ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរក្រុងស្វាយរៀង ចុះត្រួតពិនិត្យប្រព័ន្ធការពារអគ្គិភ័យ នៅផ្សារវាលយន្ត

ចែករំលែក៖

ខេត្តស្វាយរៀង៖ ដើម្បីរៀបចំធ្វើប្រព័ន្ធទឹក និងការពារទប់ស្កាត់អគ្គិភ័យនៅផ្សារវាលយន្ត នេះឡើងទុកឲ្យអាជីវករ និងប្រជាពលរដ្ឋប្រើប្រាស់ពេលមានអគ្គិភ័យកើតឡើង ជាយថាហេតុ លោកអភិបាលក្រុងស្វាយរៀង និងក្រុមការងារដែលពាក់ពន្ធ័ បានចុះមកត្រួតពិនិត្យប្រព័ន្ធការពារអគ្គិភ័យជាកស្ដែង នៅផ្សារវាលយន្ត នារសៀលថ្ងៃសុក្ស ២រោច ខែបុស្ស ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតនៅក្នុងភូមិវាលយន្តសង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

ក្នុងឱកាសនោះដែរ លោកអភិបាលក្រុង ក៏បានណែនាំឲ្យបងប្អូនអាជីវករទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នភ្លើងទៀន ធូប នាថ្ងៃបុណ្យចូលឆ្នាំចិន និងចូលរួមថែទាំ ប្រព័ន្ធទឹកការពារអគ្គិភ័យនេះ ទាំងអស់គ្នា ។

ប្រព័ន្ធទឹកការពារអគ្គិភ័យ នៅបរិវេណផ្សារវាលយន្ត បានផ្តួចផ្ដើមកសាងសង់ឡើងដោយលោក ឌី វិជ្ជា និងលោកស្រី ហ៊ុន ម៉ាណា ដែលបានរៀបចំសាងសង់ឡើងកាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៥ ដោយអង្គភាពរដ្ឋាករទឹកខេត្ត ជាអ្នកម៉ៅការធ្វើរហូតដល់រួចរាល់ និងបានរៀបចំពិធីក្រុងពាលីរួចមកហើយដែរ។

ក្រុមអាជីវករផ្សារវាលយន្តក៏បានសម្ដែងការត្រេកអរពន់ពេក និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះថ្នាក់ដឹកនាំទាំងអស់ ដែលបានចំណាយថវិកាផ្ទាល់ខ្លួន រៀបចំធ្វើប្រព័ន្ធទឹកការពារអគ្គិភ័យនៅផ្សារវាលយន្ត នេះឡើងទុកឲ្យអាជីវករ និងប្រជាពលរដ្ឋប្រើប្រាស់ដោយឥតគិតថ្លៃផងដែរ ៕ យឹម សុថាន


ចែករំលែក៖