ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធររាជធានីភ្នំពេញកោះហៅម្ចាស់អាជីវកម្មដ្ឋានក្លឹបកំសាន្ត សណ្ឋាគារ, ផ្ទះសំណាក់, ខារ៉ាអូខេ មកប្រជុំដើម្បីរួមគ្នាទប់ស្កាត់បទល្មើសគ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២៥ តុលា ឆ្នាំ ២០១៨ បានកោះប្រជុំជាមួយម្ចាស់ក្លឹបកំសាន្ត,ខារាអូខេ ផ្ទះសំណាក់, បារបារាំង, សណ្ឋាគារលំដាប់ផ្កាយ ក្នុងរាជធានីភ្នំពេញ មកប្រជុំជាមួយសមត្ថកិច្ចពាក់ព័ន្ធនៅសាលារាជធានីភ្នំពេញ ដើម្បីបញ្ជ្រាប ការយល់ដឹង និងទប់ស្កាត់បទល្មើសគ្រឿងញៀន រួមទាំងការចុះកិច្ចសន្យាលើកិច្ច សន្យាសហការ និងធានាអះអាងចូលរួមប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន ។

លោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញបានមានប្រសាសន៍លើកឡើងក្នុងកិច្ចប្រជុំនោះថា ៖ ការទប់ស្កាត់បទល្មើសគ្រឿងញៀនចាំបាច់ត្រូវតែមានការចូលរួម សហការពីម្ចាស់អាជីវកម្មដ្ឋាន, ក្លឹបកំសាន្ត, សណ្ឋាគារ, ផ្ទះសំណាក់ , ខារ៉ាអូខេ ទាំង១៣៨៣ទីតាំងក្នុងរាជធានីភ្នំពេញ និងត្រូវមានការយល់ដឹងពីច្បាប់ស្ដីពីគ្រឿងញៀន។

លោកមាន ចាន់យ៉ាដា ថ្លែងថា ៖ ទីតាំងរបស់អស់លោក លោកស្រី គឺផុយស្រួយណាស់ងាយរអិលចូលទៅក្នុងបទល្មើសគ្រឿងញៀនបើយើងមិនបានយកចិត្តទុកដាក់ទប់ស្កាត់ទេនោះ ។ នេះជាវិធានការថ្មី១ទៀតចំពោះម្ចាស់អាជីវកម្ម ដ្ឋាន, ក្លឹបកំសាន្ត, សណ្ឋាគារ, ផ្ទះសំណាក់ក្នុងការចុះកិច្ចសន្យាចូលរួមទប់ស្កាត់ បទល្មើសគ្រឿងញៀន មានការចែកចាយ, ប្រើប្រាស់ , ជួញដូរជាដើមដែលចាំបាច់ត្រូវមានការចូលរួមសហការពីម្ចាស់ទីតាំងអាជីវកម្ម ។ ដោយឡែកបើម្ចាស់ អាជីវកម្មមានអាញ្ញាបណ្ណ័ហើយក្តីតែប្រព្រឹទ្ធផ្ទុយពីច្បាប់គឺត្រូវប្រឈមមុខច្បាប់ ដូចគ្នា។

អាជ្ញាធរបានកត់សំគាល់ឃើញថា ៖ កន្លងមកនេះ មានម្ចាស់សណ្ឋាគារ,ផ្ទះ សំណាក់, ក្លឹបកំសាន្តនិងម្ចាស់ទីតាំងខារ៉ាអូខេមួយចំនួនមានការធ្វេសប្រហែស មិនបានត្រួតពិនិត្យឲ្យបានម៉ត់ចត់ទៅលើភ្ញៀវដែលចូលស្នាក់នៅក្នុងទីតាំងរបស់ខ្លួន ដូចករណីខ្លះមានក្មេងស្ទាវមិនគ្រប់អាយុជាក្រុមពពាក់ពពូនចូលដេកផ្ទះសំណាក់ជាដើមដែលជាមុខសញ្ញាត្រូវយកចិត្តទុកដាក់ខ្ពស់។ ជាមួយគ្នានេះ ម្ចាស់ទីតាំងក្លឹប កំសាន្ត,ផ្ទះសំណាក់, សណ្ឋាគារក៏ត្រូវត្រួតពិនិត្យបុគ្គលិករបស់ ខ្លួនដែលបំរើការក្នុងទីតាំងអាជីវកម្មរបស់ខ្លួនដូចជាការពិនិត្យទឹកនោមរកសារធាតុជាញៀនជាដើម៕ សំរិត



ចែករំលែក៖