ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខេត្តកំពង់ធំជំរុញឲ្យជំនាញបន្តបង្ក្រាបបទល្មើស និងផ្សព្វផ្សាយពីលទ្ធផលរបស់ខ្លួនដែលបានអនុវត្ត

ចែករំលែក៖

ខេត្តកំពង់ធំ ៖ អភិបាលខេត្តកំពង់ធំ បានជំរុញដល់បណ្តាអង្គភាពជំនាញពាក់ព័ន្ធទាំងអស់ បន្តបង្ក្រាបបទល្មើស ព្រៃឈើ និងជលផល រួមទាំងបទល្មើសផ្សេងៗ នៅក្នុងខេត្ត និងសូមឲ្យមានការផ្សព្វផ្សាយពីលទ្ធផលរបស់ ខ្លួនដែលបាន អនុវត្តកន្លងមក។

លោក សុខ លូ អភិបាលខេត្តកំពង់ធំ មានប្រសាសន៍ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត ព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៨ នៅសាលប្រជុំសាលាខេត្តកំពង់ធំ ដោយមានការចូលរួមពីសំណាក់ ប្រធាន អនុប្រធាន មន្ទីរអង្គភាព ជុំវិញខេត្តកំពង់ធំ យ៉ាងច្រើនកុះករផងដែរ ។

ក្នុងឱកាសនោះ លោក សុខ លូ មានប្រសាសន៍ផ្ដាំផ្ញើ ដល់មន្ត្រីមន្ទីរអង្គភាពពាក់ព័ន្ធ ទាំងអស់ត្រូវយកចិត្តទុកដាក់ ពង្រឹងនូវគុណភាពការងារ អនុវត្តជាប្រចាំ ដើម្បីទប់ស្កាត់ ការកើតឡើងនូវបទល្មើស និងភាព មិន ប្រក្រតីនូវការប្រកបរបរអ្នកធ្វើអាជីវកម្ម ផ្សេងៗ អោយស្របតាមវិជ្ជាជីវៈ និងស្របតាមច្បាប់ ដើម្បីចៀសវាង ហេតុកើតឡើងទើបដឹងតាម ក្រោយ ។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម ក៏បានសំណូមពរ ឲ្យតាមន្ទីរអង្គភាព ត្រូវឆ្លើយតប ការស្នើសុំរបស់អ្នកសារព័ត៌មាន ដើម្បីចៀសវាង អ្នកសារព័ត៌មាន ធ្វើការផ្សព្វផ្សាយដោយខុសពីការពិត ។

ជាការឆ្លើយតប នាយខណ្ឌរដ្ឋបាលជលផលខេត្ត លោក ប៉ែន វណ្ណរិទ្ធ បានមានប្រសាសន៍ថា ខណ្ឌរដ្ឋបាលជលផលកំពង់ធំ បានខិតខំប្រឹងប្រែង បង្ក្រាប បទល្មើសនេសាទ និងហាមមិនឲ្យមន្ត្រីណា មានការពាក់ព័ន្ធ និងអំពើពុករលួយនោះទេ ។ ក្នុងនោះ ខណ្ឌរដ្ឋបាលជលផល និងមានការយោគយល់ ចំពោះប្រជាពលរដ្ឋ ដែលមានជីវភាពក្រីក្រ លំបាក និងគ្មានមុខរបរអ្វីក្រៅពីនេសាទ ដោយ មានការណែនាំ ចង្អុលបង្ហាញ អោយនេសាទ និងប្រើប្រាស់ឧបករណ៍ស្របតាមច្បាប់។

សម្រាប់ លោក តុប កក្កដា ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ ក៏ដូចខណ្ឌរដ្ឋបាលព្រៃឈើត្រូវបានមហាជន និងអ្នក សារព័ត៌ មាន សរសេរ រិះគន់ ដើម្បីស្ថាបនា ធ្វើឲ្យកិត្តិយស របស់ខេត្ត មានការស្រុតចុះនោះ បានលើកឡើងថា ជាការពិត ព្រៃឈើ នៅក្នុងព្រៃឡង់ និងព្រៃអង់តែន ក្នុងមួយរយៈកន្លងមកនេះ មានការថយចុះ ដោយ គួរអោយកត់សម្គាល់ ដោយសារតែ មន្ត្រីបរិស្ថាន និងមេព្រៃ ការពារគោលដៅ បានយកចិត្តទុកដាក់ ការពារ ទប់ស្កាត់ និង មានការចូលរួម ពីសំណាក់អង្គភាពពាក់ព័ន្ធផងដែរ ។

សូមបញ្ជាក់ថា បទល្មើសព្រៃឈើ ដឹកចេញពីដែនព្រៃឡង់ និងព្រៃអង់តែន គឺនៅតែមានសកម្មភាពកើនឡើង ក្នុងដំណាក់កាលចុងក្រោយនេះ ហើយដែន ព្រៃអង់តែន បច្ចុប្បន្ន គឺគ្រប់គ្រង ដោយសមត្ថកិច្ចបរិស្ថាន ដែលសាធារណជនរំពឹងថា ដែនព្រៃនេះ នឹងរលាយអស់ ក្នុងពេលខាងមុខដ៏ខ្លី ។

បើតាមប្រជាពលរដ្ឋអ្នកនេសាទនិយាយថាបទល្មើសនេសាទនៅបឹងទន្លេសាបគ្មានការថម ថយនោះទេ ហើយបទល្មើសកើតឡើងដោយសារតែមន្ត្រីជំនាញបិទភ្នែកបើកដៃឃុបឃិតឲ្យ មានបទល្មើស ។ អ្នកនេសាទជនជាតិវៀតណាម ធ្វើសកម្មភាពពេញបឹងទន្លេសាប ។ មន្ត្រី ជលផលបង្ក្រាបតែពលរដ្ឋខ្មែរដែលនេសាទជាលក្ខណៈគ្រួសារមិនបង់ប្រាក់ឲ្យសមត្ថកិច្ច ជំនាញប៉ុណ្ណោះ ។

ពាក់ព័ន្ធនឹងបទល្មើសព្រៃឈើឯណោះវិញ គឺមិនអាចប្រកែកបានឡើយ ពីព្រោះការដឹកជញ្ជូន ឈើតាមរថយន្តធំៗ ចេញពីខេត្តកំពង់ធំធ្លាយដល់រាជធានីភ្នំពេញក៏មាន ។ ដូច្នេះការបដិសេធ តែនៅក្នុងការិយាល័យនិងលើបបូរមាត់មិនគ្រប់គ្រាន់សម្រាប់បង្ហាញជាទឡ្ហីករណ៍នោះទេ ។មិនតែប៉ុណ្ណោះ បទល្មើសព្រៃឈើទោះបីជាអ្នកមានភ្នែកមិនល្អ ក៏មិនចាំបាច់ពាក់វែនតាក៏អាច មើលឃើញដែរ ។

អាជ្ញាធរខេត្តកំពង់ធំមិនគួរធ្វើជាមន្ត្រីជើងដប់នៅតែក្នុងការិយាល័យ ជឿតែរបាយការណ៍មន្ត្រី ជំនាញនោះទេ ។ ផ្ទុយទៅវិញត្រូវស្តាប់មតិពលរដ្ឋ និងការចុះដល់ទីកន្លែងកើតហេតុ ។ បើ ប្រជាពលរដ្ឋប្រាប់អ្នកកាសែតថាមានបទល្មើស នេសាទឬបទល្មើសព្រៃឈើនៅទីណា គួរតែ ចាត់មន្ត្រី ឬបើមានពេល លបទៅខ្លួនឯង ទើបដឹងការណ៍ពិត ។ ការណ៍ពិតមិនមែននៅលើ ក្រដាសនោះទេ ។ មន្ត្រីភាគច្រើន ដូចសម្តេចតេជោ បាននិទានជារឿយៗ អំពីមន្ត្រីគ្រាប់ល្ពៅ ៕ ហេង សូរិយា


ចែករំលែក៖