៉ែត បានបញ្ជាក់បន្ថែមថា ចំពោះការធ្វើពិធីរួមគ្នានេះ គឺដើម្បីដាស់តឿនដល់ពលរដ្ឋ ក៏ដូចជាភ្ញៀវជាតិ អន្តជាតិផងដែរ ដែលធ្វើដំណើរឆ្លងកាត់នៅទីនេះ ឲ្យនាំគ្នាចេះជួយថែរក្សា វេចខ្ចប់សំណល់ទាំងឡាយ ក្រោយពីបរិភោគ ត្រូវយកទៅដាក់ក្នុងធុងសំរាម សុំបញ្ឈប់ការបោះសំរាមចោលក្រោមស្ពានមិត្តភាព ក៏ដូចជាតាមផ្លូវជាតិផងដែរ ។ ដែលធ្វើឲ្យមានការកកស្ទះទ្វារទឹក ។ សំណល់នេះហើយ ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាព ។

លោកបញ្ជាក់ថា យើងរួមគ្នាស្ដារឡើងវិញឲ្យទីក្រុងប៉ោយប៉ែតរបស់យើងក្លាយជាទីក្រុងល្អ ដើម្បីប្រកួតប្រជែងជាមួយប្រទេសជិតខាង ដូចជាស្រុកអារញ្ញជាដើម ហើយនេះ ជាលើកទីមួយហើយ ដែលអាជ្ញារធរកម្ពុជា និងអាជ្ញាធរថៃបានធ្វើបរិស្ថានរួមគ្នា ហើយលោក ក៏អំពាវនាវដល់ពលរដ្ឋទាំងអស់នាំគ្នាចូលរួមថែរក្សាបរិស្ថានទាំងអស់គ្នា គឺដើម្បីទាំងអស់គ្នា ៕ វណ្ណា


ចែករំលែក៖