ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខេត្តប៉ៃលិនទប់ទឹកស្ទឹងបយ៉ាខា រក្សាទឹកទុកឱ្យភ្ញៀវទេសចរមកកម្សាន្តនាថ្ងៃបុណ្យចូលឆ្នាំខ្មែរ

ចែករំលែក៖

ខេត្តប៉ៃលិន៖ នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨ អាជ្ញាធរខេត្តប៉ៃលិន ដឹកនាំ ដោយលោក សោ សុវណ្ណ នាយករងរដ្ឋ បាលខេត្ត និងមន្ត្រីជំនាញ សហការជាមួយ មន្ទីរធនធានទឹក និងឧតុនិយមខេត្ត ប៉ៃលិន អាជ្ញាធរក្រុង ព្រមទាំងអង្គភាពពាក់ព័ន្ធជាច្រើនទៀតបានចុះទៅទប់ទំនប់ស្ទាក់ទឹកនៅចំណុចស្ទឹងតារៀប ក្នុងភូមិអូរច្រា សង្កាត់ទួលល្វា ក្រុងប៉ៃលិន ដើម្បីងាយ ស្រួល ដល់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវ ទេសចរជាតិ អន្តរជាតិ ចូលទៅលេងកម្សាន្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខ។

បើតាមសេចក្តីរាយការណ៍ បានឱ្យដឹង ថា ដោយសង្កេតឃើញទឹកស្ទឹងបយ៉ា ខាកាន់តែរាក់ទៅៗ លំបាកឱ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ និងអន្តរជាតិចូល ទៅមុជទឹកលេងកម្សាន្ត នារដូវបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ខាងមុខនេះ អាជ្ញាធរ ខេត្ត បានដឹកនាំកម្លាំងយកចប ប៉ែល បង្គី និងឧបករណ៍ផ្សេងៗទៀត ដើម្បីនាំគ្នាទៅ ជីកកកាយដុំថ្មបិទទប់ទឹកឱ្យបានឡើងខ្ពស់ជាងមុនបន្តិចងាយស្រួលដល់ការប្រើប្រាស់ របស់ប្រជាពលរដ្ឋ និងភ្ញៀវចុះមុជលេង។

ប្រភពបានបន្តថា រហូតមកដល់ពេល​នេះគេឃើញប្រជាពលរដ្ឋបានសង់រោង និងក្យូសជាច្រើនក្បែរៗមាត់ស្ទឹងខាងលើ ដើម្បីទទួលភ្ញៀវ ហើយគេក៏សង្ឃឹមដែរ ថា នឹងមានភ្ញៀវមកពីតាមបណ្តាខេត្តនានា ចូលមកលេងក្នុងខេត្តប៉ៃលិន កាន់តែច្រើន ថែមទៀតផងដែរ។ ដូច្នេះអាជ្ញាធរខេត្ត រៀបចំរមណីយដ្ឋាន អាហារដ្ឋាន ជាពិសេស គឺកន្លែងលេងទឹកតែម្តង។

សូមបញ្ជាក់ថា រដូវបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិកាន់តែខិតជិតមកដល់អាជ្ញាធរក៏មិនព្រងើយកន្តើយនឹងការរៀបចំកន្លែងទាំងអស់សម្រាប់ទទួលទេវតាឆ្នាំថ្មី និង រៀបចំឱ្យមានសោភ័ណភាព កាន់តែទាក់ ទាញផងដែរ ៕ ហេង នរិន្ទ្រ


ចែករំលែក៖