ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធររាជធានីភ្នំពេញ បើកការដ្ឋានស្ថាបនាស្ថានីយបូបទឹកបុរី១០០ខ្នង មានសមត្ថភាពបូមទឹក បាន២,៨ម៉ែត្រគូបក្នុង១វិនាទី

ចែករំលែក៖

ភ្នំពេញ៖ ដើម្បីដោះស្រាយអោយមានប្រសិទ្ធភាព លើបញ្ហាលិចលង់ដោយជំនន់ទឹកភ្លៀង ដែលតែងតែកើតមានឡើងជាប្រចាំនៅពេលមានភ្លៀងធ្លាក់ខ្លាំងម្តងៗនោះ រដ្ឋបាលរាជធានភ្នំពេញបានយកចិត្តទុកដាក់ណាស់ ក្នុងការស្វែងរកវិធីដើម្បីដោះស្រាយ ដោយបានកសាងនូវបករព័ន្ធលូជាច្រើនខ្សែ ប្រឡាយរំដោះទឹក រួមការកសាងស្ថានីយបូមទឹកថ្មីៗជាច្រើនកន្លែង ដែលមានកម្លាំងបូមខ្លាំងជាមុនថែមទៀត។

ជាក់ស្តែង នៅព្រឹក ទី១៥ខែកក្កដា ឆ្នាំ២០១៧នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីភាពបើកការដ្ឋានស្ថាបនាស្ថានីយថ្មីបូមទឹកបូរី១០០ខ្នងនៅសង្កាត់ទឹកថ្លា ខណ្ឌសែន សុខមួយស្ថានីយបន្ថែមទៀត ។

ពិធីនេះមានការចូលរួមពីមន្ត្រីក្រោមឱវាទនិងអាជ្ញាធរដែនដី រួមនិងប្រជាពលរដ្ឋជាច្រើនរយនាក់ផងដែរ។

លោក ឃួង ស្រេង ក្នុងឱកាសនោះ បានធ្វើការអំពាវនាវអោយប្រជាពលរដ្ឋទាំងអស់ដែលរងផលប៉ះពាល់នៃការស្ថាបនាស្ថានីយបូបទឹកបូរី១០០ខ្នងនៅសង្កាត់ទឹកថ្លា ខណ្ឌសែន សុខ មេត្តាយោគយល់ចំពោះផលប៉ះពាល់និងចូលរួមសហកាេជាមួយអាជ្ញាធរ ក្នុងការទុកដាក់វេចខ្ចប់សម្រាមអោយបានត្រឹមត្រូវ កុំអោយសម្រាមចូលក្នុងប្រឡាយ ឬលូ ។លោកថា បើសម្រាមមាននៅក្នុងលូ ប្រឡាយហើយ ទោះលូនោះប៉ុណ្ណាក៏ទឹកមិនហូរដែរ ។ ដូច្នេះទេ សូមបងប្អូនប្រជាពលរដ្ឋទាំង ចូលរួមទាំងអស់គ្នាសំដៅធ្វើយ៉ាងណាអោយទីក្រុងមួយនេះមានសោភណ្ឌភាពនិងបរិស្ថានល្អ សមជាទីក្រុងដែលជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជា។

ពាក់ព័ន្ធនឹងការឃោសនារបស់បក្សនយោបាយថា បើគណៈបក្សគេឈ្នះឆ្នោតជាមេឃុំ សង្កាត់ នឹងផ្តល់ថវិកាសម្រាប់អភិវឌ្ឍន៍មូលដ្ឋានសង្កាត់ចំនួន៥០ម៉ឺនដុល្លារអាមេរិកក្នុងមួយឆ្នាំនោះ លោកឃួង ស្រេងបញ្ជាក់ថា សម្រាប់សង្កាត់ទឹកថ្លា មួយឆ្នាំ មែនត្រឺមតែ ចំណាយលុយចំនួន៥០ម៉ឺនដុល្លារប៉ុណ្ណោះទេ គឺបានចំណាយរហូតដល់ជិត៣លានដុល្លារឯណោះ ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធនានានៅក្នុងមូដ្ឋាន។

លោកសាំ​ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានមានប្រសាសន៍ថា ក្នុងយុទ្ធនាការរំដោះទឹកជន់លិចក្នុងរាជធានីភ្នំពេញ ក្នុងរយៈពេល៣ឆ្នាំចុងក្រោយ គឺឆ្នាំ២០១៤ ឆ្នាំ២០១៥ ឆ្នាំ២០១៦ រដ្ឋ​បាលរាជធានីភ្នំពេញ បានដាក់ចេញបណ្តាញលូមេសរុបបានប្រវែង ៣៨០គីឡូម៉ែត្រ ហើយជាលទ្ធផលក្នុងខណ្ឌចំនួន៤ ក្នុងក្រុង គឺខណ្ឌចំការមន ខណ្ឌដូនពេញ ខណ្ឌ៧មករា និងខណ្ឌទួលគោក បានកាត់បន្ថយការជន់លិចដោយទឹកភ្លៀងបានប្រមាណ៧០ភាគរយ នៃការជន់លិច។

ជាក់ស្តែងតំបន់ធ្លាប់រងការលិចលង់ធ្ងន់ធ្ងរ តាមរយៈពេលយូរ ចំនួន៣២ទីតាំង ត្រូវបានកាត់បន្ថយការលិចលង់ មិនលិចទឹកដូចមុនឡើយ ដោយប្រើពេលទឹកស្រកអស់ពីសាច់ផ្លូវ ត្រឹម១៥នាទី ទៅ១ម៉ោងនិង៣០នាទី ក្រោយពេលភ្លៀង គឺទឹកស្រកអស់មានរយៈពេលខ្លីបំផុត ប៉ុន្តែបើកម្រិតទឹកភ្លៀងក្រោម៣០មិល្លីម៉ែត្រ ក្នុង១ម៉ោង នឹងមិនរងការលិចទឹកទេ។ ទីតាំងសំខាន់ៗដែលធ្លាប់លិចទឹក ហើយបានដោះស្រាយរួច រួមមាន តំបន់ផ្លូវហ្សាលដឺហ្គោល តំបន់មុខព្រះបរមរាជវាំង តំបន់អូរឬស្សី ផ្លូវសុកហុក រង្វង់មូលសំពៅមាស មុខវត្តមហាមន្រ្តី ផ្សារទួលទំពូង មុខស្ថានទូតចិន ស្តុបផ្សារដេប៉ូ ស្តុបម៉ុងឌីយ៉ាល់ មុខអាំងទែរកុងទីណង់តាល់ ផ្លូវត្រសក់ផ្អែម បឹងកេងកង តំបន់ព្រឹទ្ធសភា ផ្លូវប៉ាស្ទ័រក្រោយវិទ្យាល័យព្រះស៊ីសុវត្ថិ មហាវិថីព្រះមុនីវង្សមុខមន្ទីរពេទ្យកាល់ម៉ែត ។ល។ ទីតាំងសេសសល់ ដូចជា តំបន់មុខវិទ្យាល័យឥន្ទ្រទេវី មុខផ្សារមាន់អាំង នឹងដោះស្រាយបាននៅក្នុងខែសីហា ក្រោយពីស្ថានីយ៍បូមទឹកទួលគោកទី១ (ត្រឡោកបែក) ដាក់ឲ្យដំណើរការនាពេលខាងមុខ។

លោកបានបន្តថា ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ បានស្ថាបនាស្ថានីយ៍បូមទឹកថ្មីចំនួន៤កន្លែង គឺស្ថានីយ៍បូមទឹកបឹងត្របែក ស្ថានីយ៍បូមទឹកទួលគោកទី១ ស្ថានីយ៍បូមទឹកទួលគោកទី២ និងស្ថានីយ៍បូមទឹកព្រះពន្លា ដែលសុទ្ធតែមានសមត្ថភាពបូមទឹក កើន៣ដង ធៀបនឹងសមត្ថភាពបូមទឹកចាស់ ហើយក្នុងឆ្នាំ២០១៧នេះ រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងចាប់ផ្តើមសាងសង់ស្ថានីយ៍បូមទឹក ចំនួន២កន្លែងទៀត គឺស្ថានីយ៍បូមទឹកបុរី១០០ខ្នង ដែលបើកការដ្ឋានថ្ងៃនេះ នឹងស្ថានីយ៍បូមទឹកលូ៥។ ដោយឡែកស្ថានីយ៍បូមទឹកបុរី១០០ខ្នង បច្ចុប្បន្ន មានម៉ាស៊ីនបូមទឹកប្រើប្រេងម៉ាស៊ូតទំហំ ០,៥ម៉ែត្រ ចំនួន២គ្រឿង ដែលមានអាយុកាលយូរយារណាស់ហើយ មានសភាពចាស់ទ្រុឌទ្រោម ម៉ាស៊ីនខូចជួសជុលជាញឹបញ៉ាប់ និងមានសមត្ថភាពបូមទឹកខ្សោយ ត្រឹមតែ០,៥ម៉ែត្រគូបក្នុងមួយវិនាទី ក្នុងមួយវិនាទីប៉ុណ្ណោះ ក្នុងពេលមត្រូវការជាក់ស្តែងត្រូវការបូមទឹក ២,៨ម៉ែត្រគូប ក្នុងមួយវិនាទី លើផ្ទៃរងទឹកភ្លៀងហូរចូលប្រឡាយសម្រាប់ស្ថានីយ៍បូមទឹកនេះ មានរហូតដល់១២៧ហិកតា ជាហេតុបណ្តាលឲ្យទឹកលិចជារៀងរាល់ឆ្នាំ។ ការសាងសង់ស្ថានីយ៍បូមទឹកបុរី១០០ខ្នងនេះ ដើម្បីដោះស្រាយទឹកលិចនៅតំបន់បុរី១០០ខ្នង តំបន់ចន្លោះប៉ែកខាងជើង មហាវិថីសហព័ន្ធរុស្ស៊ី ផ្លូវហាណូយ ផ្លូវរថភ្លើង និងផ្លូវ៥៩៨។

គួរបញ្ជាក់ផងដែរថា សម្រាប់ស្ថានីយបូបទឹកបូរី១០០ខ្នងនៅសង្កាត់ទឹកថ្មា ខណ្ឌសែន សុខនេះ នឹងប្រើប្រាស់វេលានៃការស្ថាបនា ក្នុងរយៈពេល៤ខែ ហើយក្រោយពីស្ថាបនារួច ស្ថានីយនេះនឹង មានសមត្ថភាពបូមទឹកចេញ បាន២,៨ម៉ែត្រគូបក្នុង១វិនាទី។ ក្នុងឱកាសនោះដែរលោក ឃួង ស្រេង ក៏បានជម្រុញអោយប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ជម្រុញការងារស្ថាបនាស្ថានីយបូមទឹកនេះអោយបានលឿន តែបើមិនទាន់ហើយក៏ត្រូវប្រើអស់មធ្យោបាយ ក្នុងការបូមទឹកចេញពីតំបន់នេះជាបណ្តោះអាសន្នសិនដែរ កុំអោយបង្កការលិចលង់ផ្ទះប្រជាពលរដ្ឋ ដែលយើងមិនបានដោះស្រាយ៕ សំរិត


ចែករំលែក៖